Views: 5
ដោយៈដេប៉ូ/ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី ៩ ខែកញ្ញាឆ្នាំ២០២៣ នេះ បានកោតសរសើរររដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ចំនួនពីរដងនៅចំពោះមុខអង្គពិធីជួបសំណេះសំណាលជាមួយកម្មករប្រមាណជិតពីរម៉ឺននាក់នៅខេត្តកំពង់ស្ពឺ។

ការកោតសរសើរនេះបន្ទាប់ពីលោក ហេង សួរ បានលើកឡើងក្នុងរបាយការណ៍ពីវឌ្ឍនភាពក្នុងវិស័យការងារដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើតាំងពីដើមរហូតមកដើម្បីភាពប្រសើរឡើងនៃវិស័យការងារនៅកម្ពុជា។
សម្តេចធិបតី មានប្រសាសន៍ថា៖ “ដូចបងសួរ រំលឹកចឹង! មេដឹកនាំរបស់យើង សម្តេចតេជោ និងថ្នាក់ដឹកនាំរបស់យើងដែលបានដឹកនាំ៤៤ឆ្នាំមកនេះ មិនត្រឹមតែរំដោះប្រជាជន ពីរបបប្រល័យពូជសាសន៍ ថែរក្សាលំនឹងសេដ្ឋកិច្ច កំណែទម្រង់ផ្ទៃក្នុង ហើយចេញទៅក្រៅប្រទេស ។ចរចាបន្តិចម្តងៗទម្រាំបានប៉ុណ្ណេះ ។នេះហើយបងប្អូន គុណបំណាច់និងការខិតខំមេដឹកនាំគ្រប់ជំនាន់របស់យើង ជាពិសេសសម្តេចតេជោ”។
ដោយឡែកក្នុងពេលថ្លែងសង្កកថា សម្តេចធិបតីបានលើកឡើងថា៖ “អំបាញ់មិញឯកឧត្តមហេង សួរបានអាននូវរបាយការណ៍ច្រើនហើយទាក់ទងនឹងការយកចិត្តទុកដាក់ គោលនយោបាយដែលបានអនុវត្តកន្លងមកហើយ និងបន្តអនុវត្តទៀតទៅដល់កម្មករ កម្មការិនី មន្ត្រីរាជការយើង ជាពិសេសអ្នកមានផ្ទៃពោះដែលគិតតាំងពីមិនទាន់កើត…”។
ការលើកសរសើរនេះ ត្រូវបានកត់សម្គាល់ឃើញថា មានចំនួនពីរដងក្នុងសង្កកថាប្រមាណពីរម៉ោងរបស់សម្តេចនាយករដ្ឋមន្ត្រីដែលបានថ្លែងទៅកាន់កម្មករជិតពីរម៉ឺននាក់ក្នុងខេត្តកំពង់ស្ពឺ។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាពចំនួនប្រាំមួយ ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០២៣នេះ រួមមាន ទី១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ទី២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយស្រួលសម្រាប់កម្មករ និយោជិត អាចចូលរួមជាមួយនឹងកម្មវិធីនេះ។
ទី៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
ទី៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

ទី៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី និងទី៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។
បន្ថែមពីនេះសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍លើការងារអាទិភាពចំនួនបួនទៀតរួមមាន៖ ទី១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។ទី២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។ទី៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧និងទី៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន៕សរន
