Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្រ្តីគយ​១៩នាក់​ដែល​ដល់​អាយុ​កំណត់​ដោយច្បាប់​កំពុង​រត់​ការ​ពន្យារពេល​ចូល​និវត្តន៍

បញ្ជីឈ្មោះមន្រ្តីគយ​ចំនួន១៩រូបត្រូវ​បែក​ធ្លាយ​ក្នុង​​ពេល​​ដែលពួកគេកំពុង​​ព្យា​​យា​​​ម​​​​​​​​​រត់ការ ​​ដើម្បី​​ស្នើ​​​​​សុំ​​ពន្យារពេល​នៃការចូលនិវត្តន៍ តាមរយៈការកែសម្រួលឆ្នាំកំណើត ដើម្បីអាចបើកផ្លូវឱ្យពួកគេបាន​នៅ​​បម្រើ​​ការងារ​ក្នុងក្របខណ្ឌជាមន្រ្តីគយនិងរដ្ឋាករកម្ពុជាបានតទៅទៀត។

លិខិតដែលស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ដែលស្នើឱ្យ​ជួយពិនិត្យនិង​​តាម​​​ដាន ហើយ​វីអូឌី​ទើបទទួល​​បាន​​​នៅ​​ថ្ងៃសុក្រនេះ បង្ហាញថា មន្រ្តីជិត​នឹង​ដល់​អាយុ​​​ចូល​​និវត្តន៍​ឆាប់ៗ​នេះ ចំនួន១៩រូប កំពុងរត់ការសុំបន្ថយអាយុ ដើម្បី​អាចមានលទ្ធ​​ភាពបន្តការងារ​ជា​មន្ត្រី​​គយនិង​រដ្ឋាករ​កម្ពុជា​បាន​​​បន្ត​​ទៀត​​។

លិខិតបន្ថែមថា ដើម្បីអាចជួយសម្រួល​ក្នុងការកែឆ្នាំកំណើតនេះបាន គឺពួកគេ​​ត្រូវចំណាយ​​សម្រា​​ប់​បន្ថ​​យអាយុ​ក្នុង​​​​​១ឆ្នាំ តម្លៃ២០ ០០០ដុល្លារអាមេរិក។

យ៉ាងនេះក្ដី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ព្រំ សុខា បញ្ជាក់ថា ក្រសួងសាម៉ីដែល​​មាន​​ភារកិច្ចគ្រប់គ្រង និងអភិវឌ្ឍន៍​មុខងារសាធារណៈ មិនដែល​បានកែសម្រួលថ្ងៃខែឆ្នាំកំណើតមន្រ្តី​​ណា​​មួយដើម្បីអាចបានបន្តនៅក្នុងក្របខណ្ឌរដ្ឋ​​ទៀតទេ។

លោកបន្តថា ស្ថាប័នដែលទទួលខុសត្រូវក្នុងការសម្របសម្រួលលិខិតស្នាមនេះ គឺមានតែស្ថាប័ន​​តុលា​​ការប៉ុណ្ណោះ ចំណែកស្ថាប័នមុខងារសាធារណៈ គ្រាន់តែជាតួអង្គ​​សម្រាប់ពិនិត្យ​​លើលិ​ខិត​​ស្នា​​ម មុននឹងធ្វើសេចក្ដីនៅនាទីចុងក្រោយប៉ុណ្ណោះ។

លោកបន្តថា៖ «កន្លែងខ្ញុំ គឺខ្ញុំមិនដែលដូរឱ្យគាត់ទេ យល់ដែរទេ​? គឺខ្ញុំអត់ដូរ! គឺខ្ញុំមានការបញ្ជាក់ ហើយ​​​មុន​​​បំផុតគឺតុលាការ។ តុលាការ​គេជាអ្នក​សម្រេចតាម​សាល​ក្រមចំពោះ​កា​រដូរអីហ្នឹង​​។ ទោះ​បី​មាន​​​សាល​​​​ក្រម​យ៉ាង​ណាក៏​ដោយ​ចុះ ប៉ុន្តែ​ត្រូវមានបញ្ជាក់ពីសាម៉ីអង្គភាពស្នើមក អាហ្នឹងបានខ្ញុំ​​អាច​ពិ​​និត្យ​​​​។ ប៉ុន្តែមិនមែនមានន័យថា ឱ្យតែស្នើមក យល់ព្រមតាមគាត់ទេ គឺត្រូវពិនិត្យ​​ឱ្យបាន​​ល្អិត​​ល្អន់​​​ដែរ​​»។

បើតាម​លោក ព្រំ សុខា ការ​ពន្យារពេល​​ចូល​​​និវត្តន៍​របស់​មន្រ្តី​រាជ​ការ​ស៊ីវិល​នេះ អាច​ធ្វើ​​បាន​​ក្នុង​​ករណីពិសេសណាមួយ ផ្អែកតាមឆន្ទានុ​​សិទ្ធិ​​របស់​​លោក​​នាយករដ្ឋមន្រ្តី។ ក្រៅពីនេះ លោកថា អាស្រ័យ​លើ​​​ការ​​​ប្រែ​​ប្រួល​​​​សំបុត្រកំណើតរបស់មន្រ្តីនីមួយៗដែរ ដែល​អាចអនុលោមឱ្យពួកគេមាន​លទ្ធ​​​ភា​​​ព​​​​បន្ត​​នៅក្នុង​​ក្រប​​ខណ្ឌបាន បើទោះជាអាយុត្រូវដល់ពេលកំណត់សម្រាប់ចូលនិវត្តន៍​ក្ដី។

វីអូឌី មិនអាចស្នើសុំការអត្ថាធិប្បាយអំពីរឿងនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោ​​ក អ៊ី រិន្ទ និង​ប្រធាននាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​​ ​លោក គុណ ញឹម បាន​ទេ​ នៅថ្ងៃទី២៧ ខែ​ឧសភា​​នេះ។

ច្បាប់​ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការ​ស៊ីវិល មាត្រា​៥៤ ចែងថា អ្នករាជការទាំងពីរភេទ ត្រូវដាក់​​ឱ្យ​​ចូល​និវត្តន៍ជាកំហិត ពេលដល់អាយុ៥៥ឆ្នាំ។ តែអាយុកំហិតនេះអាចរំកិលដល់៦០ឆ្នាំបាន បើ​​មាន​​​​​​​លក្ខ​​ន្តិកៈ​ដាច់ដោយឡែកបានកំណត់។

ចំណែក នាយកប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ឃើញថា ដើម្បីចៀសវាង​​បញ្ហានេះ ស្ថាប័ននីមួយៗឬក៏អង្គភាពរបស់រដ្ឋ អនុវត្តតាមនីតិវិធីច្បាប់ដែលមានជាធរមាន ជាមធ្យោ​​បាយ​​​​​​​ដ៏ប្រ​​សើ​​រ​​​បំផុតហើយ។ លោកបន្តថា ការលើកយកករណីពិសេស​​ណាមួយមកធ្វើជាអំណះ​​អំ​​ណាង មិនមែនជាជម្រើសដ៏ល្អទេ លើកលែងតែបញ្ហានេះចៀសវាងមិនរួច។

បើតាមលោក ប៉ិច ពិសី ការ​បន្ត​យោគ​យល់​ឱ្យ​មន្រ្តីដែលដល់ពេលចូលនិវត្តន៍ហើយនៅតែស្នើ​​សុំ​​បាន គឺជាឧបសគ្គយ៉ាងធំដល់ការទទួលបានឱកាសសម្រាប់យុវជនក្នុងការ​​អភិវឌ្ឍ​​​ខ្លួន។ ​​មួយ​​វិញ​​​​​ទៀត លោកថា កត្តានេះក៏​អាច​ធ្វើឱ្យមានឱនភាពផ្នែកសេដ្ឋកិច្ចកើតឡើង​បាន​ដែរ តាមរយៈការ​​ចំ​​ណា​​​​យ​​ច​​រន្ត​​កើនឡើង។

លោកបន្តថា៖ «ប្រសិនបើយើងចេះតែ​បន្តអ៊ីចឹង គឺអ្នកជំនាន់ក្រោយបាត់ឱកាស​ ទី១! ហើយ​មួយ​ទៀត​​​ ថវិ​​កាជាតិ​យើង​ចេះតែ​ប្រើប្រាស់​ធំទៅៗ​ ព្រោះអ្នក​ថ្មីចូល​មក​ យើងចេះ​តែ​បង្កើន​ចំណាយ​ចរន្ត​របស់​យើង ហើយអ្នកចាស់អត់ព្រមទៅណា អ៊ីចឹងមានឱកាសណាទៅកាត់បន្ថយចំណាយ ជាពិ​សេស​​​ការ​​ចំណាយ​ទៅលើប្រាក់​បៀវត្សរ៍​ ចរន្ត​​សម្រាប់​ប្រតិ​បត្តិ​ផ្សេងៗ​ហ្នឹង។ ហើយសំខាន់ជាងគេ គឺ​ខ្ញុំ​ផ្ដោត​ទៅលើការផ្ដល់​ឱកាស​ភាព​ជាអ្នក​ដឹក​នាំហ្នឹង​ ដល់អ្នកដឹក​នាំជំនាន់ថ្មី។ ខ្ញុំគិត​ថា នៅក្នុង​ក្រសួង​នីមួយៗសុទ្ធតែបានត្រៀមខ្លួនចូលកាន់កាប់ និង​ដឹកនាំស្ថាប័នសំខាន់ៗរបស់ជាតិហ្នឹង»។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ក៏ធ្លាប់រង​ការ​រិះ​គន់​ថា ដល់​​​ពេល​​​អាយុ​​ចូល​និវត្តន៍ បែរជាអាចបន្តពន្យារពេលសម្រាប់ចូលនិវត្តន៍បាន។ ឆ្លើយតបនឹងប្រតិកម្មនេះ លោក​​នា​​យ​​ករដ្ឋ​​​មន្រ្តី ហ៊ុន សែន កាលពីខែ​ធ្នូ ឆ្នាំ​២០២១ បាន​ថ្លែង​ការ​ពារ​លោក គុណ ញឹម ដោយ​​អះអាង​​ថា​​លោក​​​នឹង​ទុកមេគយរូបនេះបន្តនៅក្នុងតំណែងរហូតដល់ឆ្នាំ២០២៥។

បើតាមលោក ហ៊ុន សែន ការរក្សាតួនាទីលោក គុណ ញឹម នៅក្នុងតំណែងជាអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជានេះ គឺដើម្បីផ្តល់លទ្ធភាព​ឱ្យ​លោក គុណ ញឹម បានធ្វើទំនើបកម្មស្ថាប័ន​​គយ​​បន្ថែ​ម​​​​ទៀត។

បើទោះជាបែបណា សម្រាប់លោក ប៉ិច ពិសី នៅចាត់ទុកថា ដើម្បីធ្វើឱ្យមានភាពរឹងមាំនៃស្ថាប័នជាតិ លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធអនុវត្តដោយម៉ត់ចត់អំពីគោលការណ៍ នីតិវិធី និងបទប្បញ្ញត្តិនានាដែលមានជាធរមាន។

នៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ក៏បានកំណត់ដោយកំហិតដែរ អ្នកដែលមានអាយុកំណត់ដោយច្បាប់ ត្រូវតែចូលនិវត្តន៍ ដោយពុំមានកិច្ចអន្តរាគមន៍ពិសេសណាមួយទេ៕