Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស៊ុយ សែម​នាំយកសម្ភារៈសិក្សា ជូនសិស្សានុសិស្ស ១.០០០ នាក់ ក្នុងស្រុកកណ្តៀង

Views: 6

ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ និងលោកស្រី ជា ខេង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួប សំណេះសំណាល និងនាំយកសម្ភារៈសិក្សា ព្រមទាំងថវិកា ដែលទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុន CHINA  DATANG Corporation ជូនដល់ចៅៗ សិស្សានុសិស្ស សរុបប្រមាណ ១.០០០ នាក់ មកពីសាលាបឋមសិក្សា នទីសេដ្ឋា និងវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ។

ពិធីនេះត្រូវបានរៀបចំធ្វើឡើង ក្នុងបរិវេណវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមផងដែរពី តំណាងក្រុមហ៊ុន CHINA  DATANG Corporation និងលោក ងួន ប៉ោងសេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ។

លោក WANG JUNWEI អភិបាលក្រុមហ៊ុន C.H.D (CAMBODIA) HYDROPOWER DEVELOPMENT (គម្រោងវារីអគ្គិសនីស្ទឹងអាតៃ) និងក្រុមហ៊ុន CAMBODIAN POWER GRID ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន CHINA DATANG CORPORATIO បានឱ្យដឹងថាៈ រយៈពេល ១៥ឆ្នាំ ក្នុងប្រត្តិបត្តិការ នៅប្រទេសកម្ពុជា ក្រុមហ៊ុនមានចក្ខុវិស័យ និងរីករាយ ក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍន៍ប្រទេស កម្ពុជា ជួយដល់ការងារសង្គមផ្សេងៗ ជាពិសេសគឺ លើវិស័យអប់រំ កន្លងមក ក្រុមហ៊ុន បានផ្តល់ការងារជូនដល់យុវជនខ្មែរ ជាច្រើនកន្លែង ហើយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងត្រូវការ ជ្រើសរើសយុវជនខ្មែរ ចំនួន ៣៥ នាក់បន្ថែមទៀត ដែលរៀនជំនាញអគ្គិសនី ដើម្បីចូលបម្រើការងារផងដែរ ​។

ក្នុងឱកាសនោះដែរ លោក ស៊ុយ សែម បានមានប្រសាសន៍ថា៖ កាលពី ៧០ ឆ្នាំមុន លោកក៏ធ្លាប់ជាសិស្ស រៀននៅទីតាំងសាលាបឋមសិក្សា នទីសេដ្ឋានេះដែរ ដែលកាលនោះ មានតែថ្នាក់ ៣ កំរិតទេ បើចង់រៀនកំរិតបន្ត ត្រូវទៅរៀនសាលាឆ្ងាយពីផ្ទះ  ​ហើយចង់បន្តកំរិតវិទ្យាល័យ ត្រូវមករៀននៅទីរួមខេត្តពោធិ៍សាត់ ទីរួមខេត្ត
បាត់ដំបង ឬបន្តទៅរាជធានីភ្នំពេញ តែបច្ចុប្បន្ន ចៅៗ ពិតជាមានសំណាងណាស់ ដែលនៅទីនេះ មានដល់កំរិតវិទ្យាល័យ មិនពិបាកទៅរៀន ដល់ទីរួមខេត្ត ហើយមានទាំងអគារសិក្សាល្អៗ បណ្តាល័យធំទូលាយទៀតផង។ ដូចនេះសូមចៅៗ យកចិត្តទុកដាក់រៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្ស ដែលមានចំណេះ ជំនាញ អាចជួយខ្លួនឯង ជួយគ្រួសារ ជាពិសេស គឺរួមចំណែកក្នុងការកសាងសង្គមជាតិយើង ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។ សូមចៅៗ ក្មួយៗ កុំយកពេលក្នុងវ័យសិក្សា ទៅបំផ្លាញចោល ដោយការប្រព្រឹត្តអំពើអបាយមុខ កាប់ចាក់គ្នាបងតូចបងធំ សេពគ្រឿងញៀន ដែលនាំមកនូវសេចក្តីវិនាសអន្តរាយ បំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះដែរ លោក ស៊ុយ សែម បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុន CHINA DATANG CORPORATIO ដែលជានិច្ចកាលតែងតែ ផ្តល់ជាសម្ភារៈសិក្សា និងថវិកាជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់នេះ ៕ V / N

Post navigation