Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេ​បក្ស​ប្រឆាំង​ឥណ្ឌា​ត្រូវ​បាន​បណ្តេញចេញ​ពី​សភា ក្រោយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​

Views: 4

​ប្រែ​សម្រួលៈបំណ​ង​(​ប៊ី​ប៊ីស៊ី​)៖ សភា​ឥណ្ឌា​បាន​ដកសិទ្ធិ​កាន់កាប់​អាសនៈ​សភា​សំរាប់​មេដឹកនាំ​ប្រឆាំង​ជាន់​ខ្ពស់​លោក​លោក រ៉ា​ហ៊ុល គន្ធី​រ​(Rahul Gandhi)​នៅ​មួយ​ថ្ងៃក្រោយ​លោក​ត្រូវបាន​តុលាការ​​កាត់ទោស​ដាក់គុក​ពីរ​ឆ្នាំ​ចំពោះ​ការនិយាយ​បង្ខូចឈ្មោះ​អ្នកដទៃ​ក្នុងអំឡុងពេល​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៩​។​

​សេចក្តីជូនដំណឹង​មួយ​របស់​សភា​បាន​និយាយថា លោក​គន្ធី​រ​លែង​មាន​សិទ្ធិ​កាន់កាប់​អាសនៈ​សភា​ជាន់​ទាបតទៅទៀត​។​

​លោក​គន្ធី​រ ជា​សមាជិក​សភា​មកពី​គណបក្ស​ខុន​ក្រេស​(Congress)​ប្រចាំ​មណ្ឌល​មួយ​ក្នុង​រដ្ឋកេ​រ៉ា​ឡា​។​លោក​ត្រូវបាន​តុលាការ​ដាក់ទោស​ចំពោះ​ការលើកឡើង​បែប​បញ្ឆិតបញ្ឆៀង​វាយប្រហារទៅកាន់​បេក្ខជន​ប្រជែង​​ណា​រ៉េ​នដ្រា ម៉ូ​ឌី​ក្នុងពេល​ជួបជុំ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​២០១៩​ថា «​ហេតុអ្វី​បានជា​ពួកចោរ​អស់នេះ​មាន​ត្រកូល ម៉ូ​ឌី ដូចជា នី​រ៉ាវ ម៉ូ​ឌី​,​ឡា​លី​ត ម៉ូ​ឌី​,​ណា​រ៉េ​នដ្រា ម៉ូ​ឌី​»​។​

​នី​រ៉ាវ ម៉ូ​ឌី​(Nirav Modi)​ជា​សេដ្ឋី​ត្បូង​ពេជ្រ​ឥណ្ឌា​ដែល​រត់គេចខ្លួន​ម្នាក់ ហើយ​ឡា​លី​ត ម៉ូ​ឌី​(Lalit Modi)​ជា​អតីត​ប្រធាន​ក្រុមកីឡា​Indian Premier League​ដែល​ត្រូវ​ហាមឃាត់​អស់​មួយជីវិត​ពី​គណៈកម្មាធិការ​កីឡាគ្រី​ឃីត​ឥណ្ឌា ចំណែក​ណា​រ៉េ​នដ្រា ម៉ូ​ឌី ជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បច្ចុប្បន្ន​។​

​ការបោះឆ្នោត​ត្រូវ​ធ្វើ​នៅ​ឆ្នាំក្រោយ ដូច្នេះ​ទោស​ជាប់គុក​ពី​រ​ឆ្នាំ​មាន​ន័យ​ថា គន្ធី​រនឹង​មិន​អាច​ចូលរួម​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០២៤​បានទេ​។​ទោះជា​យ៉ាងណា​លោក​គន្ធី​រ អាច​នៅ​ក្រៅ​ឃុំ​បាន​៣០​ថ្ងៃ​​និង​អាច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការសំរេច​នេះ​។​

​អ្នកនាំពាក្យ​របស់​គណ​បក្ស​ខុន​ក្រេស បាន​និយាយថា ការសំរេច​ក្តីនេះ​ពោរពេញ​ដោយ​«​ការសន្និដ្ឋាន​ដែល​មិន​អាច​ទទួលយក​បាន​តា​ម​ផ្លូវច្បាប់​»​និង​ថា​ពួក​អ្នក​នយោបាយ​របស់​ខ្លួន​នឹង​មិន​នៅ​ស្ងៀម​ទេ​។​​ប្រធាន​គណបក្ស​ខុន​ក្រេស លោក​ម៉ា​លីកា​ជូន ខា​ហ្គេ​(Mallikarjun Kharge)​បាន​ចោទប្រកាន់​ថា​ចំណាត់ការ​ប្រឆាំង​លោក​គន្លឺរ​ជាផល​មក​ពី​លោក​ទាមទា​រ​អោយ​មាន​ការស៊ើបអង្កេត​ពី​គណៈ​កម្មា​ធិ​​ការ​សភា​រួម​មួយ​លើ​ការចោទប្រកាន់​ប្រឆាំង​ក្រុមហ៊ុន​ធំ​មួយ​។​

​លោក​ថា​«​ពួកគេ​មិន​ចង់ទុក​នរណា​ដែល​និយាយ​ការពិត​ទេ​។​តែ​យើង​នឹង​បន្ត​និយាយ​ការពិត​»​។​

​កាលពី​ថ្ងៃ​សុក្រ គណបក្ស​ខុន​ក្រេស ដឹកនាំ​ដោយ​មេដឹកនាំ​បក្ស​សំខាន់ៗ​បានធ្វើការ​ដង្ហែ​ក្បួន​តវ៉ា​មួយ​នៅ​ទីក្រុង​ញូវដេល្លី ក្រោម​ការ​ឃ្លាំ​មើល​ពី​សន្តិសុខ​យ៉ាង​ក្រាស់ក្រែល​។​អ្នកយកព័ត៌មានប្រចាំ​ទូរទស្សន៍​បាន​និយាយថា សមាជិក​សភា​ប្រឆាំង​មួយចំនួន​ត្រូវបាន​ឃាត់ខ្លួន ដោយសារ​បំពាន​បំរាម​បាតុកម្ម​។​

​គណបក្ស​ខុន​ក្រេស និយាយថា ខ្លួន​មាន​ផែនការ​ធ្វើ​ការតវ៉ា​ប្រឆាំង​ជាច្រើន​នៅ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕

​ប្រធាន​គណបក្ស​ខុន​ក្រេស លោក​ម៉ា​លីកា​ជូន ខា​ហ្គេ​(​កណ្តាល​) ជាមួយ​សមាជិក​សភាបក្ស​ខុន​ក្រេស​ដទៃទៀត ធ្វើ​ការដើរ​បង្ហែ​តវ៉ា​នៅ​ក្រុង​ញូ​វ ដេល្លី​កាលពី​ថ្ងៃ​សុក្រ​

​គន្ធី​រនឹង​មិន​ត្រូវ​អនុញ្ញា​ត​អោយ​ចូល​រួមកា​រ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​ទេ ទាល់តែ​ទោស​របស់​លោក​ត្រូវ​ព្យួរ​ឬ​ត្រូវ​លើកលែង​ចោល​

Post navigation