Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការស្នើជប៉ុនពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយរវាងប្រទេសទាំងពីរដើម្បីកំណត់នូវគោលជំហររួមគ្នា

Views: 4

ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី​បានស្នើដល់ឯកអគ្គរាជទូតជប៉ុនពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនា គោលនយោបាយ (Policy Dialogue)រវាងប្រទេសទាំងពីរដើម្បីកំណត់នូវគោលជំហររួមគ្នា(Common ground) ដើម្បីសម្របនិងបន្ស៊ីគ្នារវាងគោលនយោបាយកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍ថ្មីរបស់ជប៉ុនជាមួយនឹងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជាក្នុងគោលដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងកម្ពុជា -ជប៉ុនកាន់តែរឹងមាំ, គ្រប់ជ្រុយជ្រោយនិងយូរអង្វែងសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

លោក វង្សី វិស្សុត បានលើកឡើងបែបនេះនៅក្នុងឱកាសបានអនុញ្ញាតឲ្យលោក អូអ៊ីណូ អាត់ស៊ូស៊ី (UENO Atsushi)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាចូល ជួបសំដែងការគួរសមនាល្ងាចថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្នុងឱកាសនេះលោក UENO Atsushi បានអបអរសាទរនិងបានសម្តែងនូវស្មារតីសុទិដ្ឋិនិយមថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភានឹងបន្តធានាបាននូវសុខ សន្តិភាព វិបុលភាពនិងការអភិវឌ្ឍជូនប្រជាជនកម្ពុជានិងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ លោកឯកអគ្គរាជទូតបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មក្នុងប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ ។

ជាការឆ្លើយតបលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការមានប្រសាសន៍ថា៖ជប៉ុនជាមិត្តដ៏ល្អ,ជិតស្និតនិងស្មោះត្រង់របស់កម្ពុជាក្នុងគ្រប់កាលៈទេសៈនិងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម បច្ចេកវិទ្យា និង ការអភិវឌ្ឍនានានាពេលកន្លមកនេះ។ លោក បន្តថាបច្ចុប្បន្ន, ទំនាក់ទំនងនិងចំណងមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការនៃប្រទេស​ទាំងពីរត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរហើយត្រូវបានដំឡើងកម្រិតជាដៃគូយុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយ ។ លោកបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល​និងប្រជាជនជប៉ុនដែលបានចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍សង្គម–សេដ្ឋកិច្ចចាប់ តាំងពីដំណាក់កាលស្វែងរកសន្តិភាពរហូតដល់ដំណាក់កាលនៃការស្តារ និងអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកឡើងអំពីអាទិភាពសំខាន់ៗនៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងអាណត្តិ ទី៧នៃរាជរដ្ឋាភិបាល កម្ពុជាដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍ​មូលធនមនុស្ស, ការបង្កើន​ប្រសិទ្ធភាពអភិបាលកិច្ច​និងការលើកកម្ពស់សមត្ថភាពស្ថា ប័នសាធារណៈឱ្យ​កាន់​​តែ​ប្រសិទ្ធភាពខ្ពស់ដើម្បី ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជានិងធានាឱ្យ​បាននូវចីរ​ភាព​​នៃការ​​អភិវឌ្ឍ​​សង្គម​សេដ្ឋកិច្ចសំដៅឈានឆ្ពោះ​ទៅ​​សម្រេច​​មហិច្ឆតាក្លាយ​ជា​ប្រទេស​មានចំណូល​ខ្ពស់នៅ​​ឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងអំពីលទ្ធភាពក្នុងការពង្រឹងសហការជាមួយរដ្ឋាភិបាលជប៉ុនក្នុងការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច,ការកសាងស្ថាប័ន សាធារណៈមួយដែលរឹងមាំនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងជាពិសេសការតាក់តែងច្បាប់និងរៀបចំក្របខណ្ឌ គតិយុត្តដែលមានសង្គតិភាព,ប្រសិទ្ធភាព,ងាយ ស្រួលក្នុងការអនុវត្តនិងព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច។

លោកឯកអគ្គរាជទូតបានកោតសរសើរចំពោះការរៀបចំ«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»ដែលជាឯកសារបង្ហាញផ្លូវយ៉ាងសំខាន់សម្រាប់ការអភិ វឌ្ឍប្រទេសកម្ពុជា, ហើយ បានបញ្ជាក់ថាជប៉ុនមានឆន្ទៈមុតមាំក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានជោគជ័យតាមរយៈការបន្ស៊ីជាមួយនឹងធម្មនុញ្ញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (Development Cooperation Charter)របស់ជប៉ុន ។ ជាមួយគ្នានេះលោកឯកអគ្គរាជទូតក៏នឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុង ការតាមដាននិងវាយតម្លៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»និងមុខងារផ្សេងៗទៀតផងដែរ។

​ក្នុងជំនួបនេះលោក វង្សី វិស្សុត និង លោកឯកអគ្គរាជទូតជប៉ុនបានធ្វើការពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ប្រកបដោយផ្លែផ្កាលើការពង្រឹងនិង​ពង្រីកកិច្ចសហ​​ប្រតិបត្តិការក្នុង វិស័យទូរគមនាគមន៍,ឌីជីថល,សុខភាពសាធារណៈ,ការអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងឡូជីស្ទីក, ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ, ការធ្វើពាណិជ្ជកម្មតាមអេឡិច ត្រូនិកការអភិវឌ្ឍបច្ចេកវិទ្យា ៥G,និងបង្កើតមូលដ្ឋានគ្រប់គ្រងទិន្នន័យ កិច្ចដំណើរការនៃមជ្ឈ មណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (Cambodia-Japan Digital Manufacturing – CJDM) ព្រមទាំងការទាក់ទាញការវិនិយោគផ្ទាល់ពីជប៉ុនផងដែរ។

ជាទិសដៅទៅមុខ,ក្នុងបរិបទដែលសកលលោកកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មសង្គម–សេដ្ឋកិច្ចនិងភាពមិនច្បាស់លាស់នៃស្ថានភាពភូមិ សាស្ត្រនយោបាយលោក ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងលោកឯកអគ្គរាជទូតបានសម្តែងនូវទំនុកចិត្តថាកម្ពុជានិងជប៉ុននឹងបន្តរឹតចំណងមិត្តភាពសម្រាប់ជាប្រយោជន៍ជូនប្រជាជននៃប្រទេសទាំង ពីរទោះបីជាក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ។កម្ពុជានិងជប៉ុន បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និងការអភិវឌ្ឍដើម្បីប្រយោ ជន៍ប្រទេសទាំងពីរ​។

ក្នុងស្មារតីនេះ,លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានស្នើដល់លោកឯកអគ្គរាជទូតពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយ(Policy Dialogue) រវាងប្រទេសទាំង ពីរដើម្បីកំណត់នូវគោលជំហររួមគ្នា (Common ground)ដើម្បីសម្របនិងបន្ស៊ីគ្នារវាងគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីរបស់ជប៉ុនជាមួយនឹងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជាក្នុងគោលដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងកម្ពុ ជា-ជប៉ុន កាន់តែរឹងមាំ, គ្រប់ជ្រុយជ្រោយនិងយូរអង្វែងសម្រា ប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ ៕

Post navigation