Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​លុបបំបាត់​ការដាក់​អន្ទាក់ និង បញ្ឈប់​ការជួញដូរ​សត្វព្រៃ

Views: 1

ដោយ​៖​ដេប៉ូ​/​ខេត្តកំពង់ធំ​៖​ក្រសួងបរិស្ថាន និង​ដៃគូ​បាន​បើក យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​៥​ក្នុង​ខេត្តកំពង់ធំ ហើយ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​លុបបំបាត់​ការដាក់​អន្ទាក់ បញ្ឈប់​ការជួញដូរ​សត្វព្រៃ លុបបំបាត់​តម្រូវការ​សាច់សត្វ​ព្រៃ និង​ផលិតផល​សត្វព្រៃ​នៅ​កម្ពុជា​។​

​គួរ​បញ្ចាក់​ថា​នេះ​ជា​យុទ្ធនា​ការលើក​ទី​៥​ក្នុង​ខេត្ត​បន្ទាប់ពី​ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ និង​មណ្ឌលគិរី​។​យុទ្ធនាការ​នេះដែរ​ត្រូវបាន​ចាប់ផ្ដើម​ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន ទី​ភា្ន​ក់​ងារ​ជំនួយ​អាមេរិក USAD អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (FFI) អង្គការ​អភិរក្ស​អន្តរជាតិ (CI) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស និង​ព្រៃឈើ (RECOFTC) ។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​យុទ្ធនាការ​អន្ទាក់​សូន្យ​បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​អភិវឌ្ឍន៍ និង​អង្គការ​អភិរក្ស​ទាំងអស់ ដែល​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​វិបត្តិ​អន្ទាក់​។​

​ទាក់ទិន​ក្នុង​រឿងនេះ​លោក​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា “​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ត្រូវតែដើរ​ទន្ទឹមគ្នា​ដើម្បី​លុបបំបាត់​ការដាក់​អន្ទាក់​នៅក្នុង​តំបន់ការពារធម្មជាតិ ទើប​អាច​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ​”​។​

​លោក រដ្ឋលេខាធិការ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បរបាញ់ ការដាក់​អន្ទាក់ ជួញដូរ និង​បរិភោគ​សត្វព្រៃ​។ លោក​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ការ​ទទួលទាន​សត្វព្រៃ​មិន​ធ្វើឱ្យ​សុខភាព​មនុស្ស​ប្រសើរឡើង​នោះទេ សាច់សត្វ​ព្រៃ និង​ផ្នែក​ផ្សេងៗ​នៃ​សត្វព្រៃ​មិនគួរ​ប្រើប្រាស់​សម្រាប់​ធ្វើជា​ឱសថ​នោះទេ ហើយ​ការកើនឡើង​នៃ​ការប៉ះពាល់​មនុស្ស​ទៅ​សត្វ​បង្កើន​ហានិភ័យ​នៃ​ការរីក​រាលដាល​មេរោគ និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​ជាមួយគ្នានេះ​លោក បាន​ថ្លែង​ដែរ​ថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា ឈប់​ទិញ លក់ និង​ប្រើ​បរិភោគ​សត្វព្រៃ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងអស់គ្នា​ចូលរួម​ជាមួយ​ក្រសួង និង​ដៃគូ​ដើម្បី​លុបបំបាត់ បញ្ចប់​វិបត្តិ​អន្ទាក់ ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ ក៏ដូចជា​ការពារ​សត្វ​ព្រៃ និង​ធនធានធម្មជាតិ​របស់​ព្រះរាជាណាចក្រ​”​។​

​លោក ប៉ា​ប្លូ ស៊ី​ណូ​វ៉ាស ( Pablo Sinovas ) នាយក​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (FFI) ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយថា “​អន្ទាក់​គឺជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​ដល់​សត្វព្រៃ​នៅក្នុង​ព្រៃរបស់​កម្ពុជា​។ អន្ទាក់​ដែលមាន​តំលៃថោក ងាយស្រួល​ដាក់ពង្រាយ ពិបាក​រក និង​មើលមិនឃើញ ហើយ​អន្ទាក់​កំពុង​បំផ្លាញ​តំបន់ការពារធម្មជាតិ​របស់​សត្វព្រៃ​ដែល​ត្រូវបាន​កំពុង​ការពារ​”​។

​លោក​បន្តថា​៖ “​យើង​ត្រូវ​ចាត់វិធានការ​ឥឡូវនេះ ដើម្បី​កាត់បន្ថយ​តម្រូវការ​សាច់សត្វ​ព្រៃ​ដែល​ជំរុញឱ្យមាន​ការដាក់​អន្ទាក់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​” ។​

​លោក ស៊ុម ភា​រុណ ប្រធាន​គម្រោង​អភិរក្ស​តំបន់​ទេសភាព​បឹង​ទន្លេសាប នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “​អន្ទាក់​សម្លាប់ និង​បង្ក​របួស​ដល់​សត្វព្រៃ​រាប់មិនអស់​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​។ ការដោះស្រាយ​វិបត្តិ​ការដាក់​អន្ទាក់​នៅ​ទូទាំង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ទាមទារ​ឱ្យមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ចាប់ពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់ជាតិ​”​។​

​លោក ជេ​ក​សុន ហ្រេ​ជិត (Jackson Frechette) នាយក​ប្រចាំ​តំបន់​របស់​អង្គការ​អភិរក្ស​អន្តរជាតិ (CI) ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ​គឺ​បណ្ដាលមកពី​ការបរិភោគ​សាច់សត្វ​ព្រៃ​។ អន្ទាក់​គឺជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅ​ជួរ​ភ្នំក្រវាញ យើង​មាន​ភស្តុតាង​ច្បាស់លាស់​ដែល​បញ្ជាក់ថា​កូនដំរី​ភាគច្រើន​កំពុង​ជាប់អន្ទាក់​នឹង​ជើង​របស់​ពួកវា ដែល​ធ្វើឱ្យមាន​ការឈឺចាប់ និង​ឈានដល់​ការស្លាប់​។ ការ​ប្រឈម​និង​អន្ទាក់​នេះ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​”​។

​បើតាម​លោកស្រី ហ៊ូ កល្យាណ នាយក​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស និង​ព្រៃឈើ (RECOFTC) ប្រចាំ​ប្រទេស​កម្ពុជា “​សហគមន៍​គឺជា​ត្រចៀក និង​ភ្នែក​សម្រាប់​ការគ្រប់គ្រង​ធនធានធម្មជាតិ​។ ការចូលរួម​របស់​ពួកគេ​ក្នុងការ​អនុវត្ត​ច្បាប់​គួរតែ​ត្រូវបាន​ស្វាគមន៍ ពីព្រោះ​ការអភិរក្ស​ជីវចម្រុះ​មាន​តួនាទី​គាំទ្រ​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​មូលដ្ឋាន​។​ក្រៅពី​ការលើកកម្ពស់​ការយល់​ដឹង​ជា​សាធារណៈ ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ក្រសួងបរិស្ថាន និង​ដៃគូ​ក៏​សហការគ្នា​ផងដែរ ក្នុងការ​ផ្តល់​ការ​ជម្រើស​មុខរបរ​ជីវភាព រួមទាំង​គំនិត​ផ្តួចផ្តើម​កសិកម្ម រុក្ខាប្រមាញ់ និង​អេកូ​ទេសចរណ៍ ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​រស់នៅ​ជាប់​តំបន់ការពារធម្មជាតិ ដែល​តាម​ប្រពៃណី​អាស្រ័យ​លើ​ការប្រមូល​អនុផល​ព្រៃឈើ ការ​បរបាញ់​តាមបែប​ប្រពៃណី​យក​សាច់​បរិភោគ និង​ជួញដូរ​។

​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏​នឹង​ព្យាយាម​ផ្លាស់ប្តូរ​ជម្រើស និង​អាកប្បកិរិយា​របស់​មនុស្ស​ក្នុងការ​បរិភោគ​សត្វព្រៃ ដើម្បី​ការពារ​សុខភាព​សាធារណៈ​ពី​ហានិភ័យ​នៃ​ជំងឺ​រាតត្បាត​នាពេល​អនាគត​៕​

Post navigation