Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កម្ពុជាត្រៀមខ្លួនសហការជាមួយ សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញសេដ្ឋកិច្ចបៃតង

Views: 19

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ «ពិតមែនតែកម្ពុជា គឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តិចតួចបំផុតក្តី ក៏យើងកំពុងរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែង ជាអន្តរជាតិ ក្នុងការដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកលនានា ជាពិសេស តាមរយៈការចូលរួមអនុវត្ត កិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិទាំងអស់ ដែលកម្ពុជាបានផ្តល់សច្ចាប័ន”។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពកម្ពុជា។

គួរបញ្ជាក់ថា ការថ្លែងពីសំណាក់ លោក រដ្ឋលេខាធិការ ដែលតំណាងឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីកម្មវិធី បណ្តាញបៃតងសកលកូរ៉េ ២០២៣ (Global Green Hub Korea 2023) ក្រោមអធិបតីភាព លោក ហាន ឌុកស៊ូ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ និងការចូលរួមពី តំណាងបណ្ដាប្រទេសក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលកូរ៉េ វិស័យឯកជន និងគ្រឹះស្ថាន ហិរញ្ញវត្ថុ សរុបប្រមាណជាង ៤០០ នាក់ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅសាថារណរដ្ឋកូរ៉េ។

លោក ទិន ពន្លក បានបញ្ជាក់បន្ថែមថាៈ សុខសន្តិភាព និងស្ថិរភាពនយោបាយ ពេញលេញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ បានផ្តល់ឱកាសដល់កម្ពុជា អភិវឌ្ឍសេដ្ឋកិច្ច សង្គម យ៉ាងឆាប់រហ័ស ដែលធ្វើឱ្យកម្ពុជា សម្រេចបានជាប្រទេស មានចំណូល មធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ហើយប្តេជ្ញាសម្រេចគោលដៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយធានាបាននូវបរិយាបន្នសង្គម និងនិរន្តរភាពបរិស្ថាន។

ទន្ទឹមជាមួយគ្នានេះ លោកប្រធានប្រតិភូកម្ពុជា ក៏បានគូសបញ្ជាក់អំពី សមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាផែនការនានាដែលកំពុងអនុវត្ត សំដៅរជំរុញ ការអភិវឌ្ឍបៃតង នៅកម្ពុជា ពោលគឺ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ។ ជាពិសេស កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែង សម្រាប់ អព្យាក្រឹតភាពកាបូន នៅត្រឹមឆ្នាំ២០៥០ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសអាស៊ានទី១ ដែលបានដាក់ចេញយុទ្ធសាស្ត្រជាមួយ គោលដៅជាក់លាក់ ក្នុងការសម្រេចបាននូវ សមតុល្យសូន្យ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅត្រឹមឆ្នាំ២០៥០។

ដើម្បីសម្រេចបាននូវ គោលដៅប្រកបដោយមហិច្ឆតានេះ កម្ពុជាបានដាក់ចេញនូវ ផែនការជាក់លាក់ ក្នុងការអភិរក្ស និងគ្រប់គ្រងព្រៃឈើ ដោយនិរន្តរភាព ការកាត់បន្ថយ ការបញ្ចេញកាបូនពីវិស័យថាមពល និងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រង និងកែច្នៃសំណល់ ការអនុវត្តកសិកម្មដែលបញ្ចេញ កាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតង និងនវានុវត្តន៍។

ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូទ្វេភាគី ជាមួយបណ្តាប្រទេសដែលមាន ចក្ខុវិស័យរួម គឺជាកត្តាចាំបាច់មួយ ដែលធានានូវជោគជ័យ នៃការអភិវឌ្ឍបៃតង ហើយ សាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រទេស ឈានមុខមួយ ក្នុងវិស័យនេះ មានតួនាទីសំខាន់ នៅក្នុងការចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងអនុវត្តសកម្មភាពរួមគ្នាក្នុងការលើក កម្ពស់សេដ្ឋកិច្ចបៃតង ជាពិសេស ការគ្រប់គ្រងសំណល់ ហិរញ្ញប្បទានបៃតង ដំណោះ ស្រាយផ្អែកលើធម្មជាតិ សហគ្រិនភាព បច្ចេកវិទ្យាបៃតង និងការកសាងសមត្ថភាព។

ក្នុងពិធីនេះ លោក ទិន ពន្លក ក៏បានរំលេចនូវវឌ្ឍនភាពសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ជាមួយសាធារណរដ្ឋកូរ៉េ ជាអាទិ៍ ការរៀបចំ និងអនុវត្ត យុទ្ធសាស្ត្រសេដ្ឋកិច្ច ចក្រា ផែនទីបង្ហាញផ្លូវ សម្រាប់ការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព គោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតង ។ល។

លោកបានលើកទឹកចិត្ត ឲ្យមានការគាំទ្រ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីភាគីកូរ៉េខាងត្បូង ជាពិសេសតាមរយៈការវិនិយោគឯកជន ក្នុងការលើកកម្ពស់សេដ្ឋកិច្ច បៃតងនៅកម្ពុជា ក្នុងវិស័យគ្រប់គ្រង និងកែច្នៃសំណល់ ថាមពលនិរន្តរភាព ដំណោះ ស្រាយ ផ្អែកលើធម្មជាតិ គម្រោងឥណទានកាបូន ហិរញ្ញប្បទានបៃតង សហគ្រិនភាព បច្ចេកវិទ្យាបៃតង ការអភិវឌ្ឍធនធានមនុស្ស និងការទូតបៃតង។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថាៈ ច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា ផ្តល់ការលើក ទឹកចិត្តដល់ការវិនិយោគបៃតង និងបច្ចេកវិទ្យាបៃតង ហើយរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈនយោបាយដ៏រឹងមាំ និងការដឹកនាំប្រកបដោយការប្តេជ្ញាចិត្ត និងត្រៀមខ្លួន ជាស្រេច ដើម្បីធ្វើការក្នុងភាពជាដៃគូ ជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងពិភពលោក ប្រកបដោយវិបុលភាព បរិយាបន្ន មាធន់នឹងអាកាសធាតុ និងអព្យាក្រឹត្យកាបូន៕/V

Post navigation