Views: 1
ដោយៈ សុផល / ភ្នំពេញ៖ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា, មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញផ្សព្វផ្សាយនានា រួមមានទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាម ផ្លូវការ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, ធនាគារដៃគូ, និងក្រុមហ៊ុនដៃគូសហការ ក៏ដូចជា តាមរយៈសារព័ត៌មាន ជាច្រើនផងដែរ។
សូមជម្រាបជូនថា យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តី ស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ ម៉ឺនដុល្លារអាមេរិក។
ក្នុងឆ្នាំ២០២៣ នេះ ក៏មិនខុសពីឆ្នាំ២០២២ ដែរ, មូលនិធិគន្ធបុប្ផាកម្ពុជា គ្រោងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» ជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន នឹងចូលរួមកាន់ តែច្រើនថែមទៀត ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តារយៈការរក្សាឱ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ ទីតាំងនៅកម្ពុជា។
សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារ ដែលត្រូវបានបង្កើត និងដាក់ឲ្យ ដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមារ រាប់លាននាក់ និងចំណាយថវិកា ជាមធ្យម ៤០ លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការ មនុស្សធម៌សង្គ្រោះជីវិតកុមារ នៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមជូនដំណឹងដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយ អំពីយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» និងចូលរួមបរិច្ចាគ ឲ្យបានផុសផុល ដើម្បីជួយសង្គ្រោះកុមារ។ ថវិកាបិរច្ចាគរបស់លោកអ្នក ពិតជាមាន តម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារ នៅកម្ពុជា៕/V/R
