Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក វន ស៊ីផា មកកាន់តំណែងជា អភិបាលស្រុកកំពង់ត្រឡាច ជំនួសលោក ឈឹម វទ្ធា ដែលបានឡើងតំណែង ជាអភិបាលរងខេត្តកំពង់ឆ្នាំង

Views: 11

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោក វន ស៊ីផា ជាអភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រឡាចថ្មី ជំនួសលោក ឈឹម វទ្ធា ដែលបានឡើងកាន់ តំណែង ជាអភិបាលរងខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ធ្វើថ្នាក់ដឹកនាំ មិនត្រូវកើតជំងឺតួឯក ធ្វើអ្វីចេះតែត្រូវ រឹងរូស មិនស្តាប់អ្នកជុំវិញខ្លួន គឺមិនទទួលជោគជ័យ នោះទេ ប៉ុន្តែការប្រើភាពស្មោះត្រង់ ទទួលយកការផ្តល់មតិ ពីអ្នកជុំវិញខ្លួន ទើបមាន សេចក្តីសុខ ទាំងខ្លួនយើង ជាថ្នាក់ដឹកនាំ និងសុខទាំងមន្ត្រីរាជការ​ដែលនៅជុំវិញយើង។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានបន្តថាៈ ស្រុកកំពង់ត្រឡាច គឺជាស្រុកមួយដែលមាន ទំនាស់ច្រើនជាងបណ្តាស្រុកដទៃ គឺមាន រហូតដល់ ៤៨៤​ ករណី ប៉ុន្តែរដ្ឋបាលស្រុក កំពង់ត្រឡាច អាណត្តិចាស់ បានខិតខំដោះស្រាយ បាន ៤៤៤ ករណី នៅសល់ ២៣ ករណី នៅមិនទាន់បានដោះស្រាយ និង ៧ ករណី កំពុងតែបន្តការដោះស្រាយ។

ក្រៅពីដោះស្រាយបញ្ហាលើបញ្ហាទំនាស់ទាំងនេះ រដ្ឋបាលស្រុកកំពង់ត្រឡាច អាណត្តិចាស់ ក៏បានខិតខំបង្ក្រាបបទល្មើសនេសាទ និងបទល្មើសនានា ជាមួយ សមត្ថកិច្ចជំនាញ ដែលធ្វើបទល្មើសមានការថយចុះ ។ អ្វីដែលចង់បញ្ជាក់នៅពេលនេះ គឺចង់ឲ្យអភិបាលស្រុក ដែលទើបចូលកាន់តំណែងថ្មី បន្តខិតខំប្រឹងប្រែងនូវសកម្មភាព នេះជាបន្តទៀត ។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើដល់លោកអភិបាលស្រុក កំពង់ត្រឡាច ដែលទើបនឹងចូលកាន់តំណែងថ្មី ត្រូវខិតខំរិតចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធ្វើការងារ បម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយចុះដោះស្រាយនូវ បញ្ហាដែលពួកគាត់ជួបទុក្ខលំបាក ទាន់ពេលវេលា ដោយប្រើមធ្យោបាយចុះដល់ មូលដ្ឋាន ឱ្យកៀកនឹងប្រជាពលរដ្ឋ ទើបដឹងសុខទុក្ខ នូវអ្វីដែលពួកគាត់ចង់បាន ត្រូវពង្រឹកផ្នែក សន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ។

ជំរុញចលនាមហាជន និង ប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានា ក្នុងមូលដ្ឋានគ្មានចោរកម្ម គ្មានល្បែងស៊ីសង គ្មានក្មេងទំនើង និងគ្រឿងញៀនជាដើម ។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះ គឺត្រូវបានប្រកាសលោក វន ស៊ីផា ផ្លាស់ប្ដូរពីអភិបាល ស្រុកសាមគ្គីមានជ័យ មកកាន់តំណែងជា អភិបាលស្រុកកំពង់ត្រឡាចថ្មី ជំនួសលោក ឈឹម វុទ្ធា ដែលត្រូវបាន ប្រកាសឡើងកាន់តំណែង ជាអភិបាលរង ខេត្តកំពង់ឆ្នាំង៕/V

Post navigation