Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ខូយ រីដា ធ្វើដំណើរតាមឧទ្ធម្ភាចក្រពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់

Views: 4

ដោយ:សុក្ខារិន/ពោធិ៍សាត់: នៅថ្ងៃទី៣០កញ្ញា២០២៣នេះលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់បានធ្វើដំណើរតាមឧទ្ធម្ភាចក្រដើម្បីពិនិត្យអំពីស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់និងបង្កការខូចខាតផលដំណាំ ភូមិឋាននិងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងពោធិ៍សាត់និងស្រុកកណ្តៀង។

លោក ខូយ រីដា  បានជម្រាបលោកទេសរដ្ឋមន្ត្រីក្នុងឱកាសពិនិត្យស្ថានភាពទឹកជំនន់នៅលើឧទ្ធម្ភាចក្រនោះថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់បាននិងកំពុងទទួលរងគ្រោះ ពីជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចលង់តំបន់មួយចំនួនក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ និងបន្តហូរធ្លាក់ទៅវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមខ្នងប្រឡាយ មាត់ស្ទឹង និងជាយៗ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង។

ស្ថិតក្នុងស្ថានភាពបែបនេះ លោក ខូយ រីដា  បានដឹកនាំកម្លាំងសរុប មធ្យោបាយសរុប ចលនាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្អូនៗយុវជនគ្រប់អង្គភាព បែងចែកកម្លាំងគ្នាចុះអន្ដរាគមន៍ ជួយទប់ទឹក ជម្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព និងនាំយកស្បៀងទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់គ្រប់ទីកន្លែង។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ថា បច្ចុប្បន្នភាពជំនន់ទឹកភ្លៀង បាននឹងកំពុងវាយប្រហារ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដោយហៀរលើខឿនមាត់ស្ទឹង ហូរច្រោះទំនប់មាត់ស្ទឹងលិចផ្លូវកៅស៊ូ គ្រួសក្រហម សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមខ្នងប្រឡាយមាត់ស្ទឹង ជាយៗក្រុង និងមានការហូរច្រោះ កាត់ផ្តាច់ស្ពាន និងផ្លូវថ្នល់មួយចំនួន។

លោកប្រធានមន្ទីរបានបន្តថា បើទោះបីកម្ពស់ទឹកស្ទឹងវាលវែង បានស្រកចុះច្រើនក៏ពិតមែន ពោលកម្ពស់ទឹកព្រឹកនេះ ១ម៉ែត្រ(ប្រកាសអាសន្ន ១០ម៉ែត្រ) ក៏ប៉ុន្តែទឹកនៅតែបន្តហូរធ្លាក់តាមស្ទឹងក្រវាញ .៧ម៉ែត្រ (ប្រកាសអាសន្ន ៦ម៉ែត្រ) និងដាក់សម្ពាធខ្លាំងមកស្ទឹងពោធិ៍សាត់ .៦០ម៉ែត្រ (ប្រកាសអាសន្ន ៥ម៉ែត្រ) ទឹកបានស្រក.០៤ម៉ែត្រ។

យោងតាមរបាយការណ៍បឋម របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្តីពីផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងបង្កឱ្យជន់លិច ៤ក្រុង/ស្រុក រួមមាន៖ ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង និងប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន២១ និង៦៩ភូមិ។

ផលប៉ះពាល់បឋមរួមមាន៖ ប្រជាពលរដ្ឋចំនួន ,៤១០គ្រួសារ ស្មើនឹង២,៧៨៥ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៥៩៨នាក់, ខូចខាតផ្លូវចំនួន៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង, ខូចខាតដំណាំស្រូវចំនួន៥៤៤.២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា(ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ ចំនួន៥៤៨ហិកតា(ក្រូចពោធិ៍សាត់, ធូរ៉េន, សាម៉ាវ, តាង៉ែន និងចេក), ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈមួយចំនួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ គេឃើញមានវត្តមានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការ​​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពដោយផ្ទាល់ និងរួមគ្នាដាក់ចេញវិធានការជួយប្រជាពលរដ្ឋរងគ្រោះ។

នេះជាការឆ្លើយតប តាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានណែនាំដល់បណ្តាអភិបាលខេត្តពាក់ព័ន្ធ ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕Srn

Post navigation