Views: 3
ដោយ: បូកគោ / កែបៈ ម្ចាស់ចម្ការ នៅតំបន់ភ្នំវល្លិ៍ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប បានសម្តែងក្តីខកចិត្ត ព្រោះតែដល់ពេលប្រមូលផលផ្លែស្វាយ បែរជាមានតម្លៃទាប ជាងការរំពឹងទុក ធ្វើឱ្យកសិករ ខាតដើមទុន សម្រាប់ការចំណាយផ្សេងៗ។

លោក អ៊ុង សុភាព ម្ចាស់ចម្ការ នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរៀបរាប់ថា សព្វថ្ងៃ លោកមានស្វាយ ជាង ៦០០ ដើម ដោយបានទទួលផល ៣ ឆ្នាំ មកហើយ។ ប៉ុន្មានថ្ងៃនេះ ខណ:ដែលស្វាយដល់ពេលត្រូវបេះ បែរជាតម្លៃហាក់នៅទាប ទើបលោកស៊ូទ្រាំទុកបន្តទៀត ដើម្បីរង់ចាំឈ្មួញដំឡើងថ្លៃសិន។ នៅដើមរដូវប្រមូលផល ផ្លែស្វាយកែវរមៀត ប្រភេទលេខ១ ពោលគឺ ចំនួន ៣ ផ្លែ ទម្ងន់ ១គីឡូក្រាម មានតម្លៃត្រឹម តែ ១.២០០ រៀល។ សម្រាប់លោក តម្លៃនេះ មិនអាចទប់ទល់នឹងការចំណាយបានទេ។ យ៉ាងហោចណាស់ ផ្លែស្វាយប្រភេទលេខ១ បានតម្លៃ ១.៥០០ រៀល ក្នុង១គីឡូក្រាម ដែរ ទើបចំណេញខ្លះ។
កសិករម្នាក់ទៀត គឺលោក យង់ ង៉ែត បានប្រាប់ឱ្យដឹងថា លោកមានស្វាយ ជិត ១ពាន់ដើម ។ នេះជាការប្រមូលផលផ្លែស្វាយ លើកទី២ ដោយកាលពីលើកទី១ លោកទទួលបាន ប្រមាណ ៣០ តោន។ លើកនេះ ទើបតែបេះបានប្រមាណ ១០ តោនប៉ុណ្ណោះ ដោយសារ ភ្លៀងធ្លាក់ខ្លាំងពេក។
កសិករដដែល បានបន្តថា សម្រាប់តម្លៃវិញ បើប្រភេទស្វាយស្រោប ពេលនេះ នៅត្រឹម ១.០០០ រៀល ទៅ ១.២០០ រៀល ក្នុង១គីឡូក្រាម។ ចំណែកស្វាយពណ៌ខៀវ ដែលមិន បានស្រោប គឺ ៥០០ រៀល ទៅ ៦០០ រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ។ តម្លៃនេះ អាចបាន ស្មើដើម សម្រាប់អ្នកដែលមានដី និងធ្វើដោយខ្លួនឯង។
លោក យង់ ង៉ែត បានបញ្ជាក់ថា កាលស្វាយមិនសូវមាន គឺឡើងដល់ជាង ២.០០០ រៀល ក្នុង១គីឡូក្រាម។ លុះពេលសម្បូរ តម្លៃស្វាយបានធ្លាក់នៅតែជាង ១.០០០ រៀល។ លោកបានចាយដើម អស់ប្រហែល ៥ពាន់ដុល្លារ ឥឡូវ ទើបតែលក់បានប្រមាណជាង ១០ លានរៀលប៉ុណ្ណោះ។ កាលពីឆ្នាំមុន បានចំណេញខ្លះ តែឆ្នាំនេះ អត់សង្ឃឹមទេ។
ជាមួយនោះ អ្នកចម្ការក្នុងភូមិសាស្រ្តខាងលើ បានសំណូមពរ ចំពោះអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណា ជួយរក្សាតម្លៃ ដែលអាចផ្តល់ឱកាស សម្រាប់កសិករ បានសល់លុយខ្លះ តាមរយ:ការលក់ផលិតផលកសិកម្ម ពិសេសផ្លែស្វាយ នេះតែម្តង។
លោក ឯម រតន៍មន្នី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកែប បានបញ្ជាក់ថា ការធ្លាក់តម្លៃស្វាយ មិនមែនដោយសារឈ្មួញបន្ថោកទេ តែអាចមកពីគុណភាព មិនទាន់ឆ្លើយតបនឹងតម្រូវការ ឬបរិមាណផល កើនឡើងច្រើនពេក។ លោកគិតថា កសិករ ឬម្ចាស់ចម្ការ គួរទំនាក់ទំនង ពិគ្រោះយោបល់ ជាមួយមន្រ្តីជំនាញកសិកម្ម ដើម្បីស្វែងយល់បន្ថែម ពីបច្ចេកទេសដាំដុះ ថែទាំទើបអាចលើកកម្ពស់គុណភាពស្វាយ និងជៀសវាងពង្រីកការដាំដុះច្រើនហួស ពីតម្រូវការទីផ្សារ។
លោកប្រធានមន្ទីរ បានប្រាប់ឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២៣ នេះ នៅទូទាំងខេត្ត បាននាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារប្រទេសវៀតណាម តាមច្រកភ្នំដិន ខេត្តតាកែវ និងប្រទេសថៃ តាមច្រកព្រំ ខេត្តប៉ៃលិន បានប្រមាណ ១៤.៨០០ តោន៕ V / N

