Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍជួបពិភាក្សាដើម្បីធ្វើការងារបន្តជាមួយមន្ត្រីក្រសួងធនធានទឹក

Views: 1

ដោយៈប.ខុន/ភ្នំពេញៈ នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៣ បានចូលជួបប្រធានអនុក្រុមការងារបច្ចេកទេសចម្រុះគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ (Sub  TWG-ISM) ដើម្បីពិភាក្សាការងារពាក់ព័ន្ធកិច្ចសហការបន្តក្នុងការជួយជ្រោមជ្រែងអនុក្រុមការងារបច្ចេកទេស គ្រប់គ្រងប្រព័ន្ធធារាសាស្ត្រឆ្នាំ២០២៣និងឆ្នាំបន្ទាប់ខាងមុខ។

លោក ថោ ជេដ្ឋា រដ្ឋលេខាធិការនិងជាប្រធានអនុក្រុមការងារបច្ចេកទេសចម្រុះគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ (Sub TWG-ISM)បានអនុញ្ញាតឲ្យ លោកស្រី  សាន់ឌ្រីន បូស័រ (Sandrine Boucher)  នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ  ប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោកមួង ស៊ីដេត មន្ត្រីទទួលបន្ទុកគម្រោង ចូលជួបពិភាក្សាការងារពាក់ព័ន្ធកិច្ចសហការបន្តក្នុងការជួយជ្រោមជ្រែងអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រឆ្នាំ២០២៣និងឆ្នាំបន្ទាប់ខាងមុខ។

នៅក្នុងឱកាសខាងលើលោកថោ ជេដ្ឋា បានលើកជាយោបល់ថាកិច្ចសហការបន្តទីប្រឹក្សារបស់AFDគួរចាប់ផ្តើមរៀបចំគោលការណ៍ណែនាំរួមអំពីកិច្ចដំណើការក្នុងការជួសជុលនិងថែទាំប្រព័ន្ធធារាសាស្រ្ត រៀបចំគោលការណ៍ណែនាំអំពីកិច្ចដំណើរការអាងទឹក និងគួរតែមានអ្នកជំនាញការជាតិ ដែលមានជំនាញនិងមានបទពិសោធន៍ក្នុងការគ្រប់គ្រងទឹក ដើម្បីជួយដល់អនុក្រុមការងារក៏ដូចជាជួយដល់ទីប្រឹក្សាបច្ចេកទេសបារាំងក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់អនុក្រុមការងារបច្ចេកទេសផងដែរ។

គួរនិយាយឱ្យដឹងថាកន្លងមក ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍបានផ្តល់ថវិកាប្រមាណជា១៨០.០០០អឺរ៉ូ តាមរយៈគម្រោង WAT4-CAM ដើម្បីជួយគាំទ្រដល់អនុក្រុមការងារបច្ចេកទេសក្នុងការរៀបចំនិងអនុវត្តផែនការសកម្មភាពការងាររបស់ខ្លួន   ជាពិសេសផ្តោតលើការរៀបចំនិងកសាងឯកសារគតិយុត្តមួយចំនួនពាក់ព័ន្ធការងារសហគមន៍កសិករប្រើប្រាស់ទឹកនិងឯកសារគតិយុត្តសំខាន់ៗមួយចំនួនផ្សេងទៀត៕/PC

Post navigation