Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ល្បែង​អភិវឌ្ឍន៍​សួនសត្វ​ភ្នំ​តា​ម៉ៅ « ចប់​មួយគ្រា​សិន » ! នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​លុបចោល​ការដោះដូរ​ដី និង​គម្រោង​អភិវឌ្ឍន៍​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ

​បន្ទាប់ពី​មានប្រតិកម្ម​ព្រោងព្រាត​តាម​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម Facebook ពាក់ព័ន្ធ​នឹង​ដំណើរការ​ដោះដូរ​ដី និង​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ រួចមក នៅ​ថ្ងៃអាទិត្យ​ទី​០៧ ខែសីហា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចូលចិត្ត « វិនិច្ឆ័យ​សេចក្តី​តាម Facebook » បាន Post នៅក្នុង Page Facebook ដោយ​ចេញ​បទបញ្ជា​ចំនួន ៣​ចំំ​ណុ​ច ដូចតទៅ ៖ ១-​លុបចោល​ទាំងអស់​នូវ​រាល់​ការអនុញ្ញាត​ឲ្យ​ធ្វើការ​ដោះដូរ និង​អភិវឌ្ឍន៍ ។ ២-​រក្សាទុក​ដី និង​ព្រៃ នៅ​ជុំវិញ​សួនសត្វ​ភ្នំ​តា​ម៉ៅ ជា​ដី ដែល​ត្រូវការពារ និង​អភិរក្ស ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ៣-​ក្រុមហ៊ុន​ដែល​បាន​ឈូសឆាយ ត្រូវ​បញ្ឈប់​សកម្មភាព និង​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ លើដី​ដែល​បាន​ឈូសឆាយ ។

​ដោយឡែក អ្នកឧកញ៉ា ឡេង ភ​ត្រា ហៅ ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា ដែល​មជ្ឈដ្ឋាន​អ្នកលេង Facebook ចោទប្រកាន់ថា មានការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឈូសឆាយដី​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ នោះ បាន Post តាម Page Facebook ឈ្មោះ « Leng Navatra – ឡេង ណា​វ៉ា​ត្រា » ថា « ខ្ញុំ​គាំទ្រ​រាជរដ្ឋាភិបាល​លុប ស​.​ជ​.​ណ តំបន់ភ្នំ​តា​ម៉ៅ ទាំងអស់ ហើយ​សុំ​ឲ្យ​បងប្អូន​ដែល​ស្រឡាញ់​កូនឈើ មក​ដាំ​កូនឈើ​ជាមួយ​ខ្ញុំ ។ » ។

​ឈានចូល​មកដល់​ដើមខែ​សីហា ឆ្នាំ​២០២២​នេះ ប្រិយមិត្ត​អ្នកលេង Facebook ជាច្រើន បាននាំគ្នា​រិះគន់​ផង សម្តែង​នូវ​ការសោកស្តាយ​ផង ចំពោះ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​ធរ ដែល​អនុញ្ញាត​ដោះដូរ​ដី និង​អភិវឌ្ឍន៍​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ស្ថិតនៅ​ស្រុក​បាទី ខេត្តតាកែវ ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​បាន​លើក​ជា​សំណូមពរ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​នូវ​ការសម្រេចចិត្ត​ដូច្នេះ ។ លើសពីនេះ ពាក់ព័ន្ធ​នឹង​សកម្មភាព​ឈូសឆាយដី បំផ្លិចបំផ្លាញ​ព្រៃឈើ នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ នោះ គឺ​បង្កដោយ​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា ឡេង ភ​ត្រា ហៅ ឡេង ណា​វ៉ា​ត្រា និង​អ្នកឧកញ៉ា ឃុន សៀ នាយក​ក្រុមហ៊ុន TP Moral Group ( TPMG ) និង​នាយក​ក្រុមហ៊ុន សៀ អ៊ី​ម​ផត អ៊ិ​ច​ផត ។

​យោងតាម​ស្មារតី​លិខិត ( ស​.​ជ​.​ណ ) ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​ជាគោលការណ៍​ឲ្យ​មានការ​ដោះដូរ​ដី​សរុប​ទំហំ ៨០០​ហិកតា ( ទំហំ ៣០០​ហិកតា របស់​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តា​ម៉ៅ និង​ទំហំ ៥០០​ហិកតា របស់​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តា​ម៉ៅ ) ទៅ​ឲ្យ​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល ឯ​.​ក និង​អនុញ្ញាត​ឲ្យ​មានការ​ផ្ទេរសិទ្ធិ​ជូន​ក្រុមហ៊ុន និង​ដៃគូ​សហការ មុន​ធ្វើការ​អភិវឌ្ឍ ។

​អ្នកជំនាញ​អភិរក្ស​សត្វព្រៃ បាន​បញ្ចេញមតិ​ថា ការដោះដូរ​ដី​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ គឺ​នឹង​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ឬ​បាត់បង់​សត្វព្រៃ​នៅ​តំបន់​នោះ ។​

​ទោះបី មានប្រតិកម្ម​ព្រោងព្រាត​មិន​គាំទ្រ​ចំពោះ​ដំណើរការ​ដោះដូរ​ដី​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ធ្វើការ​អភិវឌ្ឍ រហូតដល់​មជ្ឈដ្ឋាន​ទាំងនោះ បង្កើត​យុទ្ធនាការ​មួយ​ឈ្មោះថា « សង្គ្រោះ​ភ្នំ​តា​ម៉ៅ » ក៏ដោយ ក៏​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ អះអាងថា ការអភិវឌ្ឍ មិនមាន​ការប៉ះពាល់​ដ​ល់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ ឡើយ ( Sic! ) ៕