Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន​៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងចេញឆាប់ៗ ខាងមុខនេះ សម្រាប់បម្រើប្រជាពលរដ្ឋទាំងមូល

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា ការតម្កល់អំពីសិទ្ធិទទួលបានព័ត៌មាន គឺជាការងារភារកិច្ចរបស់ក្រសួង ព័ត៌មាន នឹងដាក់ចេញអនុវត្ត នៅក្នុងពេលឆាប់ ខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចការ ដែលបានអនុវត្ត តាំងពីអាណត្តិទី៦ ត្រូវបានបញ្ចប់ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។

ការបញ្ជាក់នេះ ក្នុងទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានសកលនៅកម្ពុជា ដែលរៀបចំ ឡើង ដោយអង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកបានលើកឡើងថាៈ “យើងនិយាយវាងាយស្រួល តែដល់ពេលអនុវត្ត វាពិបាក លំបាកនៅត្រង់ចំណុចមួយ ដែលជាសំខាន់ បានន័យថា ពហុយោបល់ ពហុគំនិត យើងឲ្យវាមានច្រកតែមួយ យើងសម្របសម្រួល ឲ្យបានយល់គ្នានោះ គឺជាការចាំបាច់។ យើងបានធ្វើកិច្ចការនេះច្រើនណាស់ តាមរយៈអង្គការអន្តរជាតិ ដែលបានជួយយើង មានដូចជា អង្គការយូណេស្កូ… ។ល។ យើងបានជួបជាមួយសង្គមស៊ីវិលជាច្រើន និងបានពិភាក្សាដោះស្រាយ នៅចំណុចជាច្រើន ប៉ុន្តែមិនទាន់ស្ថិតមកក្នុងផ្លូវ ស្របតែមួយ”។

លោក កឹម គុណវឌ្ឍន៍ បានបន្តថា សិទ្ធិទទួលបានព័ត៌មាននេះ ពាក់ព័ន្ធជាមួយអន្តរ ក្រសួង ពាក់ព័ន្ធជាមួយស្ថាប័នទូទៅ ទាំងស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នថ្នាក់ក្រោម ជាតិ។ ហេតុដូច្នេះហើយ យើងមានចំណុចដែលត្រូវពិចារណា មានចំណុចដែលត្រូវបន្ត ការពិភាក្សា។ យើងនឹងខិតខំធ្វើឲ្យច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងក្លាយជា ការពិត នៅពេលខាងមុខនេះ សម្រាប់បម្រើប្រជាពលរដ្ឋទាំងមូល។

ចំណែកលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងចេញឆាប់ៗ ខាងមុខនេះ ជាសមទ្ធិផលសម្រាប់ រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ហើយក៏ដូចជាសម្រាប់ការចង់បានរបស់សង្គម ទាំងមូល ហើយលោកគាំទ្រឲ្យមានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ហើយនឹងធ្វើការ ជាមួយស្ថាប័នពាក់ព័ន្ធ និងសុំការណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជម្រុញ ឬក៏គាំទ្រឲ្យ ច្បាប់នេះ​ មានការវិវត្តទៅមុខ និងឈានទៅដល់ការអនុម័ត ជាផ្លូវការ នៅពេលអនាគត ដ៏ឆាប់ខាងមុខនេះ។

នៅក្នុងទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានសកលនៅកម្ពុជា ដែលរៀបចំឡើងដោយ អង្គការសង្គមស៊ីវិល កាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ បានទាមទារ ជម្រុញឲ្យច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ចេញឲ្យបានឆាប់ៗ នៅក្នុងពេលខាង មុខនេះ៕ V / N

Post navigation