Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាង ជី​វីណេត ផាល់​ត្រូវ ឈ្នះក្តី​ករណី​ជិះ​ស្គី​បុក​គ្នា​ជាមួយ​គ្រូពេទ្យ​អាយុ​៧៦​ឆ្នាំ និង​ទទួល​សំណង​និមិត្តរូប​១​ដុល្លារ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មីនា នាង ជី​វីណេត ផាល់​ត្រូវ (Gwyneth Paltrow) បានឈ្នះ​ក្តី​របស់​នាង​ប្រឆាំង​នឹង​គ្រូពេទ្យ​ភ្នែក​ចូលនិវត្តន៍ លោក ធឺ​រី សាន់​ឌឺ​សុន (Terry Sanderson) ដែល​បាន​អះអាងថា​នាង​បាន​ជិះ​ស្គី​បុក​គាត់​ក្នុង​ឆ្នាំ ២០១៦ ដែល​បណ្តាល​ឱ្យ​គាត់​ខូច​ខួរក្បាល​អចិន្ត្រៃយ៍​។​

​អង្គ​ប្រឹក្សា​យោបល់​បាន​រកឃើញថា លោក​សាន់​ឌឺ​សុន​អាយុ ៧៦ ឆ្នាំ​គឺជា​អ្នក​ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ​ការ​ជិះ​ស្គី​បុក​គ្នា​នៅ​រមណីយដ្ឋាន​ស្គី​ដ៏​ប្រណីត​នៅ​រដ្ឋ​យូ​ថា កាល​ពី​ប្រាំពីរ​ឆ្នាំមុន​។ វា​ត្រូវ​ចំណាយពេល​តែ​ពីរ​ម៉ោង​និង​២០​នាទី​ប៉ុណ្ណោះ​សម្រាប់​អង្គ​ប្រឹក្សា​យោបល់​សម្រេច​ចេញ​សាលក្រម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​នាង​បាន​បន្ទន់​កាយវិការ​លោត​កញ្ឆេង​ហើយ​សម្លឹង​មើលទៅ​មេធាវី​របស់​នាង​ជាមួយ​ស្នាមញញឹម​តិចៗ នៅពេល​ដែល​ចៅក្រម​អាន​សាលក្រម​នៅក្នុង​បន្ទប់​សវនាការ​ក្រុង​ផាក​ស៊ី​ធី (Park City)​។​

​ពេល​នាង​ចាកចេញ តារា​ស្រី​រូបនេះ​បាន​ឱន​ទៅលើ​ស្មា​របស់​លោក​សាន់​ឌឺ​សុន ហើយ​ខ្សឹប​អ្វី​មួយ​ទៅ​ត្រចៀក​របស់គាត់​។​

​ការសម្រេច​នេះ​កើតឡើង​ក្រោយពេល​ការផ្សាយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ​៨​ថ្ងៃ ដែល​បាន​ទាក់ទាញ​ទស្សនិកជន​ទូទាំង​ពិភពលោក​ហើយ​បាន​ក្លាយ​ជា​វប្បធម៌​តាមដាន​រឿងក្តី​ដ៏​ពេញនិយម​។​

​ថ្លែង​នៅ​ក្រៅ​តុលាការ មេធាវី​របស់​លោក​សាន់​ឌឺ គឺ​លោកស្រី គ្រីស្ទី​ន វ៉ាន់ អូ​មែន (Kristin Van Orman) បាន​និយាយថា​លោកស្រី​មិន​ចាប់អារម្មណ៍​ភាពល្បីល្បាញ​ពី​ការ​សវនាការ​របស់​នា​ង​​ផាល់​ត្រូវ​ទេ ហើយ​បាន​បន្ថែមថា “​ខ្ញុំ​បាន​ធ្វើ​ជា​មេធាវី​អស់​រយៈពេល ៣០ ឆ្នាំ​មកហើយ ហើយ​អង្គ​ប្រឹក្សា​យោបល់​មិន​ដែល​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ស្អី​ទេ​”​។​

​អំពី​លោក​សាន់​ឌឺ​សុន លោកស្រី​បាន​បន្ថែមថា “​គាត់​កំពុង​រង​ទុក្ខ គាត់​ជា​បុរស​ល្អ​ណាស់​”​។​

​លោក​សាន់​ឌឺ​សុន​បាន​កំពុង​ជិះ​ស្គីជា​មួយ​មិត្ត​ម្នាក់​ក្នុង​ឆ្នាំ​២០១៦ នៅ​ពេល​លោក​ថា​នាង​ផាល់​ត្រូវ​បាន​ជិះ​ស្គី​បុក​គាត់​ពីក្រោយ​ខ្នង​បង្ក​របួស​ជាច្រើន​កន្លែង​។ ​នាង​ផាល់​ត្រូវ បាន​កំពុង​ដើរលេង​វិស្សមកាល​លក្ខណៈ​គ្រួសារ​ជាមួយ​កូនៗ​របស់​មិត្ត​ប្រុស​នាង​ឈ្មោះ ប្រ៊ែត ហ្វាល់​ឆាក់ (Brad Falchuk)​ហើយ​នាង​និយាយថា​លោក​សាន់​ឌឺ​សុន​ទេ​ជា​អ្នកជិះ​ស្គី​​បុក​នាង​មុន​។ ហ្វាល់​ឆាក់​និង​ផាល់​ត្រូវ​បាន​រៀបការ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក​សាន់​ឌឺ​សុន​បាន​ប្តឹង​ទាមទារ​សំណង​កាលពី​ខែ​មករា​ឆ្នាំ ២០១៩ ដោយ​ដំបូង​ចង់បាន ៣,១ លាន​ដុល្លារ​។ ទឹកប្រាក់​នេះ​ត្រូវបាន​ចៅក្រម​បន្ថយ​មក​ត្រឹម ៣០០.០០០​ដុល្លារ​ជា​សំណង​សម្រាប់​របួស​ដែល​​គាត់​បាន​ទទួលរង​។​

​បន្ទាប់មក នាង​ផាល់​ត្រូវ​បាន​ដាក់ពាក្យ​ប្តឹង​បក​វិញ​ដោយ​ទាមទារ​សំណង​ត្រឹម ១ ដុល្លារ និង​ការចំណាយ​ផ្លូវ​ច្បាប់​របស់​នាង​៕

នាង​ផាល់​ត្រូវ​ឈ្នះក្តី​លើ​លោក​សាន់​ឌឺ​សុន​រឿង​ជិះ​ស្គី​បុក​គ្នា​កាលពី​ឆ្នាំ​២០១៦

Post navigation