Views: 2
ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី ២៧ កញ្ញា ២០២៣ នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅមន្ទីរនេះ ក្រោមវត្តមានលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ លោក ឈាង ចន្ធី បានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាល ដែលធ្វើឡើងនៅពេលនេះ គឺមានគោលបំណង អភិវឌ្ឍសមត្ថភាពយល់ដឹងបន្ថែមទៀត លើនីតិវិធីនៃការអនុវត្ត របស់កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដល់រដ្ឋបាលឃុំ សង្កាត់ ដែលជាតួអង្គប្រតិបត្តិករផ្ទាល់ និងដល់ រដ្ឋបាលក្រុង ស្រុក ទាំង៨ ដែលជាតួអង្គ ក្នុងការសម្របសម្រួល។
លោកប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង បានលើកឡើងទៀតថា កម្មវិធីកំណត់អត្ត សញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជា មូលដ្ឋាន ជាកម្មវិធីដែលផ្ដោតសំខាន់ ទៅលើការគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មរបស់ ជនមានពិការភាពសម្រាប់ជាមូល ដ្ឋាន ក្នុងការកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព ការទទួលបានសេវាសង្គម ការអភិវឌ្ឍដល់ជនមានពិការភាព និងការប្រើប្រាស់ជាទិន្ន ន័យ សម្រាប់កំណត់ក្រុមគោលដៅ របស់កម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ក្នុងប្រព័ន្ធគាំពារសង្គម ។ លើសពីនេះទៅទៀត កម្មវិធីនេះ ក៏ជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ បណ្ណសម្គាល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាពក្នុងការទទួលបានអត្ថប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងៗទៀត ប្រកបដោយសមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល កម្ពុជា។
លោកប្រធានមន្ទីរសង្គមកិច្ច បានផ្តោតលើក្តីសង្ឃឹមនិងជឿជាក់ យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាល ក្នុងថ្ងៃនេះ នឹងជួយបង្កើននូវសមត្ថភាពចំណេះដឹង និងជំនាញយ៉ាង ជាក់លាក់ ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធីមានតម្លាភាព គណនេយ្យភាព សុចរិតភាព និងប្រសិទ្ធភាពខ្ពស់ ៕ V / N





