Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ម៉ៅ ទុយ ៖ អ្នកមើលថែកុមារតូចៗក្នុងរបបខ្មែរក្រហម

Views: 2

ដេាយ ៖ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម :

ខ្ញុំឈ្មោះ ម៉ៅ ទុយ មានអាយុ៥៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមាន ឪពុកឈ្មោះ លែវ ម៉ៅ និង ម្ដាយឈ្មោះ ស៊ន។ ខ្ញុំមានបងប្អូនចំនួន៣នាក់ ស្រីចំនួន២នាក់។ បងខ្ញុំស្លាប់ ម្នាក់ក្នុងរបបខ្មែរក្រហមដោយសារកម្មាភិបាលខ្មែរក្រហមយកទៅរៀនសូត្រ ហើយមិនឃើញត្រឡប់មកផ្ទះវិញរហូតមកដល់សព្វថ្ងៃ។ ខ្ញុំគិតថាគាត់ស្លាប់ហើយ បើគាត់នៅរស់នឹងត្រឡប់មកវិញមិនខាន។ ខ្ញុំមានប្តីឈ្មោះ ឈួន ភួន មានអាយុ៥៥ឆ្នាំ និងមានកូនចំនួន៥នាក់។

កាលពីកុមារខ្ញុំបានរៀនសូត្រខ្លះដែរ ប៉ុន្តែសម័យនោះរៀនមួយថ្ងៃរយៈពេលតែ២ទៅ៣ម៉ោងប៉ុណ្ណោះ។ កាលនោះលោកគ្រូបង្រៀនខ្ញុំមកពីខាងភូមិជាំតាម៉ៅ មកបង្រៀនសិស្សនៅក្នុងភូមិកូនក្រពើ។ កាលពីសម័យខ្មែរក្រហមខ្ញុំ ទើបតែមានអាយុ១១ឆ្នាំ។ ពេលនោះឪពុកម្ដាយខ្ញុំក្រោកពីព្រលឹមទៅធ្វើស្រែ ធ្វើចម្ការបាត់ៗ រហូតដល់យប់ទើបគាត់ត្រឡប់មកផ្ទះវិញ។ ដំបូងខ្មែរក្រហមបានរៀបចំជាក្រុមប្រវាស់ដៃនៅក្នុងភូមិ ហើយទុកស្រូវនៅតាមផ្ទះ និងជង្រុករៀងៗខ្លួន។ អ្នកភូមិធ្វើស្រែប្រវាស់ដៃបានរយៈពេលប្រហែលមួយឆ្នាំ ខ្មែរក្រហមចាប់ផ្ដើមប្រមូលរបស់របរ ទ្រព្យសម្បត្តិ គោ-ក្របី ដាក់ជារបស់រួម ឬយកទៅដាក់នៅមន្ទីររួម។ ចាប់ពីពេលនោះមករបស់របរផ្សេងៗក្លាយជារបស់អង្គការ ដូចជា  មាន់ ទា គោ ក្របី ផ្លែឈើ ត្រីសាច់ ក៏ប្រជាជនគ្មានសិទ្ធិហូបខ្លួនឯងដែរ។ ប្រសិនបើមានអ្នកលួចហូបហើយអង្គការដឹងនឹងយកអ្នកនោះទៅកសាង ហើយបើនៅតែមិនកែប្រែអង្គការនឹងចាត់ឲ្យកម្មាភិបាលខ្មែរក្រហមមកយកទៅរៀនសូត្របន្តទៀត។

ខ្ញុំត្រូវខ្មែរក្រហមជម្លៀសឲ្យទៅនៅ ចាង និង សំពៅលូន ដោយឲ្យនៅមើលថែកុមារតូចៗ ហើយម្ដាយរបស់ខ្ញុំត្រូវធ្វើការងារជាមួយអ្នកភូមិនៅសំពៅលូន។ ម្ដាយខ្ញុំត្រូវកាប់គាស់គល់ឈើ ហើយខ្ញុំត្រូវមើលក្មេងៗ។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានជម្លៀសខ្ញុំនិងម្តាយឲ្យទៅនៅជិតក្រុងកំពង់ចាម។ ក្រោយមក ខ្ញុំបានទទួលដំណឹងថា ប្រជាជនមកពីស្រុកណាត្រូវទៅនៅស្រុកនោះវិញ ទើបខ្ញុំនិងម្តាយធ្វើដំណើរត្រឡប់មកភូមិកំណើតវិញ។ មកដល់ដំបូង ខ្ញុំទៅបោចគួរស្រូវ ជីកមើមក្ដួច មកហូបជំនួសបាយ ទម្រាំខ្ញុំនិងម្តាយសន្សំគ្រាប់ពូជដាំដុះ និងធ្វើស្រែចម្ការបាន។ សព្វថ្ងៃខ្ញុំនៅធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ srn

( ម៉ៅ ទុយ អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

( ម៉ៅ ទុយ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវជីវិតឆ្លងកាត់របបខ្មែរក្រហមដល់ វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម។  (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

Post navigation