Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្រ្តីជលផលស្ទឹងត្រែងចុះបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទ

Views: 3

ដោយៈសុខុម/ស្ទឹងត្រែង៖ នៅក្នុងរដូវបិទនេសាទឆ្នាំ២០២៣នេះ គិតត្រឹមរយៈពេល១ខែឧសភា មកមន្រ្តីជំនាញរដ្ឋបាលជលផលសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ព្រមទាំងរឹបអូសឧបករណ៍នេសាទខុសច្បាប់បានជាច្រើន។

លោក ស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយឱ្យដឹងថា មន្រ្តីជំនាញយើងរឹបអូសបាន មងបណ្ដែតវែងៗនិងមងដែលលួចដាក់ក្នុងតំបន់អភិរក្សសត្វផ្សោតបានប្រវែង ១១.៦៥០ម៉ែត្រ។ ក្រៅពីនោះដកហូតសន្ទូចរនងដែលលួចដាក់ក្នុងតំបន់អភិរក្ស និងតំបន់អភិរក្សសត្វផ្សោត បានចំនួន ២០៦៤ផ្លែ, ដកហូតរបាំងស្បៃមុងបានប្រវែង ២៥០ម៉ែត្រ។

លោក ស្រី សមវិចិត្រ បានឲ្យដឹងទៀតថាមន្រ្តីជំនាញក៏បានចុះធ្វើការអប់រំណែនាំដល់ប្រជានេសាទនៅតាមដងទន្លេ បានចំនួនជិត១០០នាក់ ដែលទាក់ទងនឹងរដូវបិទនេសាទ និងច្បាប់ស្ដីពីជលផល។ លើសពីនេះទៅទៀត គឺយើងបានឲ្យពួកគាត់ធ្វើកិច្ចសន្យាផ្តិតមេដៃនឹងត្រូវបញ្ឍប់ការលួចប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់បន្តទៅទៀតចំពោះប្រជានេសាទចំនួន ២៦នាក់ ដែលបន្លំលួចនេសាទ ជាក់ស្តែងនៅក្នុងរដូវបិទនេសាទនេះ។

លោកនាយខណ្ឌរដ្ឋបាលជលស្ទឹងត្រែងបានបញ្ជាក់បន្ថែមទៀតថា សម្រាប់តំបន់ស្ទឹងត្រែង យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តចាប់គឺអនុវត្តហាមឃាត់បិទនេសាទចាប់ពីថ្ងៃទី១ខែឧសភា រហូតដល់ថ្ងៃទី៣០ខែកញ្ញាជារៀងរាល់ឆ្នាំ។ ពីព្រោះតំបន់នេះត្រីពូជធំៗវាចាប់ផ្តើមពងកូនតាំងពីខែមេសានិងខែឧសភារហូតមក។

មន្រ្តីជំនាញជលផល , អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងតែងតែបានខិតខំចូលរួមអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបជាក់ស្តែង ក្នុងគោលបំណងសំខាន់គឺមិនឱ្យមានបទល្មើសនេសាទត្រីខុសច្បាប់នៅក្នុងរដូវបិទនេសាទទេ ប្រយោជន៍សំខាន់គឺដើម្បីឱ្យបរិមាណត្រីធម្មជាតិវាសំបូរឡើងវិញ។ឧបករណ៍នេសាទខុសច្បាប់ដែលរឹបអូសបាន ត្រូវបានដុតកម្ទេចចោលអស់មួយចំនួននៅសល់ខ្លះរក្សាទុកនៅតាមប៉ុស្តិ៍ឆ្មាំ និងនៅកន្លែងជលផល ដើម្បីដុតបំផ្លាញចោលនៅពេលក្រោយ។

ក៏ប៉ុន្តែគេបានសង្កេតឃើញថា បើទោះបីជាមានការខិតខំប្រឹងយកចិត្តទុកដាក់ ចុះបង្ក្រាបទាំងយប់ទាំងថ្ងៃរបស់មន្រ្តីរដ្ឋបាលជលផលសហការជាមួយកម្លាំងសហគមន៍ សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់យ៉ាងណាក៍ដោយចុះ ក៏គេនៅតែមានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសគេចពីភ្នែកជំនាញ លួចនេសាទដោយខុសច្បាប់ក្នុងរយៈពេលបិទនេសាទ ដើម្បីចាប់យកត្រីមេពូជធំៗមកលក់នៅតាមទីផ្សារជាបន្តបន្ទាប់។

មន្រ្តីជលផលស្ទឹងត្រែងបានអំពាវនាវ ទៅដល់ប្រជានេសាទ ត្រូវតែចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ពោលគឺត្រូវតែបញ្ឍប់កុំបន្តលួចប្រើឧបករណ៍នេសាទដោយខុសច្បាប់ផ្សេងៗដើម្បីចាប់ត្រីក្នុងពេលវាកំពុងតែបន្តពូជនៅតាមតំបន់ធម្មជាតិឲ្យសោះ។ផ្ទុយទៅវិញបើកម្លាំងជំនាញចាប់បាននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ដោយមិនយោគយល់និងលើកលែងទេ។

មន្រ្តីជំនាញជលផលស្ទឹងត្រែង ក៏បានឲ្យដឹងដែរថា បើសិនជាមានការចូលរួមអនុវត្តច្បាប់ បឈ្ឈប់ការចាប់ត្រីដោយប្រើវិធីល្មើសច្បាប់ផ្សេងៗ ក្នុងពេលត្រីកំពុងពងកូនបាននោះ សង្ឃឹមថា ត្រីនៅខេត្តស្ទឹងត្រែង វានឹងកាន់តែសំបូរឡើងវិញ។ ផ្តើមពីនោះយើងអាចនឹងផ្គត់ផ្គង់តម្រូវការម្ហូបអាហារនៅក្នុងខេត្ត និងអាចចែកចាយទៅតាមទីផ្សារនៅទូទាំងប្រទេសកម្ពុជាយើងបានទៀតផង៕/PC

Post navigation