Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បញ្ជាក់អំពីការងារសំខាន់ៗ នៅក្នុងដំណាក់កាល នៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត

Views: 2

ដោយៈ មុនីរ័ត្ន​ / ភ្នំពេញៈ អគ្គលេខាធិការរង គ.ជ.ប លោក ម៉ុក ដារ៉ា បានបញ្ជាក់ថា ការងារសំខាន់ៗ នៅក្នុងដំណាក់កាល នៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត រួមមាន៖ ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូល ការប្រគល់ទទួលសម្ភារបោះឆ្នោតនីតិវិធី នៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការដាក់ និងការទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងសេចក្តី សម្រេចរបស់ គឃ.សប នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ការបូកសរុបលទ្ធផលបឋម នៃការបោះឆ្នោតតាមការិយាល័យបោះឆ្នោត ការបូកសរុបលទ្ធផលនៃការបោះឆ្នោត នៅក្នុងរាជធានី ខេត្ត។

អគ្គលេខាធិការរង គ.ជ.ប លោក ម៉ុក ដារ៉ា(រូបថត គ.ជ.ប )

ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រី គ.ជ.ប ស្តីពី“ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប។

អគ្គលេខាធិការរង គ.ជ.ប បានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ដែលជាសិក្ខាកាម​ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឱ្យយកចិត្តទុកដាក់ចំពោះការបង្ហាត់ បង្ហាញរបស់គ្រូឧទ្ទេស និងត្រូវស្វែងយល់បន្ថែមឱ្យបានច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបទប្បញ្ញត្តិនៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងរបៀបប្រើប្រាស់កម្មវិធីថ្មីៗដែល គ.ជ.ប បានធ្វើបច្ចុប្បន្នភាព ដែលមានកម្មវិធីសំខាន់ៗ ដូចជា៖
កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ កម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹង ពាក្យបណ្ដឹងនៅ គឃ.សប និងនៅ គធ.ខប។ ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ គឃ.សប និង គធ.ខប ជាដើម។

វគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រី គ.ជ.ប ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ មានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការឧទ្ទេសលើប្រធានបទ ចំនួន ២៦ រួមនឹងមានការអនុវត្តសម្តែងតួ របស់ក្រុមគ្រូបង្ហាត់ គ.ជ.ប ដើម្បីឱ្យសិក្ខាកាម មានចំណេះដឹងកាន់តែមានភាពជាក់លាក់ និងច្បាស់លាស់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយ ចំនួន ១៨ ចូលរួមប្រកួតប្រជែង។ ហើយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕/V/សរន

Post navigation