Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកស្រី ឱ វណ្ណឌីន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ជនវ័យចាស់ និងអ្នកមានជំងឺប្រចាំកាយ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ទាំងដូសមូលដ្ឋាន និងដូសជំរុញ

Views: 2

ដោយ:បូព៌ព្រឹក្ស/ភ្នំពេញ:ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាជនជាតិភាគតិចជាច្រើននាក់នៅសាលាបឋមសិក្សាសាមគ្គីចុងរាំង លោកស្រីរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា កត្តាដែលមនុស្សវ័យចាស់ និងបុគ្គលដែលមានជំងឺប្រចាំកាយត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនោះ គឺដើម្បីរក្សាប្រព័ន្ធការពាររាងកាយឱ្យនៅក្នុងខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។ ម្យ៉ាងវិញទៀតជនដែលមានជំងឺប្រចាំកាយ ហាក់បីមានប្រព័ន្ធការពារថមថយ ពោលគឺសុខភាពរបស់ពួកគាត់ខ្សោយជាងអ្នកដែលគ្មានជំងឺប្រចាំកាយ ដូច្នេះវ៉ាក់សាំងពិតជាសំខាន់ណាស់សម្រាប់ពួកគេដើម្បីទប់ទល់ពីការវាយលុកនៃវីរុសនេះ។

ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តមណ្ឌលគីរី​ ដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងមួយចំនួន​ ដូចជា៖ សហគមន៍ជនជាតិភាគតិចនៅក្នុងភូមិចុងរាំង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សាលាបឋមសិក្សាដាក់ដាំ និងផ្សារសែនមនោរម្យ នាថ្ងៃទី០២ និងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

នៅទីនោះលោកស្រីប្រធាន​ គ.វ.គ-១៩​ បានសំណេះសំណាល​ និងលើកឡើងនាពេលចុះដល់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីថា មន្ត្រីនគរបាលទាំងអស់ ត្រូវតែចងចាំនូវពេលវេលាដែលខ្លួនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ ដើម្បីបង្កភាពងាយស្រួលក្នុងការទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសបន្តបន្ទាប់ទៀត កុំឱ្យហួសពេល​ ព្រោះថាក្នុងករណីថេរវេលានៃការចាក់ដូសចុងក្រោយ មានគម្លាតយូរពេកលើសពី៦ទៅ៨ខែ ឬរហូតដល់១ឆ្នាំជាង​ ធ្វើឲ្យកងការពារនៅក្នុងខ្លួនយើង ធ្លាក់ចុះស្ទើរតែទាំងស្រុង អាចធ្លាក់ដល់ចំណុចសូន្យ។​ ម្យ៉ាងវិញទៀតចំពោះអ្នកដែលបានជាពីជំងឺកូវីដ-១៩ អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរយៈពេល៣-៤ខែបន្ទាប់ពីជាសះស្បើយ។

លោកស្រីវេជ្ជបណ្ឌិត បន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គឺមានន័យថា ជំរុញកងការពារនៅក្នុងរាងកាយរបស់យើងឲ្យឡើងខ្ពស់ ដើម្បីទប់ទល់នឹងការវាយលុកនៃវីរុសមួយនេះ។ ពិតណាស់ កម្ពុជានាពេលបច្ចុប្បន្នគ្រប់គ្រងការរាត្បាតវីរុសកូវីដ-១៩ បានយ៉ាងល្អប្រសេីរក្រោមការដឹកនាំដ៏បុិនប្រសព្វ​ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តែសម្តេចតេជោនៅតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសបន្តបន្ទាប់​ ព្រោះវ៉ាក់សាំងកូវីដ-១៩​ នៅតែជាឧបករណ៍ដ៏សំខាន់បំផុតសម្រាប់កម្ពុជា ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស​ ហេីយព្រោះថាមេរោគមួយនេះ​ ក៏មិនទាន់ទៅណាឆ្ងាយពីខ្លួនយើងនៅឡើយដែរ។ ម្យ៉ាងវិញទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបានត្រឹមត្រូវតាមកាលកំណត់​ និងប្រេីវ៉ាក់សាំងខ្វែងគ្នា​ នឹងផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងដែលយើងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនូវប្រភេទតែមួយ។

លោកស្រីប្រធាន គ.វ.ក ១៩ បញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យ មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ នៅគ្រប់រាជធានី-ខេត្ត បានធ្វើឲ្យប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន អាចគ្រប់គ្រង និងបេីកដំណេីរការប្រទេសបាន​ ព្រមទាំងជំរុញកំណេីនសេដ្ឋកិច្ច-សង្គមបានឡើងវិញ។

ទន្ទឹមនឹងនេះ​ លោកស្រីរដ្ឋលេខាធិការ គូសបញ្ជាក់យ៉ាងច្បាស់ថា ថ្វីត្បិតប្រទេសកម្ពុជាជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវតែបន្តគោរពវិធានការ ៣ការពារ​ និង៣កុំ​ ទាំងអស់គ្នា និងទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមពេលវេលាកំណត់របស់ក្រសួងសុខាភិបាល នៅគ្រប់ទីតាំងពេទ្យរដ្ឋដែលនៅក្បែរខ្លួនរស់នៅ។

បន្ថែមលើសពីនេះ លោកស្រី ឱ វណ្ណឌីន បានកោតសរសើរ និងវាតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងនាយកសាលាទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្សទាំងអស់ឲ្យមកទទួលបវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្នា និងបានចូលរួមយ៉ាងក្លៀវខ្លាជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នូវការអនុវត្តវិធានការផ្សព្វផ្សាយ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការផ្ទុះរីករាលដាលឡើងវិញនៃវីរុសកូវីដ-១៩។

សូមជម្រាបជូនផងដែរថា បើយោងតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្ននេះទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តមណ្ឌលគិរី គឺមានគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងខេត្តដែលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ទីកន្លែងបាន៕សរន

Post navigation