Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ប្តេជ្ញា​បង្ក្រាប​ថែមទៀត​មុន​នឹង​រៀបចំ​ការបោះឆ្នោត​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អម​ដោយ​រថក្រោះ​និង​ជើង​ទម្រ​បាញ់​មី​ស៊ី​ល ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មីនា​បាន​ប្តេជ្ញា​មិន​បោះបង់​ចោល​ការបង្ក្រាប​គូប្រជែង ហើយ​បាន​ទទូចថា យោធា​នឹង​រៀបចំ​ការបោះឆ្នោត ពោលគឺ​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ទទួលស្គាល់ថា ខ្លួន​មិន​បាន​គ្រប់គ្រង​ទឹកដី​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឱ្យមាន​ការបោះឆ្នោត​។​

​មី​យ៉ាន់​ម៉ា​បាន​ស្ថិត​ក្នុង​ភាពចលាចល​ចាប់តាំងពី​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក្នុង​ឆ្នាំ ២០២១​បន្ទាប់​ពី​បាន​ធ្វើការ​អះអាង​ដោយ​គ្មាន​ហេតុផល​អំពី​ការ​​លួច​បន្លំ​សន្លឹកឆ្នោត​។​

​ការទម្លាក់​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច និង បាន​បង្កើត​ឱ្យមាន​កង​កម្លាំង​ការពារ​ប្រជាជន​ប្រឆាំង​របប​យោធា (PDFs) រាប់សិប​ក្រុម​ខណៈ​ផ្នែក​ជា​​ច្រើន​នៃ​ប្រទេស​ឥឡូវនេះ​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ការប្រយុទ្ធ​គ្នា​និង​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​។​

​ឧត្តមសេនីយ៍ មីន អ៊ុង​ហ្លាំង បាន​ប្រាប់​ទស្សនិកជន​ប្រហែល ៨.០០០ នាក់​ដែល​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​ទិវា​កងកម្លាំងប្រដាប់អាវុធ​ប្រចាំឆ្នាំ​នៅក្នុង​រដ្ឋធានី​ណៃ​ពិដោ យ៉ាង​ដូច្នេះ​ថា​យោធា​នឹង​ចាត់​វិធាន​​ការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​គូ​ប្រជែង​របស់​ខ្លួន និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ដែល​គាំទ្រ​ពួក​ប្រឆាំង​។​

​លោក​បាន​និយាយថា “​អំពើ​ភេរវកម្ម​របស់​រដ្ឋាភិបាល​ស្រមោល NUG និង​ពួក​បាវបម្រើ​ហៅថា PDFs នឹង​ត្រូវ​កម្ចាត់​ឱ្យអស់​ជា​រៀងរហូត​”​។ NUG គឺ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​រួបរួម​ជាតិ​ជា​ស្ថាប័ន​គ្រប់​​គ្រង​ដោយ​សមាជិក​សភា​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​ដែល​កំពុង​ធ្វើការ​ប្រឆាំង​របប​យោធា​កើតចេញ​ពី​រដ្ឋប្រហារ​។​

​លោក​បាន​បន្តថា បន្ទាប់​មក​របប​យោធា​នឹង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នៅ​ពេល​បញ្ចប់​ស្ថានភាព​អាសន្ន​។​

​កាលពី​ខែ​កុម្ភៈ យោធា​បានប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈពេល​ពីរ​ឆ្នាំ​ទៀត ហើយ​បាន​ពន្យារពេល​ការបោះឆ្នោត​ដែល​ខ្លួន​បាន​សន្យាថា​នឹង​រៀបចំ​នៅ​ខែ​សីហា​ដោយសារតែ​ខ្លួន​មិន​​បាន​គ្រប់គ្រង​ប្រទេស​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ការបោះឆ្នោត​អាច​ប្រព្រឹត្តទៅបាន​។​

​ឧត្តមសេនីយ៍ មីន អ៊ុង​ហ្លាំង បាន​ប្រាប់​ក្បួន​ដង្ហែ​ថា “​ភាពស្ងប់ស្ងាត់​និង​ស្ថិរភាព​គឺមាន​សារៈសំខាន់​” មុន​ពេល​ការបោះឆ្នោត​ណាមួយ​អាច​ដំណើរការ​ទៅមុខ​បាន​។​

​យន្តហោះ​បាន​ហោះ​ពីលើ​ក្បាល​ដោយ​បញ្ចេញ​ផ្សែង​ពណ៌​លឿង ក្រហម និង​បៃតង​នៃ​ទង់ជាតិ ហើយ​ការហោះហើរ​របស់​យន្តហោះ​ចម្បាំង Sukoi Su-30​ផលិត​ដោយ​រុស្ស៊ី​ចំនួន​ប្រាំ​គ្រឿង​បាន​បន្លឺ​​សំឡេង​លាន់​ទ្រហឹង​។​

​រូបភាព​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានបង្ហាញ​ស្ត្រី​ឈរ​តម្រង់​ជួរ​តាម​ដងផ្លូវ​ដែល​នាំទៅ​ដល់​ទីលាន​ដង្ហែ​ក្បួន ដើម្បី​ហែ​ក្បួន​ទាហាន​ជាមួយនឹង​ផ្កា​។​

​ទិវា​កងកម្លាំងប្រដាប់អាវុធ​គឺ​រំលឹក​ដល់​ការចាប់ផ្តើម​នៃ​ការតស៊ូ​ក្នុង​តំបន់​ចំពោះ​ការកាន់កាប់​របស់​ជប៉ុន​ក្នុងអំឡុង​សង្គ្រាមលោកលើកទីពីរ ហើយ​ជា​ធម្មតា​មាន​ក្បួន​ដង្ហែ​យោធា ដែល​ចូលរួម​ដោយ​មន្ត្រី​និង​អ្នកការទូត​បរទេស​៕

លោក​មីន​អ៊ុង​ហ្លាំង​ប្តេជ្ញា​បង្ក្រាបពួក​ប្រឆាំង​ឱ្យអស់​គ្មានស​ល់​ម្នាក់ នៅ​ចំពោះមុខ​ក្បួន​ដង្ហែ​ទិវា​កងកម្លាំងប្រដាប់អាវុធ​ប្រចាំឆ្នាំ​នៅក្នុង​រដ្ឋធានី​ណៃ​ពិដោ

Post navigation