Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាវាល្បាតបារាំង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃ២៤ មីនា

Views: 1

ដោយៈ សុផល / ភ្នំពេញៈ នាវាល្បាតបារាំងមួយគ្រឿង ឈ្មោះ Prairial នឹងចូលសំចត នៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតបារាំង ប្រចាំកម្ពុជា។

បន្ទាប់ពីការបំពេញបេសសកម្ម យ៉ាងយូរ លើផ្ទៃសមុទ្រ ការចូលសំចតនេះ នឹងជាឱកាសមួយ​ក្នុងការរិតចំណងមិត្តភាព រវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។ ការចូលសំចតចុងក្រោយ​របស់នាវា​បារាំង​នៅ​កម្ពុជា ធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចត ដែលគ្រោងធ្វើឡើង កាលពីឆ្នាំ២០២០-២០២១ មិនអាចប្រព្រឹត្ត ទៅបាន ដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះ​ទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មីមួយទៀត​នៃភាពរស់រវើកនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។

នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានា​វារបស់កងទ័ពបារាំង នៅ​ប៉ូលីនេស៊ី ដែលស្ថិតក្រោមការបញ្ជា​របស់​ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះ ត្រូវបានប្រើប្រាស់ សម្រាប់បំពេញបេសកកម្មផ្សេងៗ​ដូចជាការការពារ​អធិបតេយ្យ​នៅ​តាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយ ដល់ប្រជាជន ឬចូលរួម​ក្នុងកិច្ចសហប្រតិបត្តិការនានា។

នាវានេះ មានបណ្តោយប្រវែង ៩៤ ម៉ែត្រ ហើយមានសមាជិកនាវិក ប្រមាណ​១០០ នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រ មួយគ្រឿង ប្រភេទ​ Dauphin។​ ជាទូទៅ នាវា Prairial ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់បណ្តា​ប្រទេសដែនកោះ ​នៃមហាសមុទ្រប៉ាស៊ីហ្វិក។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថាៈ នាវានេះតែងតែបំពេញបេសកកម្ម ជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពី ការប្រកាន់ខ្ជាប់របស់បារាំង ចំពោះ​ការ គោរពច្បាប់អន្តរជាតិ និងសេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងតំបន់រួម។ ក្រុមនាវិក តែងធ្វើការផ្លាស់ប្តូរ​សកម្មភាពជាមួយកងកម្លាំង នៃប្រទេសអាស៊ាន កូរ៉េ​ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាព នៃការធ្វើប្រតិបត្តិការចម្រុះ​ ជាមួយទាហានជើងទឹក នៃប្រទេសដៃគូ។ ជាក់ស្តែង នាពេលកន្លងមក នាវានេះបានចូលរួម នៅក្នុងសមយុទ្ធ មួយ ជាមួយឆ្មាំសមុទ្រហ្វីលីពីន។

នៅប្រទេសកម្ពុជា ការចូលសំចតនេះ នឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស​រវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្រ្ត និងជំនួបស្និទ្ធ ស្នាលផ្សេងៗទៀត​ដូចជា​ការប្រកួតបាល់ទាត់ជាដើម។​

ការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់បារាំង ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយ នៅឥណ្ឌូប៉ាស៊ីហ្វិក ផងដែរ​ ព្រោះនៅក្នុងតំបន់នេះ បារាំង មានទឹកដីឯនាយសមុទ្រ​ចំនួន៧ ដោយមាន ពលរដ្ឋបារាំង រស់នៅចំនួន ១,៦ លាននាក់ និងយោធាបារាំង​ចំនួន ​៧.០០០ នាក់​។ ៩៣% នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់បារាំង ស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការប្តេជ្ញាចិត្តរបស់បារាំង នៅក្នុងតំបន ​នេះឆ្លុះបញ្ចាំងឱ្យឃើញ នៅក្នុងវិស័យធំៗ ចំនួន៤គឺ៖ ​សន្តិសុខ និងការការពារ សេដ្ឋកិច្ច ពហុភាគីនិយម និងវិធានច្បាប់ បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រង មហាសមុទ្រដោយចីរភាព។ ប្រទេសបារំាង ខិតខំពង្រឹងបន្ថែមទៀត នូវភាពជាដៃគូ និងវត្តមានរបស់ខ្លួន នៅក្នុងតំបន់នេះ។ សហភាពអឺរ៉ុប ក៏មានទស្សនវិស័យដូចគ្នា ​ចំពោះអាទិភាពទាំងនេះ ដែលត្រូវបាន ដាក់បញ្ចូល ក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការអឺរ៉ុប នៅ​ឥណ្ឌូប៉ាស៊ីហ្វិក។

ការចូលសំចតរបស់នាវា Prairial ​ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំង កម្ពុជា ដែលស្តែងចេញ តាមរយៈ​ការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាច្រើន នៅឆ្នាំនេះ។ វាក៏ជាលទ្ធផល​នៃការពង្រឹងភាពជាដៃគូ​រវាងប្រទេសបារាំង ជាមួយ អា​ស៊ានផងដែរ។ បច្ចុប្បន្ន ប្រទេសបារាំង បានក្លាយទៅជាសមាជិកសង្កេតការណ៍​នៅក្នុងក្រុមការងារ​ចំនួនពីរ នៃ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះ មានក្រុមការងារ ទទួលបន្ទុកសន្តិសុខលំហសមុទ្រ ។ នេះគឺជាការទទួល​ស្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់បារាំង សម្រាប់សន្តិសុខតំបន់ និងការគាំទ្រ​ដល់ដំណើរការសន្តិសុខជាទូទៅ ដែលអាស៊ាន ស្ថិតនៅចំកណ្តាល៕ V / N

Post navigation