Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ស៊ុយ សែម អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់​រដ្ឋបាលខេត្តពោធិ៍សាត់

Views: 7

ដោយៈ សុក្ខារិន / ពោធិសាត់ៈ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅ ការងារ ឆ្នាំ២០២៣ របស់​រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ មីនា ២០២៣ នៅសាលាខេត្តនេះ។

ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើសេចក្ដីរាយការណ៍ អំពី​លទ្ធផល​នៃ​ការគ្រប់គ្រង ដឹកនាំកិច្ចការរដ្ឋបាល ការអភិវឌ្ឍលើគ្រប់វិស័យ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត​ខេត្តពោធិ៍សាត់ នាឆ្នាំ២០២២ កន្លងមក ។

លោក ស៊ុយ សែម បានសម្តែង​នូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ​ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច​ បានយ៉ាងល្អប្រសើរ ប្រកប​ដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើន គួរឲ្យកត់សម្គាល់។ កិច្ចខិតខំប្រឹងប្រែងរួមគ្នា យ៉ាងសកម្មទាំងនេះ បានរួមចំណែក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឲ្យកាន់តែរឹងមាំ ប្រកប​ដោយ​ចីរភាព និងបរិយាប័ន្ន។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ប្រទេសយើង បានដាក់ចេញនូវវិធានការ​គ្រប់គ្រង ឆ្លើយតបនឹងវិបត្តិ ក៏ដូចជាបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្តារផល ប៉ះពាល់នានា មកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ បណ្តាល មកពីការឆ្លងរាតត្បាត​ជាសកលនៃជំងឺកូវីដ-១៩, ការប្រែប្រួ​អាលកាសធាតុ ដែលបង្កឲ្យ មានគ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើង ស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស។

ក្នុងនាមរាជរដ្ឋាភិបាល លោក ស៊ុយ សែម  បានណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការ ងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវខិតខំពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពសង្គម។ ការពារឲ្យបានបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ព្រះមហាក្សត្រ​ របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការ បោះឆ្នោត បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារ និងលើកស្ទួយ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន​លើគ្រប់វិស័យ។ បន្តខិតខំពង្រឹង​កម្លាំងប្រជាការពារ ឲ្យមានចំនួន​សមស្រប​តាមភូមិសាស្ត្រ, ទប់ស្កាត់ការជួញដូរ ប្រើប្រាស់ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ យុវជន ដើម្បីទាំងអស់គ្នាជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

ចំពោះគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏ចម្បងក្នុងសង្គម  ដូច្នេះសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវរៀបចំសណ្តាប់ឆ្នាប់តាមដង​ផ្លូវសាធារណៈ ទីប្រជុំជន ជាពិសេសតាមតំបន់រោងចក្រ សហគ្រាសនានា ដើម្បីសម្រួល ដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ បង្កើនការប្រុងប្រយ័ត្ន អគ្គិភ័យ ឆេះផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា, យកចិត្តទុកដាក់ ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលករបរទេស ក្នុងដែលសមត្ថកិច្ច របស់ខ្លួន។ យកចិត្តទុកដាក់លើការកសាងសមត្ថភាព និងការផ្តល់ការគាំទ្រដល់មន្រ្តី បង្គោល សំខាន់ៗ នៅថ្នាក់មូលដ្ឋាន រួមមាន មេឃុំ ចៅសង្កាត់ ស្មៀន ប្រធានភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្រ្តីសុខាភិបាលបម្រើការងារតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករដ្ឋ សាលារដ្ឋគ្រប់កម្រិតនៅតាមមូលដ្ឋានឲ្យគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព មិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ ។

ក្នុងឱកាសនោះ ក៏មានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនដល់សមាជិក ក្រុមប្រឹក្សា និងមន្ត្រីសាលាខេត្តផងដែរ៕ V / N

Post navigation