Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេដឹកនាំ​ហិរញ្ញវត្ថុ​អាស៊ីអាគ្នេយ៍​ពិភាក្សា​អំពី​ការ​ទប់ស្កាត់​ហានិភ័យ​សកល​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ កិច្ច​ពិភាក្សា​រវាង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ីអាគ្នេយ៍ និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បាន​ឈាន​ចូលដល់​ថ្ងៃ​ចុងក្រោយ​របស់​ពួក​គេ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​មីនា ដោយ​មេដឹកនាំ​ទាំងនោះ​ផ្តោតលើ​ការពង្រឹង​ភាព​ធន់រ​បស់​តំបន់​ទល់នឹង​ហានិភ័យ​សកល​។​

​ការប្រជុំ​មេដឹកនាំ​ហិរញ្ញវត្ថុ​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) បាន​កើតឡើង​ចំពេល​មាន​កំពុង​មាន​ភាពចលាចល​ផ្នែក​ធនាគា​រលើ​ពិភពលោក​នា​ពេល​ថ្មីៗ​នេះ​បន្ទាប់ពី​ការ​ដួល​​រលំ​នៃ​ធនាគារ Silicon Valley និង​ការផ្តល់​ថវិកា​សង្គ្រោះ​និង​ការកាន់កាប់​ធនាគារ Credit Suisse ។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​លោកស្រី ស្រី មូល​យ៉ានី អ៊ី​ដ្រា​វ៉ា​ទី (Sri Mulyani Indrawati) នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ បាន​និយាយថា​ទោះបីជា​តំបន់​នេះ​ត្រូវបាន​ព្យាករណ៍​​ដោយ​អង្គការ​អន្តរជាតិ​នានា​ថា​នឹង​មាន​កំណើន​ជា​វិជ្ជមាន​នៅ​ឆ្នាំ​នេះ​ក៏​ដោយ​ក៏​ប៉ុន្តែ​អ្នក​បង្កើត​គោល​នយោបាយ​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​នូវ​គោលនយោបាយ​នានា​ដើម្បី​ឆ្លើយតប​ទៅនឹង​​ថាមវន្ត​ពិភពលោក​ដែល​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​លោកស្រី ស្រី មូល​យ៉ានី អ៊ី​ដ្រា​វ៉ា​ទី

​លោកស្រី​បាន​និយាយថា “​យើង​ទាំងអស់គ្នា​ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន និង​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​ប្រឈម​ខាង​ក្រៅ​មួយ​ចំនួន​ដែល​អាច​បង្ក​ឱ្យមាន​ចលាចល​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​យើង​”​។​

​លោក ភើ​រី វ៉ា​ជី​យ៉ូ (Perry Warjiyo)​ទេសាភិបាល​ធនាគារកណ្តាល​របស់​ឥណ្ឌូនេស៊ី​បាន​អំពាវនាវ​នៅ​លើ​វេទិកា​នេះ​ឱ្យ​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុង​ស្រុក​សម្រាប់​ការទូទាត់​ដើម្បី​កាត់បន្ថយ​​ការប្រែប្រួល និង​ការប៉ះពាល់​ទៅ​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​។​

​អភិបាលរង​ធនាគារ​កណ្តាល​ឥណ្ឌូនេស៊ី​លោក ដូឌី ប៊ូ​ឌី វ៉ា​លូ​យ៉ូ (Dody Budi Waluyo) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មីនា​ថា​មន្ត្រី​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​កោះ​បាលី​ក៏​បាន​ស្នើ​ឱ្យ​ពិភាក្សា​​អំពី​មធ្យោបាយ​កែលម្អ​ការតភ្ជាប់​នៃ​ប្រព័ន្ធ​ទូទាត់​ក្នុង​តំបន់​ផងដែរ បើទោះបីជា​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​អាស៊ាន​មួយចំនួន​មិនទាន់​ត្រូវបាន​អភិវឌ្ឍ​ពេញលេញ​ក៏​ដោយ​។​

​លោក​បាន​បន្ថែមថា ពួកគេ​ក៏​បាន​ពិភាក្សា​អំពី​រូបិយប័ណ្ណ​គ្រីប​តូ​និង​រូបិយប័ណ្ណ​ឌីជីថល​របស់​ធនាគារ​កណ្តាល​ផងដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្រៅ​ព្រឹត្តិការណ៍​នេះ ទេសាភិបាល​ធនាគារកណ្តាល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​និង​ហ្វីលីពីន​បាន​និយាយថា ប្រព័ន្ធ​ធនាគារ​របស់​ពួកគេ​មាន​ភាព​ធន់​ហើយ​បទ​ប្បញ្ញត្តិ​កាន់តែ​តឹងរ៉ឹង​​គឺ​ដាក់​នៅនឹងកន្លែង​ជា​ស្រេច​ដើម្បី​ទប់ស្កាត់​ការកើតឡើង​ម្តង​ទៀត​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ដូច​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០៕

Post navigation