Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ ប្រព័ន្ធបោះឆ្នោតបារាំងមិនដូចកម្ពុជាទេ

Views: 4

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតបារាំងមិនដូចកម្ពុជាទេ ដោយបារំាងបានរៀបចំការបោះឆ្នោតតាំងពីសតវត្សទី១៩ មក និងបានកែលម្អប្រព័ន្ធបោះឆ្នោតរបស់ខ្លួនជាបន្តបន្ទាប់ ហើយរហូតដល់បច្ចុប្បន្ន បារាំងកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកពីបំពេញទស្សនកិច្ចផ្លូវការ ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់អំពីស្ថាប័នដែលប្រតិភូកម្ពុជាបានជួបរួមមាន ទី១. ក្រសួងមហាផ្ទៃបារាំង ដែលជាស្ថាប័នរៀបចំការបោះឆ្នោតផ្ទាល់ មិនដូចជានៅកម្ពុជា មានគណៈ-កម្មាធិការជាតិរៀបចំការបោះឆ្នោតដោយឡែក ដែលឯករាជ្យក្នុងការរៀបចំការបោះឆ្នោតនោះទេ។ ក្រសួងមហាផ្ទៃបារំាង មានបណ្តាញរៀបចំការបោះឆ្នោត ដែលជាអាជ្ញាធរក្រុង ខេត្ត និងឃុំ សង្កាត់។ ទី២. ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយស្ថាប័នទាំងពីរនេះ មានកាតព្វកិច្ចដោះស្រាយបណ្តឹងបោះឆ្នោត និងស្ថាប័នមួយចំនួនទៀត ដូចជាស្ថាប័ននិយ័តកម្មសោតទស្សន៍ និងឌីជីថល ដែលជាស្ថាប័នសម្របសម្រួល សម្រាប់ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ។

ចំពោះលទ្ធផល លោក ទេព នីថា បានគូសបញ្ជាក់លើ ៣ចំណុច សំខាន់ៗរួមមាន៖ ទី១. យើងបានស្វែងយល់អំពីប្រព័ន្ធបោះឆ្នោតនៅប្រទេសបារាំង ហើយកម្ពុជាក៏បានជម្រាបជូនពីដំណើរការនៃប្រព័ន្ធបោះឆ្នោតរបស់ខ្លួនជូនដល់ស្ថាប័នពាក់ព័ន្ធនៃបារាំងដែរ។ យើងបានពង្រឹងទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធនឹងការបោះឆ្នោតបារាំង។ ទី២. ការបោះឆ្នោតនៅប្រទេសបារំាង បើប្រៀបធៀបនឹងប្រព័ន្ធបោះឆ្នោតកម្ពុជា មិនដូចគ្នាទេ តែមានចំណុចបច្ចេកទេសមួយចំនួនល្អ ដែលយើងសង្កេតឃើញបារាំងបានរៀបចំនីតិវិធីនៃការបោះឆ្នោតនីមួយៗជាស្រេច ហើយនៅពេលបោះឆ្នោតបានកែសម្រួលបន្តិចបន្តួច ជាសេចក្តីសម្រេចជាមូលដ្ឋានគតិយុត្ត ដាក់ប្រើប្រាស់ ខុសពីកម្ពុជាយើង ដែលយើងធ្វើនីតិវិធីថ្មីសម្រាប់ការបោះឆ្នោតនីមួយៗ។ ទម្រង់បែបបទរៀបចំការបោះឆ្នោតបារាំង សម្រាប់ខេត្ត ឬឃុំ សង្កាត់ របស់ខ្លួនមានពណ៌ផ្សេងគ្នា ដែលងាយស្រួលចំណាំ។ ទី៣. បារាំងបានប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបច្រើន ដែលជាជំនួយក្នុងការគ្រប់គ្រង និងផ្ទៀងផ្ទាត់ក្នុងការបោះឆ្នោត។ ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺមេឃុំ ជាប្រធានការិយាល័យបោះឆ្នោតតែម្តង។ ក្នុងករណីការិយាល័យមានច្រើន មេឃុំទាំងនោះចាត់តាំងមន្ត្រីរបស់ខ្លួនធ្វើជាប្រធានការិយាល័យបោះឆ្នោតតែម្តង និងមានជំនួយការពីរនាក់ទៀត។ នៅពេលបោះឆ្នោតម្តងៗ បារំាងមិនមានការបង្រៀន ឬរៀបចំវគ្គបណ្តុះបណ្តាលច្រើន ដូចនៅកម្ពុជាយើងទេ ដោយគេចេញសេចក្តីសម្រេចបន្ថែមថ្មីមួយ ហើយនៅថ្នាក់ក្រោមរៀបចំការបណ្តុះបណ្តាលដោយខ្លួនឯងតែម្តង។ នៅប្រទេសបារាំងមានការបោះ-ឆ្នោតច្រើន ដូចជាបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងសភាអឺរ៉ុប និងការបោះឆ្នោតថ្នាក់ក្រោមជាតិ ដូចជាថ្នាក់តំបន់ ថ្នាក់ខេត្ត ក្រុង រហូតដល់ឃុំ សង្កាត់៕​សរន / N

Post navigation