Views: 1
ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានថ្លែងថាៈ ស្រឡាញ់ផលិតផលខ្មែរ គឺស្នេហាជាតិ ហើយកុំគេច ឬខ្លាចផលិតផលខ្មែរ ដូចខ្លាចមីន ។ បើយើងជាខ្មែរ មិនអោយតម្លៃ និងលើកតម្កើង ផលិតផលខ្មែរ តើឱ្យនរណា គេមកលើកកម្ពស់នោះ ? ។

លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានថ្លែងដូច្នេះក្នុងវេទិកាផ្គូតផ្គង រវាងអ្នកផលិត និងអ្នកទិញ និងការតាំង បង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតផល ក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១) នាថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២៣ ។
វេទិកានេះធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ – ២២:០០ នៅផ្សារប៊ីកស៊ី (Big C Super Market ) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ វេទិការវាងអ្នកផលិត និងអ្នកទិញ គឺបានចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់ការកាត់បន្ថយភាពក្រីក្រ គឺការកៀងគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក នៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។
ភូមិមួយផលិតផលមួយ (OVOP ) ធ្វើការជាមួយអ្នកផលិតសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងស្រុក M/SMEs/MEs, និងសមាគមធុរកិច្ច ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។ យើងធ្វើការលើការកសាង បណ្តាញទីផ្សារ ដើម្បីឱ្យប្រទាក់ក្រឡាគ្នា រវាងអ្នកផលិត និងអ្នកទិញ យកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ ផលិតផលក្នុងស្រុក ដើម្បីលក់បន្ត និងឈានទៅការនាំចេញ។
លោក អ៊ុំ រាត្រី បានបន្តថាៈ លើសពីនេះ យើងក៏ទាក់ទងជាមួយអាជ្ញាធរ និងសា្ថប័ន ពាក់ព័ន្ធ ដើម្បីកសាងបរិយាកាសអំណោយផល សម្រាប់ផលិតផលក្នុងស្រុក ឱ្យរីកចម្រើន។ នេះនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ក្នុងប្រទេស។
លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ គណៈកម្មាធិការជាតិ និងគណៈ កម្មាធិការខេត្ត-រាជធានី ជំរុញចលនាភូមិមួយផលិតផលមួយ មានសេចក្តីរំភើបរីករាយ ការដឹកនាំគំនិតផ្ដួចផ្ដើម ឱ្យមានជំនួបរវាងផលិតផល និងអ្នកទិញ ដ៏មានសារៈសំខាន់នេះ ដែលមានគោលបំណងកាត់បន្ថយគម្លាត រវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុ ភាព ប្រកបដោយប្រសិទ្ធភាព និងសុច្ចរិតភាព។
លោកបណ្ឌិត សួង ណយ បានបន្តថាៈ តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្ដាញ ប្រទាក់ក្រឡាគ្នា ប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើ ប្រាស់) ហើយពួកគាត់ អាចសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ ពីគ្នាទៅវិញ ទៅមក និងក៏ចង់ណែនាំអ្នកផលិត ទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចុះបញ្ជីឬ ច្បាប់គតិយុត្តិផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ឱ្យកាន់តែមានទំនុកចិត្ត និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាព របស់សហគមន៍មូលដ្ឋានផងដែរ។
ជាចុងក្រោយនៃកម្មវិធី គណៈអធិបតី និងប្រតិភូ ក៏បានអញ្ជើញទស្សនានូវការតាំង ផលិតផលខ្មែរនានា ដែលមានប្រភពទីទៃពីគ្នាជាច្រើន ដូចជា សំលៀកបំពាក់ ក្រមា សំពត់សូត្រខ្មែរ ចំណីអាហារកែច្នៃ ភេសជ្ជៈ ស្រាផ្លែឈើ ស្រាផ្លែមាន ផលិតផល កសិកម្ម ចម្លាក់ សិល្បៈ និងរបស់ប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃ ៕ V / N






