Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Man City ត្រូវតែ​បំបាក់ Liverpool នៅ​ក្បាល​ព្រលប់​នេះ​ដើម្បី​ប្រជែង​ពិន្ទុ ខណៈ Arsenal នៅតែ​រំពឹង​ឈ្នះ​រក្សា​តំណែង​កំពូល EPL

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​មេឃ​ខៀវ Man City​មិន​អាច​ភ្លាត់ស្នៀត​បានឡើយ​នៅ​ពេល​ពួកគេ​ស្វាគមន៍​ហង្ស​ក្រហម Liverpool នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ បើ​មិន​ដូច្នេះ​ទេ កាំភ្លើង​ធំ Arsenal ដែល​លេង​ជាមួយ Leeds នៅ​យប់​នេះ​ដែរ​នោះ អាច​នឹង​វ៉ា​ដាច់​ដល់​ទៅ ១១ ពិន្ទុ​។

​ការព្យាករណ៍ ៖

– Manchester City vs Liverpool

* Alvarez ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៨ គ្រាប់​ក្នុង​ការប្រកួត​ចំនួន ៩ លើក​ក្នុង​លី​ក និង FA Cup នៅ​រដូវ​កាល​នេះ​។​
* Liverpool ខកខាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្រៅ​ដី​ចំនួន ៤ លើកចុងក្រោយ​។​
* City បានឈ្នះ ៥ ប្រកួត​ចុងក្រោយ​ទល់​នឹង​សូន្យ​។​
* ក្រុម​ម្ចាស់ផ្ទះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី ២ គ្រាប់​ក្នុង ១១ ប្រកួត​នៃ​ការប្រកួត​លី​ក​ក្នុងផ្ទះ ១៣ លើ​ក​របស់​ពួកគេ និង​ស៊ុត​ចូល ១៣ គ្រាប់​ក្នុង​ពីរ​ប្រកួត​មុន​ពេល​សម្រាក​អន្តរជាតិ​។​

​នៅពេលដែល Premier League ត្រឡប់មកវិញ​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ វា​មាន​រយៈពេល ៣ សប្តាហ៍​ចាប់តាំងពី​ការប្រកួត EPL ចុងក្រោយ​របស់ Man City ដោយ​ឃើញ Arsenal នាំមុខ​ដល់​ទៅ​៨​ពិន្ទុ​នៅលើ​កំពូល​តារាង​ក្នុង​ពេលនេះ​។​

City មិន​ខ្សត់​គ្រាប់​បាល់​ទេ​អំឡុងពេល​នោះ ដោយ​បាន​យក​ឈ្នះ RB Leipzig ៧-០ និង Burnley ៦-០ ក្នុង​ការប្រកួត​ពីរ​លើក​ចុងក្រោយ​របស់​ពួកគេ ដើម្បី​រក្សា​ក្ដីសង្ឃឹម​នៃ​ការ​ឈ្នះ​ពាន ៣​។ ខណៈ​ជំនួប​ចុង​សប្តាហ៍​នេះ​ជាមួយនឹង​ក្រុម​ជើងឯក​រង​កាល​ពី​រដូវ​កាល​មុន​គឺជា​រឿង​ដ៏​លំបាក វា​អាច​នឹង​មក​ដល់​ទាន់ពេល​ដ៏​ល្អឥតខ្ចោះ ខណៈ City សម្លឹង​បញ្ចប់​ការប្រកួត​ចុងក្រោយ​ដ៏​លំបាក​ក្នុង​រយៈពេល​ពីរ​ខែ​មកនេះ​។​

Erling Haaland បាន​ស៊ុត​បញ្ចូល​ទី ៤២% នៃ​គ្រាប់​បាល់​របស់ Man City ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ដូច្នេះ​អវត្តមាន​របស់​គេ​នៅ​ចុង​សប្តាហ៍​នេះ​គឺជា​ផល​ប៉ះពាល់​ដល់​ម្ចាស់ផ្ទះ​។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​ខកខាន​ការប្រកួត​ទាំងពីរ​របស់ន័​រវែ​ស​ក្នុង​ការសម្រាក​អន្តរជា​តិ​កាលពី​ពេល​ថ្មីៗ​នេះ ខណៈ​រូបគេ​មិន​បាន​ហ្វឹកហាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទេ បន្ទាប់​ពី​ត្រឡប់មក​ក្លិប​វិញ​។​

​គ្រាប់​បាល់​របស់ Haaland ក៏​មាន​តម្លៃ ២០ ពិន្ទុ​សម្រាប់​ក្រុម​មេឃ​ខៀវ​នៅ​រដូវ​កាល​នេះ​ផងដែរ ហើយ​រូបគេ​បាន​ជួយ City រក្សា​លទ្ធភាព​ប្រជែង​ពាន​បាន​មក​រហូត ប៉ុន្តែ​រូបគេ​លេង​ល្អ​ទៅ​បាន​ក៏​អាស្រ័យ​លើ​ខ្សែបម្រើ​ដ៏​ល្អ​របស់ City ដែរ​។ ម្ចាស់ផ្ទះ​មាន​កីឡាករ Julian Alvarez ម្ចាស់​ជ័យលាភី World Cup សម្រាប់​ជា​ជម្រើស​បម្រុង​ដ៏​ល្អ​មួយ ហើយ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន ៥ គ្រាប់​ក្នុង​ការប្រកួត Premier League របស់​គេ​ចំនួន​៦​ដង​នៅ​រដូវ​កាល​នេះ​។​

Alvarez ក៏​មាន​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី ៣ គ្រាប់​ក្នុង ៣ ប្រកួត FA Cup រដូវ​កាល​នេះ​ផង​ដែរ ហើយ​គេ​ជា​មធ្យម​ស៊ុត​បាន ១,៤ គ្រាប់​ក្នុង​រាល់ ៩០ នាទី​ក្នុង​ការប្រកួត​របស់ City និង​ការបង្ហាញ​ខ្លួន​របស់​គេ​ក្នុង​ការប្រកួត​របស់​អា​ហ្សង់​ទីន​ក្នុង​ប្រទេសកាតា​។ ដោយ​បាន​ស៊ុត​ចូល​២​គ្រាប់​មុន​សម្រាក​អន្តរជាតិ​ទល់នឹង​ក្រុម Burnley រូបគេ​បាន​ចូលទៅ​ក្នុង​ការប្រកួត​នេះ​ក្នុង​ទម្រង់​ដ៏​ល្អ និង ធ្វើឱ្យ​មាន​ហាងឆេង​ឈ្នះ​កាន់តែ​មាន​ខ្ពស់​សម្រាប់ City នៅ​ចុង​សប្តាហ៍​នេះ​។​

Liverpool បានចាប់ផ្តើម​ខែមីនា​ជាមួយ​នឹង​ជ័យជម្នះ ២-០ លើ Wolves និង ៧-០ លើ​ក្រុម Man United ប៉ុន្តែ​អ្វីៗ​បាន​ជូរចត់​សម្រាប់​ពួកគេ​ក្នុង​ខែ​ដដែល​ផងដែរ​។ ពួកគេ​បាន​ចាញ់​ការប្រកួត​ក្រៅ​ដី​ជាប់ៗ​គ្នា​ក្នុង​លទ្ធផល ១-០ មុន​នឹង​ឈាន​ដល់​ការ​សម្រាក​អន្តរជាតិ ដោយ​កំណត់ត្រា​ក្រៅ​ដី​របស់​ពួកគេ​គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មុនពេល​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Etihad ។​

Liverpool រក​បាន​ត្រឹមតែ ១២ ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ក្រៅ​ដី ១៣ លើក​នៅ Premier League រដូវ​កាល​នេះ ដោយ​ចាញ់ ៧ ដង​។ ហង្ស​ក្រហម​បាន​រង​បរាជ័យ​រួច​ហើយ​នៅក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​បី​ក្នុង​រដូវ​កាល​នេះ ខណៈ​ពួកគេ​បានឈ្នះ​ម្តងគត់​ក្នុងចំណោម​ការ​ទៅ​លេង​ក្រៅ​ដី​ក្នុង​លី​ក​ចំនួន ១៣ លើក​ចុង​ក្រោយ​នៅ​ផ្ទះ City​។ ទោះបីជា​គ្មាន Haaland ក៏​ម្ចាស់ផ្ទះ​នៅតែ​សង្ឃឹម​ឈ្នះ​។​

​លទ្ធផល​ទស្សនទាយ Man City ឈ្នះ ២-០​។

– Arsenal vs Leeds

* Arsenal បានឈ្នះ​រាល់​ការប្រកួត ៦ លើក​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង Premier League ដោយ​យក​ឈ្នះ​លើស​២​គ្រាប់​ឡើងទៅ​ក្នុង ៤ ប្រកួត​។​
* Leeds បាន​ចាញ់​ការប្រកួត​ក្រៅ​ដី​ចំនួន ៩ លើក​ក្នុងចំណោម ១៤ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ​។​
* មាន​គ្រាប់​បាល់​ទៅវិញទៅមក​ក្នុង ១៥ ប្រកួត​នៃ ២៧ ប្រកួត​របស់ Leeds United នៅ​រដូវ​កាល​នេះ​។​
* ការប្រកួត​លី​ក​របស់ Arsenal មាន​ជា​មធ្យម ៣,២៩ គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ​រដូវ​កាល​នេះ​។​

​ក្រុម​កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​លើ​ក្រុម Crystal Palace ៤-១ ក្នុង​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ មុន​ពេល​សម្រាក​អន្តរជាតិ ហើយ​ពួកគេ​អាច​យកឈ្នះ​យ៉ាង​ស្រួល​ម្តងទៀត​នៅ​ទឹកដី Emirates នៅ​ពេល​ពួកគេ​ត្រឡប់មក Premier League វិញ​។​

​កូនក្រុម​របស់លោក Mikel Arteta នឹង​ចាប់ផ្តើម​ចុង​សប្តាហ៍​នេះ​ជាមួយនឹង​ការ​នាំមុខ​៨​ពិន្ទុ​នៅលើ​កំពូល​តារាង​ក្របខ័ណ្ឌ Premier League ទោះបីជា​បាន​លេង​មួយ​ប្រកួត​លើស​ក្រុម​លេខ ២ Manchester City ក៏ដោយ​។​

​ប៉ុន្តែ​ពួកគេ​អាច​នឹង​ឆក់យក​ឱកាស​វ៉ា​ដាច់​ពិន្ទុ​នៅ​ចុង​សប្តាហ៍​នេះ ព្រោះ Man City ប្រឈម​មុខ​នឹង​ការបាត់​ពិន្ទុ​ក្នុងផ្ទះ​ពេល​ទទួល Liverpool នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុម​កាំភ្លើង​ធំ​ក៏​បាន​ធ្លាក់​ចេញពី Europa League ក្រោម​ថ្វីដៃ Sporting Lisbon ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​មុន​ពេល​សម្រាក​អន្តរជាតិ​ផង​ដែរ ហើយ​មិន​ស្ថិតក្នុង FA Cup ទៀត​ទេ ដូច្នេះ Premier League គឺជា​ការ​ផ្តោត​សំខាន់​តែមួយគត់​របស់​ពួកគេ​។​

​ពួក​គេ​លេង​ល្អ​អស្ចារ្យ​ណាស់​នៅក្នុង EPL ដោយ​កត់ត្រា​ជ័យជម្នះ ២២ លើក​ក្នុង ២៨ ប្រកួត ប៉ុន្តែ​បញ្ជី​នៃ​ការប្រកួត​ខែ​មេសា​របស់​ពួកគេ​ជួប​សុទ្ធតែ​ក្រុម​ខ្លាំង​ពិសេស​ជាមួយនឹង​ក្រុម Liverpool, Manchester City និង Chelsea ដូច្នេះ​ពួកគេ​ដឹងថា​នេះ​ជា​ពេលវេលា​សំខាន់​ត្រូវ​កើប​យក​ពិន្ទុ​ឱ្យបាន​ច្រើន​។​

​ហើយ​ការប្រកួត​ក្នុងផ្ទះ​ទល់នឹង​ក្រុម​ដែល​រង​ការគំរាមកំហែង​ពី​ការ​កាត់ចោល​ដូចជា Leeds គឺជា​ការប្រកួត​ដែល​ពួកគេ​ត្រូវតែ​ឈ្នះ​ដាច់​ខាត​។​

Arsenal មាន​ភាពរឹងមាំ​ណាស់​នៅ​កីឡដ្ឋាន Emirates ក្នុង​រដូវ​កាល​នេះ ដោយ​ឈ្នះ ១១ ស្មើ ២ និង​ចាញ់​ម្តង​គត់​ក្នុង ១៤ ប្រកួត​ក្នុងផ្ទះ​ក្នុង Premier League ហើយ​បរាជ័យ​តែមួយគត់​របស់​ពួកគេ​គឺ​ក្រោម​ថ្វីដៃ​ក្រុម​ម្ចាស់​ជើងឯក Manchester City ។​

​ខណៈ Arsenal ស្ថិត​ក្នុង​ទីតាំង​កំពូល​តារាង​ដើម្បី​លើ​កពាន Premier League ជា​លើកដំបូង​របស់​ពួកគេ​ចាប់​តាំងពី​រដូវ​កាល ២០០៣-០៤ ក្រុម Leeds ឯណេះ​វិញ​កំពុង​តស៊ូ​រក្សា​ជីវិត​ក្នុង​ក្របខ័ណ្ឌ​កំពូល​។​

​កាលពី​ខែ​កុម្ភៈ ពួកគេ​បាន​សម្រេចចិត្ត​ដក​លោក Jesse Marsch ជនជាតិ​អាម៉េរិក​ចេញពី​តំណែង​ជា​គ្រូបង្វឹក ដោយ​នាំយក​អតីត​កីឡាករ Watford លោក Javi Gracia មក​ជំនួស​កន្លែង​របស់​គាត់ ហើយ​ការប្រកួត​លី​ក​ចំនួន ៤ លើកដំបូង​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ​ទទួលបានល​ទ្ធ​ផល​ឈ្នះ ២ ស្មើ ១ និង​ចាញ់ ១​។​

​នោះ​មិនមែន​ជា​លទ្ធផល​អាក្រក់​នោះទេ ហើយ​អំឡុងពេល​នោះ​ពួកគេ​បាន​ស្មើនឹង Brighton ដែល​កំពុង​ប្រជែង​យក​កៅអី​អឺរ៉ុប​។​

​ប៉ុន្តែ​ជា​អកុសល​សម្រាប់ Leeds ក្រុម Arsenal កំពុង​ល្អ​ដូច​ផ្កា​និង​មាន​សមត្ថភាព​ប្រហែល​នឹង Manchester City នៅពេលនេះ ដូច្នេះ​ពួកគេ​គ្មាន​សង្ឃឹម​អ្វី​ក្រៅ​តែ​ពី​ការ​ឈ្នះ​នោះ​ឡើយ​។

​លទ្ធផល​ព្យាករណ៍ Arsenal ឈ្នះ ៣-១៕

Man City ដាច់ខាត​ត្រូវ​ឈ្នះ Liverpool ដើម្បី​ប្រជែង​ពិន្ទុ​ជាមួយ Arsenal

Post navigation