Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្រ្តីតុលាការឆ្លើយតបទៅ ក្រុមសង្គមស៊ីវិលដែលទាមទារឱ្យដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ

Views: 3

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ក្រុមសង្គមស៊ីវិលបានធ្វើសេចក្ដីថ្លែងការណ៍មួយដោយទាមទារឱ្យមានការដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ដែលត្រូវបានចៅក្រមស៊ើបសួរឃុំខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកាក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ០១៣ ចុះថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ និងត្រូវបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ០១៩ អ.យ.ន ចុះថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ មន្រ្តីជាន់ខ្ពស់នៃតុលាការក៏បានឆ្លើយតបទៅនឹងការទាមទារនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែវិច្ឆិកាបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះបានបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មណ្ឌ បានចែងថា“ប្រសិនបើជនត្រូវចោទបានគេចវេសដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន”។

អ្នកនាំពាក្យដដែលបានពន្យល់នៅក្នុងសេចក្កីថ្លែងការណ៍នេះទៀតថាចំពោះការលើកឡើងថាជនត្រូវចោទមិនបានទទួលដំណឹងពីដីកាសម្រេច ដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុង​​ ចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។ក្នុងករណីនេះនៅពេលចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំនោះ ចៅក្រមស៊ើបសួរប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងម៉ាត់។

សូមជម្រាបថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនមេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ឈ្មោះ ឈឹម ស៊ីថរ ដាក់ពន្ធនាគារព្រៃសជា​ បណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួននៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ខែវិច្ឆិកាបន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលីចូលមកកម្ពុជាវិញ។ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោកអឹម វណ្ណៈចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែលបានចេញកាល
ពីថ្ងៃទី២៣ ខែវិច្ឆិកា ។
ក្រោយចាប់ខ្លួនជាថ្មី លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់រស្មីកម្ពុជាថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនឈ្មោះ ឈឹម ស៊ីថរ បណ្តោះអាសន្ននៅម២។

ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ធ្លាប់បានប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃ ទី២៦ ខែវិច្ឆិកាថា ករណីឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ នេះអនុវត្តដោយសមត្ថកិច្ចការងារសន្តិសុខនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ សហការជាមួយខាងអាកាសយានដ្ឋានយន្តហោះអន្តរជាតិភ្នំពេញ។ការឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ គឺតាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ។ ពីព្រោះតុលាការបានចេញដីកាមួយឱ្យគាត់ (ឈឹម ស៊ីថរ) ស្ថិតនៅក្នុងដែននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យបើសិនជាគ្មានការអនុញ្ញាតពីតុលាការគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ករណីនេះ មានការចោទប្រកាន់កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ មួយចំនួនទាក់ទងនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គមជាតិ ដោយផ្តោតលើក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងមាត្រា ៤៩៥ ”។

សូមជម្រាបថា ឈ្មោះ ឈឹម ស៊ីថរបានដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០២២ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថានទូតអូស្ត្រាលី។ ការចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ។
សមត្ថកិច្ចបានរកឃើញថាមេដឹកនាំបាតុករធ្វើបាតុកម្មតវ៉ាខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍នេះមានរចនាសម្ព័ន្ធអង្គការចាត់តាំងច្បាស់លាស់ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា និងទទួលបានថវិកាពីអង្គការក្នុងស្រុក និងក្រៅប្រទេសដើម្បីធ្វើសកម្មភាព។បន្ទាប់មកឈ្មោះ ​ ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕សរន

Post navigation