Views: 4
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូ បានបញ្ជាក់ថា កីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាស កីឡាស៊ីហ្គេមឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ចម្ងាយ ១.៥០០ ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩។
កីឡាកររូបនេះ បានបំបែកកំណត់ត្រាជាតិថ្មី បន្ទាប់ពីរូបគេ ប្រើថិរៈវេលា ៣នាទី និង ៥៩វិនាទី៩៧ បំបែកកំណត់ត្រាចាស់ របស់កីឡាករ ញៀ ខៃ ដែលប្រើថេរៈវេលា៤នាទី និង ១វិនាទី ក្នុងព្រឹត្តិការណ៍ SEAP Games លើកទី៣ ឆ្នាំ១៩៦៥។
ម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះ បានបញ្ជាក់ថា ខ្លួនបានបំបែក កំណត់ត្រាជាតិ (National Record) សម្រាប់វិញ្ញាសារត់ចម្ងាយ ១.៥០០ ម៉ែត្រនេះ បន្ទាប់ពីគេប្រើថិរវេលា ៣នាទី និង ៥៩វិនាទី៩៧ ដែលបំបែកកំណត់ត្រា ចាស់ របស់គ្រូបង្វឹកខ្លួនលោក គៀង សាម៉ន ដែលធ្លាប់ប្រើថិរវេលា ៤នាទី និង ៣វិនាទី ដែលលើវិញ្ញាសាដូចគ្នា កាលពីជិត ១០ ឆ្នាំមក។ នេះជាការបំបែកកំណត់ត្រាជាតិថ្មី សម្រាប់វិញ្ញាសារត់ចម្ងាយ ១.៥០០ ម៉ែត្រ ជាប្រវត្តិសាស្រ្ត រយៈពេល ៥៨ ឆ្នាំ កន្លងមក។
ឈុន ប៊ុនថន មិនទាន់បញ្ចប់ភារកិច្ច ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ ឆ្នាំ ម្ដងនេះទេ ដោយគេនៅសល់ ១វិញ្ញាសាទៀត ពោលគឺវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែល ប៊ុនថន ដណ្ដើមបានមេដាយមាស ស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងធ្វើការប្រកួត នាថ្ងៃទី ២ ខែតុលា ស្អែកនេះ។ វិញ្ញាសារត់ ៨០០ម៉ែត្រនេះ ប៊ុនថន ធ្លាប់ឈរចំណាត់ថ្នាក់លេខ១១ ក្នុងការប្រកួតជើងឯកអាស៊ី នៅថៃ កាលពីពេលថ្មីៗនេះ ៕/V-PC

