Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស៊ុយ សែម​ជួបសួរសុខទុក្ខ និងផ្ដល់ការឧបត្ថម្ភដល់ អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ក្នុងស្រុកបាកាន

Views: 3

ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ទៅឧបត្ថម្ភដល់ អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ក្នុងស្រុកបាកាន ដើម្បីសម្ដែងការនឹករលឹក និងដឹងគុណចំពោះបងប្អូន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន កាលសម័យសង្គ្រាម កន្លងមកនេះ។

ពិធីនេះប្រារព្ធធ្វើ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន ដោយមានការ អញ្ជើញចូលរួមពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉េង ស័ក្កិធារ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកានផងដែរ។

លោក ផាយ ឡេង ជាប្រធានគណៈកម្មាធិការគណបក្សស្រុកបាកាន បានឲ្យដឹងថាៈ គ្រួសារអតីតយុទ្ធជន ដែលមកចូលរួមថ្ងៃនេះ មានចំនួន ៣៥៧ នាក់ ក្នុងនោះគ្រួសារពលី ១២៨ នាក់ គ្រួសារមរណៈ ១៦នាក់ គ្រួសារទីទ័លក្រ ៣១ នាក់ និងគ្រួសារក្រីក្រ ១៨២ នាក់។

ក្នុងឱកាសនោះ លោក ស៊ុយ សែម បានមានប្រសាសន៍ថាៈ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា មិនមែនដល់ពេលបោះឆ្នោត បានមកជួបនោះទេ យើងបានចងក្រងគ្នា ជាបណ្ដាញ និវត្តជន បណ្ដាញអតីតយុទ្ធជន បណ្ដាញគ្រូបង្រៀន បណ្ដាញសមាគមនារី និងបណ្ដាញ ផ្សេងៗទៀត ដើម្បីដឹងសុខដឹងទុក្ខគ្នា ជួយគ្នាទៅវិញទៅមក ព្រមទាំងបានកំណត់ពេល ជួបគ្នា ក្នុងមួយឆ្នាំ ២ដង គឺមុនពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ការជួបគ្នាជាមួយសមាគមអតីតយុទ្ធជនស្រុកបាកាននេះ គឺជាលើកទី៣ ហើយ ក្នុងដើមឆ្នាំ២០២៣នេះ ហើយនឹងជួបគ្នាជាលើកទី៤ ទៀត នៅមុនពេលបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

លោក ស៊ុយ សែម បានមានប្រសាសន៍ថាៈ ការជួបគ្នានេះ គឺជាកាយវិការមនុស្សធម៌ ការស្រលាញ់ ការអាណិត ដែលយើងផ្សាភ្ជាប់បេះដូងជាមួយគ្នា តាំងពីដើមមក ពិសេសគឺ ធ្វើតាមបណ្ដាំអនុសាសន៍ របស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលឲ្យមន្ត្រីចុះមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរ ដល់បងប្អូននិវត្តជន អតីតយុទ្ធជន ចាស់ជរាគ្មានទីពឹង និងគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ជាដើម ។ V / N

Post navigation