Views: 1
ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រូបភាពនៃសត្វប្រើសនេះ ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិ ដែលបានដាក់ក្នុងតំបន់ការពារធម្មជាតិ កម្ពុជា។ សត្វប្រើស ជាសត្វដ៏កម្រ ហើយពួកវា កំពុងមានវត្តមាន ក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
គួរបញ្ជាក់ថា ប្រើស ជាប្រភេទសត្វ មានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN ថា ជាប្រភេទអាស្រ័យលើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ។

បើយោងតាមទំព័រហ្វេសប៊ុករបស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះថា៖ សត្វប្រើស មានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា នៅភូមិភាគខាងជើង និរតី និងភូមិភាគ ឦសាន នៃប្រទេសកម្ពុជា។ សត្វនេះ ក៏បានឃើញផងដែរ នៅប្រទេសឥណ្ឌា ប្រទេស ចិន និងភូមិភាគអាស៊ីអាគ្នេយ៍ រួមទាំងកោះស៊ូម៉ាត្រា កោះចាវា និងបរណេអូ។
លោកបានលើកឡើង ដោយបញ្ជាក់ថា ”សត្វព្រៃយើង! សូមចូលរួមថែរក្សាការពារ និង អភិរក្សឱ្យបានគង់វង្ស”។

លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថាៈ លទ្ធផលនៃការដាក់ម៉ាស៊ីនថត ស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា បង្ហាញថា សត្វព្រៃជាច្រើនប្រភេទ បាននិង កំពុងរស់នៅតាមធម្មជាតិរបស់វា ខណៈក្រសួងបរិស្ថាន សហគមន៍ និងអង្គការដៃគូ អភិរក្ស បាននិងកំពុងខិតខំប្រឹងប្រែង ផ្តល់ទីជម្រកប្រកបដោយសុវត្ថិភាព ដល់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។
ជាមួយគ្នានេះ លោកបានលើកឡើង ដោយបញ្ជាក់បន្ថែមថា៖ តាមរយៈយុទ្ធនាការ អន្ទាក់សូន្យ ដើម្បីកាត់បន្ថយ និងលុបបំបាត់អន្ទាក់ ពីក្នុងព្រៃ ផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ដែលនិយមហូបសាច់សត្វព្រៃ ដោយជឿលើជំនឿផ្សេងៗ ឱ្យបញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងបណ្តុះស្មារតីប្រជាពលរដ្ឋ ឱ្យស្រឡាញ់សត្វព្រៃ និងចូលរួមថែរក្សា ការពារអភិរក្សសត្វព្រៃ ឱ្យនៅគង់វង្ស៕/V/R

