Views: 12
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មេដឹកនាំបន្ទាប់របស់ហុងកុងលោក ចន លី (John Lee)បានទទួលលិខិតតែងតាំងជាផ្លូវការពីរដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ នៅមួយខែមុនពេលលោកចូលកាន់តំណែងមេដឹកនាំទីក្រុងពាក់កណ្តាលស្វយ័តនេះ។

រូបភាពបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បង្ហាញនាយករដ្ឋមន្ត្រីលី ឃឹឈាំង កាលពីថ្ងៃចន្ទបានប្រគល់លិខិតតែងតាំងទៅកាន់លោក ចន លីសំរាប់តំណែងនាយកប្រតិបត្តិហុងកុសំរាប់អាណត្តិរយៈពេល៦ឆ្នាំ
លោកលីបានទទួលលិខិតតែងតាំងពីនាយករដ្ឋមន្ត្រី លី ឃឹឈាំង ដែលបានអបអរលោកចំពោះការត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិហុងកុងបន្ទាប់។លោកក៏បានជួបប្រធានាធិបតីចិនលោក ស៊ីជីនភីង ដែលបាននិយាយថា លោកលី «ស្រឡាញ់ប្រទេសចិននិងហុងកុង»និងបាន«ចូលរួមចំណែកផ្តល់សន្តិសុខជាតិនិងការពារវិបុលភាពនិងស្ថិរភាពហុងកុង»។
លោកស៊ីបាននិយាយថា «អ្នកត្រូវបានបញ្ជាក់ថាត្រូវបានតែងតាំងជាមេដឹកនាំហុងកុងបន្ទាប់ និងទទួលទំនុកចិត្តពីរដ្ឋាភិបាលកណ្តាល»។
លោកស៊ីក៏បានបញ្ជាក់ថាក្របខណ្ឌ«ប្រទេសមួយ ប្រព័ន្ធពីរ»ចែងនៅពេលអង់គ្លេសប្រគល់ដែនដីហុងកុងមកអោយនៅក្រោមការគ្រប់គ្រងរបស់ចិនកាលពីឆ្នាំ១៩៩៧ «ត្រូវបានទទួលស្គាល់ជាសកលថាជាជោគជ័យមួយ»។
សូមបញ្ជាក់ថា ក្របខណ្ឌនេះ ផ្តល់អោយហុងកុងនូវស្វ័យភាពពាក់កណ្តាលនិងសេរីភាពពិសេសរយៈពេល៥០ឆ្នាំ។
លោកលីបានអរគុណលោកស៊ីចំពោះការផ្តល់សេចក្តីទុកចិត្តលើរូបលោកនិងមុខតំណែងនេះ ហើយបាននិយាយថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំពេញបំណងប្រាថ្នារបស់រដ្ឋាភិបាលកណ្តាលនិងប្រជាជនហុងកុង។

លោកលី ជួបប្រធានាធិបតីស៊ី និងបានថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តលោកនិងមុខតំណែងនាយកប្រតិបត្តិក្រុងហុងកុង
នាយករដ្ឋមន្ត្រីលី ក៏សម្តែងការគាំទ្រពេញលេញហើយស្នើសុំអោយមេដឹកនាំហុងកុងថ្មីអភិវឌ្ឍសេដ្ឋកិច្ចហុងកុងនិងធ្វើអោយប្រសើរឡើងជីវភាពរស់នៅរបស់ប្រជាជននៅដែនដីនេះ។
ដំណើរទៅកាន់ទីក្រុងប៉េកាំងរបស់លោកលីកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតជាមេដឹកនាំហុងកុងបន្ទាប់ដោយគ្មានគូប្រជែងនៅដើមខែនេះដោយលោកទទួលបានសម្លេងគាំទ្រដល់ទៅ៩៩ភាគរយពីសមាជិកគណៈកម្មាធិការបោះឆ្នោតមួយ។

ជាបុគ្គលស្មោះស្ម័គ្រនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង លោកលីល្បីខាងគាំទ្រច្បាប់សន្តិសុខជាតិ ដែលចាត់ទុកក្រៅច្បាប់ចំពោះវិទ្ធង្សនា ការបះបោរប្រឆាំងរដ្ឋ ភេរវកម្មនិងការគុបគិតជាមួយបរទេសដើម្បីជ្រៀតជ្រែកកិច្ចការរបស់ទីក្រុងនេះ។ក្រោមច្បាប់សន្តិសុខជាតិ មនុស្សជាង១៥០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីពេលអនុវត្តវានៅខែមិថុនាឆ្នាំ២០២០។មុនទទួលបានការតែងតាំង លោកលីជាបុគ្គលសំខានទីពីររបស់ហុងកុង ។លោកបានចំណាយពេលភាគច្រើននៃអាជីពសេវាស៊ីវិលរបស់លោកធ្វើជាប៉ូលិសនិងក្រោយមកធ្វើការនៅការិយាល័យសន្តិសុខ៕