Views: 1
ដោយៈ យោធិន/ព្រះសីហនុៈ នាវាល្បាតកងទ័ពបារាំង ឈ្មោះ Prairial បានចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីខកខានអស់មួយរយៈពេលជិត១០ឆ្នាំសម្រាប់ការមកដល់កម្ពុជារបស់វត្តមាននាវាល្បាតខាងលើនេះ។

សូមបញ្ជាក់ថាៈ ការចូលសំចតចុងក្រោយរបស់នាវាបារាំងនៅកំពង់ផែសមុទ្រអន្តរជាតិកម្ពុជាធ្វើឡើងចុងក្រោយបំផុតកាលពីឆ្នាំ២០១៦ ហើយការចូលសំចត ដែលគ្រោងនឹងធ្វើឡើងកាលពីអំឡុងឆ្នាំ ២០២០-២០២១ ក៏មិន អាចប្រព្រឹត្តទៅបានដោយសារស្ថានភាព សុខាភិបាលដែលបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិរោគរាតត្បាតកូវី-១៩។ ដូច្នេះទស្សនកិច្ច របស់នាវា Prairial គឺជាសញ្ញាថ្មីមួយទៀតនៃ ភាពរស់រវើកនៃទំនាក់ ទំនងរវាងភាគីប្រទេស ទាំងពីរកម្ពុជានិងសាធារណរដ្ឋបារាំង។
ការចូលសំចតរបស់នាវាល្បាតនៃកងទ័ពជើងទឹកបារាំងនាពេលនេះសំដៅឆ្លុះបញ្ចាំងពីការលើកកម្ពស់ ទំនាក់ទំនងកម្ពុជា – បារាំងដែលស្តែងចេញតាម រយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើននៅឆ្នាំនេះ។ នេះជាការលើកឡើងពីសំណាក់ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក្នុងវត្តមានប្រតិភូមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពតំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក្នុងឱកាសអញ្ជើញទស្សនកិច្ចលើនាវាល្បាតបារាំងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

បច្ចុប្បន្នប្រទេសបារាំងបានក្លាយទៅជាសមាជិកសង្កេតការណ៍ នៅក្នុងក្រុមការងារចំនួន ពីរនៃកិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិ អាស៊ាន បូក (ADMM+) ក្នុង នោះមានក្រុមការងារទទួល បន្ទុកសន្តិសុខលំហសមុទ្រ។ នេះគឺ ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់បារាំង សម្រាប់សន្តិសុខតំបន់និងការគាំទ្រដល់ដំណើរការសន្តិសុខជាទូទៅ ដែលអាស៊ានស្ថិតនៅចំកណ្តាល។
សូមបញ្ជាក់ផងដែរថា នាវាល្បាតបារាំង Prairial ត្រូវបានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបំពេញបេសកកម្មយ៉ាងយូរលើផ្ទៃសមុទ្រ៕/R




