Views: 1
ដោយ: មុនីរ័ត្ន/ ភ្នំពេញ: លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន១០ ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ។

លោកស្រីប្រធានមូលនិធិ បានមានប្រសាសន៍ថា អណ្តូងទឹកទាំងនេះរួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ចំនួន៥ និងអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន៥ ផ្ដល់ជូនលោកយាយ លោកតានៅទីនេះ ប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។
នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗលោកស្រីប្រធានមូលនិធិ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ថា សម្តេចទាំងទ្វេរលោកតែងតែគិតគូពីទុក្ខលំបាករបស់ប្រជាពលដ្ឋទូទៅ នៅគ្រប់ទីកន្លែង។ ពិសេសការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទអោយមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។
លោកស្រីបន្តថា គិតមកដល់ពេលនេះ ក្រុមការងារបានចុះប្រគល់អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាផ្លូវការជាង១០ឆ្នាំមកហើយ នៅទូទាំងប្រទេស ហើយក៏នៅសល់អណ្តូងទឹកជាច្រើនទៀត គ្រប់ខេត្តក្រុងទាំងអស់ ដែលកំពុងរង់ចាំលោកស្រីចុះធ្វើពិធីប្រគល់ទទួលជាបន្តបន្ទាប់ទៀតផងដែរ។
លោកស្រីបន្តថាដើម្បីអោយការប្រើប្រាស់ នៃអណ្តូងទឹកទាំងនេះបានយូអង្វេង សូមលោកយាយ លោកតា បងប្អូន ដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍៕
លើសពីនោះទៀតលោកស្រីប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ មកពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។ ក្នុងឱកាសនោះមានប្រជាពលរដ្ឋមួយចំនួនមានជម្ងឺប្រចាំការធ្ងន់ធ្ងរ លោកស្រីប្រធាន និងក្រុមគ្រូពេទ្យបានពិភាក្សា និងទទួលពួកគាត់មកព្យាបាលនៅភ្នំពេញជូន ក្រោមការចំណាយទាំងស្រុងពីសំណាក់តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕សរន / N




