Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មួយ​ថ្ងៃមុន​ទស្សនកិច្ច​របស់​លោក​ស៊ី លោកពូ​ទីន​ស្វាគមន៍​តួនាទី​ចិន​ក្នុង​វិបត្តិ​អ៊ុ​យក្រែន​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នៅក្នុង​អត្ថបទ​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មីនា​នៅ​មួយ​ថ្ងៃមុន​ដំណើរ​ទស្សនកិច្ច​របស់​សម​ភាគី​ចិន​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ស្វាគមន៍​ចំពោះ​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​ដើរតួនាទី​ស្ថាប​នា​ក្នុង​ការដោះស្រាយ​វិបត្តិ​អ៊ុ​យក្រែន​។​

​នៅក្នុង​អ្វីដែល​វិមាន​ក្រឹម​ឡាំង​និយាយថា​ជា​អត្ថបទ​ដែល​សរសេរ​សម្រាប់​កាសែត​ចិន លោកពូ​ទីន​បាន​ហៅ​លោក​ស៊ី​ថា “​មិត្ត​ចាស់​ដ៏​ល្អ​” ហើយ​និយាយ​ថា​រុស្ស៊ី​មាន​ក្តីសង្ឃឹម​ខ្ពស់​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​​គាត់ ដែល​ជា​មេដឹកនាំ​ចិន​ដំបូង​គេ​មក​កាន់​ប្រទេស​រុស្ស៊ី​ចាប់តាំងពី​លោកពូ​ទីន​បានចាប់ផ្តើម “​ប្រតិបត្តិការ​យោធា​ពិសេស​” កាលពី​ឆ្នាំមុន​។

​លោកពូ​ទីន​បាន​និយាយថា “​យើង​មាន​អំណរ​អរគុណ​ចំពោះ​ជំហរ​តុល្យភាព​របស់​ចិន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​អ៊ុយ​ក្រែន​សម្រាប់​ការយល់ដឹង​ពី​សាវតារ​និង​មូលហេតុ​ពិត​របស់​វា​។​យើង​​ស្វាគមន៍​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​ដើរតួនាទី​ស្ថាប​នា​ក្នុង​ការដោះស្រាយ​វិបត្តិ​”​។​

​លោក​ស៊ី​និង​លោកពូ​ទី​ន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ “​គ្មាន​ដែន​កំណត់​” នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ការឈ្លានពាន​កាលពី​ឆ្នាំមុន​។​ចិន​បាន​រក្សា​អព្យាក្រឹត​ជា​សាធារណៈ​នៅក្នុង​​ជម្លោះ​អ៊ុ​យក្រែន ខណៈ​រិះគន់​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច​ប្រឆាំងនឹង​រុស្ស៊ី​និង​បញ្ជាក់​ឡើងវិញ​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ខែ​មុន​បាន​ចេញផ្សាយ​ឯកសារ ១២ ចំណុច​ដែល​អំពាវនាវ​ឱ្យ​មាន​ការសន្ទនា​និង​ការដោះស្រាយ​បញ្ហា​នៅ​អ៊ុ​យក្រែន ប៉ុន្តែ​វា​មានតែ​សេចក្តីថ្លែងការណ៍​ទូទៅ​និង​មិនមាន​​សំណើ​ជាក់ស្តែង​សម្រាប់​របៀប​ដែល​សង្គ្រាម​រយៈពេល​មួយ​ឆ្នាំ​អាច​នឹង​បញ្ចប់​នោះទេ​។​

​អ៊ុ​យក្រែន ដែល​និយាយថា​រាល់​ការដោះស្រាយ​បញ្ហា​ណាមួយ​នឹង​តម្រូវ​ឱ្យ​រុស្ស៊ី​ដកចេញ​ពី​ទឹក​ដី​ទាំងអស់​ដែល​ពួកគេ​បាន​ដណ្តើម​យក​រួមទាំង​ឧបទ្វីប​គ្រី​ម៉េ ដែល​រុស្ស៊ី​បាន​កាត់​យក​ក្នុង​ឆ្នាំ ២០១៤ បាន​ស្វាគមន៍​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​សំណើ​របស់​ចិន​។​

​សហរដ្ឋ​អាម៉េរិក​បាន​បញ្ចេញ​ប្រតិកម្ម​ជាមួយនឹង​មន្ទិលសង្ស័យ​យ៉ាងខ្លាំង ដោយហេតុ​ថា​ចិន​បាន​បដិសេធ​មិន​ព្រម​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​ហើយ​និយាយ​ថា​បទ​ឈប់​បាញ់​ឥឡូវ​នឹង​បាន​ត្រឹម​​ឱ្យ​រុស្ស៊ី​ចំណេញ​ទឹកដី​និង​ផ្តល់​ពេលវេលា​បន្ថែម​សម្រាប់​កងទ័ព​របស់​ពូ​ទីន​ប្រមូលផ្តុំ​ឡើងវិញ​ប៉ុណ្ណោះ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​តាំងពី​ខែ​មុន​ថា ខ្លួន​ព្រួយបារម្ភ​ថា​ចិន​អាច​នឹង​ផ្តល់​អាវុធ​ដល់​រុស្ស៊ី ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បដិសេធ​៕

​លោកពូ​ទីន​បាន​និយាយថា ទំនាក់ទំនង​រុស្ស៊ី​-​ចិន​កំពុង​ស្ថិតក្នុង​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ ហើយ​ពួកគេ​កំពុង​សម្របសម្រួល​គោលនយោបាយ​ការបរទេស​របស់​ពួកគេ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​​គំរាមកំហែង​រួមគ្នា ខណៈ​ការប៉ុនប៉ង​របស់​អាម៉េរិក​ដើម្បី​ទប់ស្កាត់​ប្រទេស​ទាំង​ពីរ​មាន “​ចរិត​កាន់តែ​ក្លៀវក្លា​និង​មុតមាំ​ជាង​មុន​”

Post navigation