Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស សុខា : ក្រោមមគ្គុទ្ទេសក៍​ដ៏ឆ្នើម និងប្រកបដោយ​គតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាវាកម្ពុជាបានរីកចម្រើន និងកំពុងបោះ​ជំហានទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ

Views: 1

ដោយ: មុនីរ័ត្ន/ភ្នំពេញ៖ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានបញ្ជាក់ថា ក្រោម​មគ្គុទ្ទេសក៍ដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាវាកម្ពុជាបានរីកចម្រើន និង​កំពុងបោះជំហានទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រជាជនរស់នៅមានសុខ​សន្តិភាព​ពេញលេញ វឌ្ឍនភាពសង្គម សិទ្ធិសេរីភាព លទ្ធប្រជាធិតេយ្យ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ និងរក្សាបាននូវ​កំណើនសេដ្ឋកិច្ច ដើម្បីបង្ហាញកិត្តិស័ព្ទព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្ពស់​ត្រដែតលើឆាកអន្តរជាតិ។

ការបញ្ជាក់នេះ ក្នុងពិធីបិទកម្មវិធីប្រកួតផ្តាច់ព្រ័ត្រការប្រកួតរូបថត​កាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កាយរឹទ្ធិ-អរគុណសន្តិភាព” នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២៣ ។

លោក ស សុខា បានបន្តទៀតថា ទន្ទឹមគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើ “គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤” ធានាការអប់រំមានគុណភាព ប្រកបដោយ​សមធម៌ បរិយាបន្ន និងបានលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់​ទាំងអស់គ្នា ព្រមទាំងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពលើយុទ្ធសាស្ត្រ​កំណែ​ទម្រង់វិស័យ អប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ ដើម្បីចូលរួមគាំទ្រ​ដល់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលបានគាំទ្រដល់ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានលើកទឹកចិត្តដល់​យុវជនទាំង​អស់ ដែលជាកាយរឹទ្ធិជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹង​សមត្ថភាព​របស់ខ្លួនជាប្រចាំ ឱ្យឆ្លើយតបតាមទស្សនាទានរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា “យុវជនកម្ពុជាមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” និងត្រូវមានបំណិនវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយ​សម្បទា ដើម្បីឱ្យមានសមត្ថភាពច្បាស់លាស់ក្នុងការប្រកួតប្រជែង​ទីផ្សារ​ការងារ និងបង្កើតមុខរបរសមរម្យក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ។

លោកស សុខា បានគូសបញ្ជាក់ថា ជាការពិតណាស់ការអភិវឌ្ឍជាតិមាតុភូមិ និងរក្សាបាននូវនិរន្តរភាពនៃការរីកចម្រើនក្នុងសង្គមជាតិ ពិតជាមិនអាច​កាត់ផ្ដាច់បានពីការចូលរួមពីកម្លាំងមហាជន ពិសេសកម្លាំងយុវជនកម្ពុជា ដែលជាកម្លាំងចលករមួយដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន។ យុវជនគ្រប់រូបមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងបន្តវេនក្នុង​បុព្វហេតុជាតិមាតុភាពដ៏មានប្រសិទ្ធភាព ដែលជាមូលដ្ឋាននៃការរក្សា​សុខសន្តិភាព និងការរីកចម្រើនសង្គមជាតិ។ ដើម្បីរួមចំណែក​កសាងកម្លាំង​បន្តវេនដ៏មានសារៈសំខាន់នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ​គោល​នយោបាយ និងកម្មវិធីអភិវឌ្ឍន៍​សមត្ថភាពដល់គ្រប់ស្រទាប់​យុវជន​ក្នុងសង្គម តាមរយៈផលិតបាននូវកម្មវិធីយុវជន គាំទ្រដល់ការអប់រំ​ក្នុង​ប្រព័ន្ធរបស់ក្រសួង សំដៅធ្វើយ៉ាងណាឱ្យយុវជនទាំងអស់មានសក្ដានុពល ពេញលេញលើកាយសម្បទា (Physical Fitness) ជំនាញទន់ (Soft Skils) បំណិនជីវិត (Life Skils) ការច្នៃប្រឌិត(Creativity) បំណិនរស់នៅនិងធ្វើ​ការជាក្រុម(Teamwork) មានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍រស់នៅរបស់ខ្លួន។

លោកបានបន្តទៀតថា ដើម្បីទទួលបានធនធានយុវជនមានសក្តានុពល​ដូចបានលើកឡើងខាងលើ ក្រសួងអប់រំ បានធ្វើទំនើបកម្មវិធីអភិវឌ្ឍន៍​សមត្ថភាពយុវជន តាមរយៈវិធីសាស្ត្របែបចម្រុះ ការសិក្សាបែបអនុវត្ត​ជាក់ស្តែង(learning by Doing) និងការសិក្សាផ្ដោតលើអនុវត្ត​គម្រោង​(Project-based Learning) ដែលជាថ្នាលបណ្តុះបណ្តាល និងវិធីសាស្ត្រអប់រំយុវជនយ៉ាងមានប្រសិទ្ធភាព៕សរន / N

Post navigation