Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ទីរពេទ្យបង្អែកថ្មពួក ប្រកាសជូនដំណឹងដល់ស្រ្តី ដែលមានបញ្ហារោគស្រ្តី ឱ្យមកជួបពេទ្យ ដើម្បីពិនិត្យនិងបង្ការជំងឺ

Views: 2

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ទីរពេទ្យបង្អែកថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានប្រកាស ជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាស្រ្តីទាំងឡាយ ដែលមានបញ្ហារោគស្រ្តី អាចមក ពិគ្រោះ និងពិនិត្យរកមេរោគមហារីមាត់ស្បូន ក៏ដូចជា វិធីបង្ការជំងឺ និងទទួលយក ការព្យាលបាល ឱ្យទាន់ពេលវេលា ។ ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកថ្មពួក ក៏បានជូន ដំណឹងឱ្យដឹង អំពីការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រឆាំង ឬព្យាបាលពិសពស់ ផងដែរ ពីក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែកថ្មពួក បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញាថាៈ ដំណើរការនេះ នឹងប្រព្រឹត្តទៅ ចាប់ពីដើមខែក្រោយទៅ នៅពេលលោកស្រី វេជ្ជបណ្ឌិតជំនាញ និងសហការី ដែលទទួលការបណ្តុះបណ្តាល ពីនាយកដ្ឋានគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល បានមកបំពេញការងារ។
ពោលគឺដូចនៅមន្ទីរពេទ្យឯទៀតដែរ ។

លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ បានបន្តថាៈ កន្លងមក សេវាផ្នែកនេះ បានដំណើរការ ហើយ ប៉ុន្តែនៅមានចំនួនស្ត្រី (សម្រាប់តែស្ត្រីមានប្តី ធ្លាប់មានប្តី និងស្ត្រី វ័យកណ្តាល ឡើង) តិចតួចនៅឡើយ បានមកពិនិត្យ និងព្យាបាល។ នោះអាចមកពីរបាំងអៀនខ្មាស ប្រពៃណី និងការមិនទាន់ជឿទុកចិត្ត ឬមិនទាន់ដឹង ពីសេវារបស់គ្រូពេទ្យ ។

លោកក៏បានបញ្ជាក់ថាៈ ពីពេលនេះតទៅ នៅមន្ទីរពេទ្យនេះ សេវារោគស្ត្រី ឆ្មបសម្រាល ជាដើម គឺមានដាក់ឱ្យតែគិលាននុបដ្ឋាយិកា គ្រូពេទ្យ វេជ្ជបណ្ឌិត ជាស្ត្រីសុទ្ធបម្រើការ មិនមានបុរសទេ ។

លោកប្រធានមន្ទីរពេទ្យបង្អែកថ្មពួក បានបញ្ជាក់ថាៈ សូមបងប្អូនស្ត្រី ចាំបាច់ត្រូវយល់ដឹង អំពីជំងឺមហារីកមាត់ស្បូននេះ ហើយឱ្យគ្រូពេទ្យ ពិនិត្យ បង្ការ និងព្យាបាល ឱ្យបានទាន់ពេល ។

ពាក់ព័ន្ធនឹងជំងឺមហារីកមាត់ស្បូននេះ លោកប្រធានមន្ទីរពេទ្យបង្អែកថ្មពួក បានលើក ឡើងថាៈ តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន? ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តមិន ប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្រ្តី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថា ជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ជំងឺនេះឈរលំដាប់ទី១ នៃជំងឺមហារីករបស់ស្ត្រី នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរពេទ្យបង្អែកថ្មពួក បានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋ ជាស្ត្រី មេត្តាមកពិគ្រោះយោបល់ ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ នៃមន្ទីរពេទ្យបង្អែកថ្មពួក ដើម្បីយល់ដឹងបន្ថែម ពីការពិនិត្យ និងទទួលយកការព្យាបាល ជំងឺមហារីកមាត់ស្បូន ។

ដោយឡែក មន្ទីរពេទ្យនេះ ក៏បានជូនដំណឹងឱ្យដឹងថាៈ មន្ទីរពេទ្យ បានទទួលវ៉ាក់សាំង គ្រប់គ្រាន់ សម្រាប់ប្រឆាំង ឬព្យាបាលពិសពស់ ផងដែរ ពីក្រសួងសុខាភិបាល ។

សូមរំលឹកថា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ បានអះអាង នៅខេត្តបន្ទាយមានជ័យ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាលទូទំាងខេត្តថា ក្រសួង នឹងផ្តល់ វ៉ាក់សាំង ឱ្យបានគ្រប់គ្រាន់ សម្រាប់ការព្យាបាលពលរដ្ឋរងគ្រោះ ដោយពស់ចឹក ឬខាំ៕ V / N

Post navigation