Views: 4
ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ សារព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថា របបយោធាមីយ៉ាន់ម៉ា បានរិះគន់សម្ពន្ធមិត្តចិនដោយសារតែខ្សែភាពយន្តកំពុងផ្ទុះមួយស្តីពីការជួញដូរមនុស្សនិងគំរោងឆបោកចាប់ជំរិតបាននិងកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន។
ខ្សែភាពយន្តNo More Betsនិយាយអំពីអ្នកបង្កើតកម្មវិធីកុំព្យូទ័រម្នាក់ដែលត្រូវបានជួញដូរមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មិនបញ្ចេញឈ្មោះមួយនិងត្រូវបង្ខំអោយធ្វើការជាជនឆបោកសំរាប់ក្រុមទុច្ចរិតមួយ។
វាមិនបាននិយាយចំឈ្មោះមីយ៉ាន់ម៉ាទេ តែវាដូចជានៅប៉ែកខាងជើងប្រទេសគ្មានច្បាប់ទម្លាប់របស់មីយ៉ាន់ម៉ា កន្លែងដែលរដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថា ពលរដ្ឋរបស់ខ្លួនត្រូវបានទាក់ទាញឬជួញដូរ ហើយបង្ខំអោយធ្វើការក្នុងគំរោងឆបោកនិងជំរិតជនរួមជាតិរបស់ខ្លួនតាមអនឡាញ។
អគ្គកុងស៊ុលរបស់មីយ៉ាន់ម៉ានៅទីក្រុងណាននីញរបស់ចិន បានលើកឡើងការដែលខ្សែភាពយន្តនេះ«ធ្វើអោយខូចឈ្មោះមីយ៉ាន់ម៉ា…ដែលថតដោយក្រុមហ៊ុនចិននិងចាក់បញ្ចាំងនៅចិនព្រមទាំងនៅជុំវិញពិភពលោក» នេះបើតាមកាសែតGlobal New Light of Myanmar។
លោកបានប្រាប់ពួកមន្ត្រីរដ្ឋាភិបាលនៅតំបន់ហ្កាងស៊ីថា «ខ្សែភាពយន្តនេះពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា និងមានរបាយការណ៍ថា ជនជាតិចិនបារម្ភមិនហ៊ានមកមីយ៉ាន់ម៉ាទេ»។
ទោះជាទើបតែចេញបញ្ចាំងកាលពីខែសីហា រឿងNo More Betsបានក្លាយជាខ្សែភាពយន្តពេញនិយមបំផុតលំដាប់ទីបីនៅចិនក្នុងឆ្នាំនេះ ដោយកើបលុយបាន៣,៨ពាន់លានយ័ន(៥២១លានដុល្លារ)។
សូមបញ្ជាក់ថា មុនខ្សែភាពយន្តនេះចេញមួយខែ ចិនបានប្រាប់មីយ៉ាន់ម៉ាអោយបោសសម្អាតមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់ព្រំដែនគ្មានច្បាប់ទម្លាប់ដែលផ្តោតលើជនជាតិចិន៕

ខ្សែភាពយន្តNo More Betsរកបានចំណូល៥២១លានដុល្លារគ្រាន់តែទលើបចេញបញ្ចាំងបានជាងមួយខែ