Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ដួង មាសចំរើន៖ ការប្រកួតនេះ មានគោលបំណងផ្តល់ឱកាស លើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់ អត្តពលិកអត្តពលកម្ម និងយុវជន

Views: 15

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន កីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ការរៀបចំ ការប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ធ្វើឡើងក្នុងគោល បំណង ដើម្បីផ្តល់ឱកាស និងលើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់កីឡាករ-កីឡា ការិនី អត្តពលកម្ម យុវជនសំដៅជំរុញឲ្យសមាគមក្រសួង មន្ទីរ និងក្លិបកីឡាអត្តពលកម្ម ជាសមាជិក ។

លោកបានបន្តថា ការចូលរួមជំរុញឲ្យសមាគមក្រសួង មន្ទីរ និងក្លិបកីឡាអត្តពលកម្ម ជាសមាជិក ដកស្រង់បទពិសោធន៍ បំផុស ផ្សព្វផ្សាយ និងប្រកួតបង្កើនគុណផល បច្ចេកទេស ឲ្យបានល្អប្រសើរ ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអត្តពលកម្មថ្នាក់តំបន់ និងពិភពលោក នាឆ្នាំបន្ទាប់ៗ ដូចជាការប្រកួតកីឡាសិស្សអាស៊ាន និងការប្រកួតជ្រើស រើសជើងឯកបើកទូលាយ ថ្នាក់តំបន់ និងពិភពលោកនានា ពិសេសគឺបង្កើនគុណផល បច្ចេកទេស សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី នាឆ្នាំ២០២៩ ដែលព្រះរាជា ណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។

លោក ដួង មាសចំរើន បានបន្តថា លើសពីនេះទៀត កីឡាអត្តពលកម្ម​គឺជាប្រភេទកីឡា អាទិភាពមួយ ដែលមានវិញ្ញាសាច្រើន ក្នុងការផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនី អាចមានជម្រើសចាប់ យកវិញ្ញាសាណាមួយ ទៅតាមទេពកោសល្យ ដែលខ្លួនមាន និងស្រលាញ់ចូលចិត្ត ដើម្បីហាត់ហ្វឹកហ្វឺន ទទួលបានលទ្ធផលល្អប្រសើរ​និងទទួល បានមេដាយច្រើនបើប្រៀបធៀបទៅនឹងប្រភេទកីឡាផ្សេងៗ ទៀត។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានយកចិត្តទុក ដាក់ខ្ពស់ក្នុងការកែទម្រង់ស៊ីជម្រៅការប្រកួតកីឡាគ្រប់ប្រភេទ​និងក៏​បានវិមជ្ឈការថវិកាគាំទ្រដល់ សហព័ន្ធកីឡាជាតិ ដើម្បីរួមចំណែកក្នុងការពង្រឹងការងារ រដ្ឋបាល បណ្តុះបណ្តាលធនធានមនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធកីឡា និងបានកែទម្រង់ ការប្រកួតកីឡាថ្នាក់ជាតិ ពីកម្រិតបឋម មធ្យម ឧត្តមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំ និងបានរៀបចំការប្រកួតកីឡាជាតិ (National GAMES) ការប្រកួតកីឡាសិស្ស ថ្នាក់ជាតិ (National School GAMES) និងការប្រកួតកីឡាសាកល វិទ្យាល័យ ថ្នាក់ជាតិ (National University GAMES) រៀងរាល់ពីរឆ្នាំម្តង ដើម្បីពង្រឹងសមត្ថភាព កីឡាករ កីឡាការិនី ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ថ្នាក់ជាតិ និងអន្តរជាតិនានា ក្នុងន័យលើក ស្ទួយវិស័យកីឡា រួមចំណែកក្នុងការកសាង ធនធានមនុស្ស និងសង្គមជាតិ ព្រោះថាកីឡាកសាង មនុស្ស មនុស្សកសាងជាតិ។

ជាថ្មីម្តងទៀត លោកបានយកឱកាសនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត សមាគម ក្រសួង មន្ទីរ និងក្លិបកីឡាអត្ត ពលកម្ម រាជធានី ខេត្ត ដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតព្រមទាំងសហការ ជាមួយគណៈកម្មការរៀបចំការប្រកួត បានល្អប្រសើរ ធ្វើឱ្យយើងជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើម ឆ្នាំ២០២៣ នេះ។ លោកក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ថវិកាគាំទ្រ ដល់សហព័ន្ធរៀបចំការប្រកួតនេះ និងសូមអរគុណ ចំពោះក្រុមហ៊ុន សប្បុរសជននានា ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ វិស័យកីឡា ក៏ដូចជាអភិវឌ្ឍសង្គម៕/V/r

Post navigation