Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជម្រាបក្រុមហ៊ុនអូទ្រីស ពីគោលដៅរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកការវិនិយោគ​ពីវិស័យឯកជន

Views: 6

ដោយៈ សុផល / ភ្នំពេញ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួង សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទទួល ជួបពិភាក្សាការងារ លើកទី២ ក្នុងនាមភាពជាដៃគូសហការក្នុងតំបន់ ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រង ប្រចាំតំបន់ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ ពាក់ព័ន្ធ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ ជំនួបនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីស្វែងយល់ព័ត៌មាន សម្រាប់គម្រោងការសិក្សានានា ទាក់ទងនឹងសេវាដឹកជញ្ជូន សាធារណៈ ក៏ដូចជាព័ត៌មានគម្រោងផ្សេងៗ ដែលកំពុងអនុវត្ត ជាពិសេសគម្រោង ពាក់ព័ន្ធវិស័យ​ដឹកជញ្ជូនសាធារណៈ សំដៅអនុញ្ញាតឱ្យក្រុមហ៊ុន អាចសិក្សាតភ្ជាប់ ប្រតិបត្តិការ របស់ក្រុមហ៊ុនជាមួយ គម្រោងដែលមានស្រាប់ ឬគម្រោងកំពុងសិក្សា ទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានា ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយ ដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែក ល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើង លើអាកាស ដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការប្រចាំការ បានបង្ហាញពីគោលដៅរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការទទួលយក ការវិនិយោគពីវិស័យឯកជន ឬការចូលរួមចំណែកពីដៃគូ អភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមមួយ កម្រិតទៀត។

ទន្ទឹមជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន រៀបចំឱ្យបានលម្អិតបន្ថែមទៀត ទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈ ពិសេសនៃគម្រោង “កន្រ្តកខ្សែកាប” (Cable Car) របស់ក្រុមហ៊ុន ក្នុងលក្ខខណ្ឌ ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថ្មីៗ ដែលក្រសួង បានផ្ដល់ជូនរួចមក ដើម្បីគោរពស្នើសុំលោកទេសរដ្ឋមន្រ្តី ពិនិត្យសម្រេចលើគម្រោងការសិក្សា ដែលក្រុមហ៊ុន បានលើកឡើង។

សូមជម្រាបជូនថា៖ ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនមួយរបស់ ប្រទេសអូទ្រីស មានជំនាញរៀបចំផែនការអភិវឌ្ឍន៍ រចនា ផលិត សាងសង់ និងគាំទ្រ គម្រោងច្នៃប្រឌិត ទាក់ទងនឹងការដឹកជញ្ជូន អ្នកដំណើរដោយកន្រ្តកខ្សែកាប (Cable Car) ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ នៅក្នុងតំបន់ ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។ ក្រុមហ៊ុននេះ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគ លើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា​ ជាពិសេសនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ៕/V/R

Post navigation