Views: 8
ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ តារាសម្តែងនាង សាវីកា “ភីងគី” ឆៃយ៉ាដេត (Savika “Pinky” Chaiyadej) កាលពីថ្ងៃទី៣១មករាបានទទួលការយល់ព្រមពីតុលាការព្រហ្មទណ្ឌដើម្បីដកចេញនូវឧបករណ៍តាមដានអេឡេចត្រូនិក (EM)ដែលគេតម្រូវឱ្យនាងពាក់ ក្រោយការដោះលែងនាងចេញពីគុកកាលពីថ្ងៃទី៣០វិច្ឆិកាឆ្នាំមុន។
តារាស្រី ដែលជាប់គុកពាក់ព័ន្ធនឹងករណីក្រុមហ៊ុនឆបោក Forex-3D Ponzi បានទទូចថានាងគ្មានទោសកំហុសទេ។ នាងនិយាយថា នាងជាជនរងគ្រោះដែលគេល្បួងឱ្យវិនិយោគក្នុងគម្រោងឆបោកដ៏ល្បីរន្ទឺនេះ ពោលនាងមិនមែនជាមនុស្សដែលអន្ទងអ្នកដទៃឱ្យវិនិយោគសម្រាប់អ្វីដែលគេបានចោទប្រកាន់នាងនោះទេ។
មេធាវីរបស់នាងបានដាក់សំណើសុំការអនុញ្ញាតពីតុលាការដើម្បីដកចេញនូវឧបករណ៍ EM កាលពីថ្ងៃទី៣១មករា ដោយនិយាយថា ឧបករណ៍នេះជាឧបសគ្គចំពោះអាជីពសិល្បៈរបស់នាង។
នាងសាវីកា ដែលជាចុងចម្លើយទី៧ក្នុងករណីក្រុមហ៊ុនឆបោក Forex-3D បានរាយការណ៍ជូនតុលាការជាលើកទីពីរកាលពីថ្ងៃទី៣១មករា ចាប់តាំងពីនាងត្រូវបានដោះលែងពីគុក។
កាលពីថ្ងៃទី៣០វិច្ឆិកា ជាផ្នែកនៃការធានាក្រៅឃុំ នាងត្រូវបានតម្រូវឱ្យរាយការណ៍រាល់ខែ និងមិនត្រូវចាកចេញពីប្រទេសដោយគ្មានការអនុញ្ញាតពីតុលាការនោះឡើយ។
នាងសាវីកា ម្តាយរបស់នាងឈ្មោះ សារីនយ៉ា (Sarinya) និងបងប្រុសរបស់នាងឈ្មោះ សារ៉ាយុទ្ធ (Sarayut) គឺស្ថិតក្នុងចំណោមអ្នកសមគំនិត២៤នាក់ក្នុងករណីឆបោកនេះដែលបណ្តាលឱ្យជនរងគ្រោះជាច្រើននាក់បាត់បង់ប្រាក់រហូតដល់ទៅ ២,៤ ពាន់លានបាត។
ក្រុមហ៊ុន Forex-3D មិនដែលទទួលការអនុញ្ញាតពីធនាគារជាតិថៃដើម្បីបើកអាជីវកម្មនោះឡើយ។
ជនរងគ្រោះភាគច្រើនអះអាងថា ពួកគេបានវិនិយោគជាមួយក្រុមហ៊ុននេះដោយសារដាក់ការទុកចិត្តលើតារាល្បីៗនិងជនមានឥទ្ធិពល ដែលទំនងមានទុននៅក្នុងក្រុមហ៊ុននេះ។នាងសាវីកាគឺជាតារាម្នាក់ក្នុងចំណោមតារាល្បីៗទាំងនោះ៕

នាងសាវីកា ហៅភីងគី