Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីជំនាញ បានចុះចាក់វ៉ាក់សាំង ការពារជំងឺផ្សេងៗ និងរកទីទួលសុវត្ថិភាព ដល់សត្វពាហនៈ នៅស្រុកប្រាសាទសំបូរ

Views: 4

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ រួមទាំងមន្ត្រី និងដោយមាន ការអញ្ជើញចូលរួមដោយលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ព្រមទាំង មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យ សុខភាពសត្វ បានផ្តល់ការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកសត្វគោ ក្របី ជូនកសិករ នៅទីទួលសុវត្ថិភាព ត្រពាំងលាងដាវ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ បានជួបសំណេះសំណាលបន្ថែម ជាមួយកសិករ មកពីតំបន់រងផលប៉ះពាល់ ដោយទឹកជំនន់ និងអំពាវនាវដល់កសិករ ដែលជាម្ចាស់សត្វ ឲ្យនាំយកសត្វគោ ក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ។ នៅពេលក្រុមការងារថ្នាក់ខេត្ត រៀបចំឡើង និងបានណែនាំពីវិធានការការពារ ទប់ស្កាត់ ការឆ្លងជំងឺសត្វ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វ និងនាំសត្វទៅរក ទីទួលសុវត្ថិភាព នារដូវទឹកជំនន់នេះ ប្រសិនបើមានសត្វឈឺ ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ឱ្យបានទាន់ពេលវេលា។

លោក ចាន់ បញ្ញាវ័ន្ត បានរៀបចំចុះវាក់វ៉ាក់សាំង ការពារជំងឺដល់សត្វគោក្របីជូនបងប្អូន ប្រជាកសិករ ដើម្បីការពារកុំឱ្យជំងឺរីករាលដាល ទៅដល់សត្វគោក្របី ផ្សេងទៀត។ ជាលទ្ធផល ក្រុមការងារ សម្រេចបានគោក្របីសរុបចំនួន ២២៣ ក្បាល ក្នុងនោះ ក្របី ៥៦ ក្បាល និងបានផ្តល់ជូននូវ វ៉ាក់សាំងសាទឹក ១.០០០ កម្រិត និងថ្នាំព្យាបាលមួយ ចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនកសិករ ក្នុងមូលដ្ឋានរបស់ពួកគាត់ នៅក្នុងមូលដ្ឋាន។

លោកប្រធានការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្តកំពង់ធំ បានអំពាវនាវដល់ បងប្អូនប្រជាកសិករ ដែលមានសត្វគោក្របី សូមយកមករកកន្លែង មាននៅទីទួលមាន សុវត្ថិភាព ដើម្បីការពារពីទឹកជំនន់ និងការពារ កុំឱ្យឆ្លងជំងឺផ្សេងៗ។ ជាពិសេសរៀបចំ ទ្រុងឱ្យបានស្អាត និងមានស្មៅស៊ីបានគ្រប់គ្រាន់ និងការពារកុំឱ្យមានជំងឺឆ្លងទៅដល់ សត្វគោក្របីផ្សេងទៀត ប្រសិនបើមានបញ្ហា ឬសង្ស័យថាមានជំងឺ សូមរាយការណ៍ មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ V / N

Post navigation