Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយក​ប្រតិបត្តិ TikTok ប្រឈម​មុខ​នឹង​ការសួរដេញដោល​យ៉ាង​ស្ពឹក​មុខ​ពី​សំណាក់​សមាជិក​សភា​អាម៉េរិក​ជុំវិញ​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ចិន​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយក​ប្រតិបត្តិ TikTok លោក សូ ហ្ស៊ី ឈូ (Shou Zi Chew)​បាន​ប្រឈមមុខ​នឹង​ការសាកសួរ​ឥតឈប់ឈរ​ពី​សមាជិក​សភា​អាម៉េរិក​ដ៏​កម្រោល​មក​​ពី​បក្ស​ទាំង​ពីរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មីនា ជុំវិញ​ការជាប់​ពាក់ព័ន្ធ​របស់​កម្មវិធី​ចែករំលែក​វីដេអូ​នេះ​ជាមួយ​ប្រទេស​ចិន និង​គ្រោះថ្នាក់​របស់​វា​ចំពោះ​មនុស្ស​វ័យ​ជំទង់​។​

​បុរស​សិង្ហ​បុរី​វ័យ ៤០ ឆ្នាំ​រូប​នេះ​បាន​ទទួលរង​នូវ​ការដេញដោល​ដុត​រោល​យ៉ាងខ្លាំង​ខុស​ពី​ធម្មតា​ដោយ​ទាំង​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​និង​បក្ស​ប្រជាធិបតេយ្យ​ដែល​បារម្ភ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​អាច​បង្វែ​រវេ​ប​សាយ​បណ្តាញ​សង្គម​នេះ​ទៅ​ជា​មធ្យោបាយ​ធ្វើ​ចារ​កម្ម ការប្រមូល​ទិន្នន័យ និង​ការជំរុញ​របៀបវារៈរ​បស់​បក្ស​កុម្មុយនីស្ត​ចិន​។​

​អតីត​បុគ្គលិក​ធនាគា​រ​ដែល​មាន​ការអប់រំ​នៅ​សាកលវិទ្យាល័យ​ហា​វើដ (Harvard) រូបនេះ​បាន​បរាជ័យ​ក្នុង​វគ្គ​សួរដេញដោល​យ៉ាង​សាហាវ​រយៈពេល​ជាង ៥​ម៉ោង​ដើម្បី​បន្ធូរបន្ថយ​ការគំរាមកំហែង​​ដល់​អត្ថិភាព​របស់ TikTok ខណៈ​កម្មវិធី​នេះ​ព្យាយាម​ប្រឹង​រស់រានមានជីវិត​ពី​ឱសានវាទ​របស់​សេត​វិមាន ដែល​ថា​កម្មវិធី​នេះ​ត្រូវ​បំបែក​ចេញពី​កម្មសិទ្ធិ​របស់​ចិន ឬ​មិន​អ៊ីចឹង​ត្រូវ​ហាមឃាត់​នៅ​​ក្នុង​សហរដ្ឋ​អាម៉េរិក​តែម្តង​។​

​សមាជិកសភា​មក​ពី​គណៈកម្មាធិការ​ថាមពល​និង​ពាណិជ្ជកម្ម​របស់​សភា​តែង​កាត់​សម្តី​របស់​លោក​ឈូ​ជារឿយៗ ដោយ​បដិសេធ​គាត់​នូវ​ឱកាស​ដើម្បី​ពង្រីក​ចម្លើយ​របស់​គាត់​ឬ​បង្ហាញ​ពី​ប្រជាប្រិយភាព​​ជា​សកល​ដ៏​ធំ​របស់ TikTok ជាមួយ​មនុស្ស​វ័យក្មេង​។​

​លោក​ឈូ​បាន​ប្រាប់​សមាជិកសភា​នៅក្នុង​សុន្ទរកថា​បើក​របស់គាត់​ដោយ​សំដៅ​ទៅលើ​ក្រុមហ៊ុន​មេ​របស់ TikTok​ថា “​ក្រុមហ៊ុន ByteDance​មិន​ត្រូវ​បាន​កាន់កាប់​ឬ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​​ចិន​នោះ​ឡើយ និង​ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធសាធ​”​។​

​លោក​ឈូ​បាន​បន្ថែមថា “​យើង​ជឿ​ថា​អ្វី​ដែល​ត្រូវការ​គឺ​ច្បាប់​តម្លាភាព​ច្បាស់លាស់​ដែល​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ទាំងអស់​។​ភាពជា​ម្ចាស់​មិនមែន​ជា​ស្នូល​នៃ​ការដោះស្រាយ​​កង្វល់​ទាំងនេះ​ទេ​”​។​

​ការ​ហាមប្រាម​ណា​មួយ​នឹង​ក្លាយ​ជា​ទង្វើ​មិន​ធ្លាប់​មាន​ពីមុន​មក​លើ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដោយ​រដ្ឋាភិបាល​អាម៉េរិក ដែល​នឹង​កាត់ផ្តាច់​អ្នកប្រើប្រាស់​ប្រចាំខែ​ចំនួន ១៥០​លាន​នាក់​របស់​ប្រទេស​នេះ​​ពី​កម្មវិធី​ចិន ដែល​បាន​ក្លាយជា​មហាអំណាច​វ​ប្បធម៌ ជាពិសេស​សម្រាប់​យុវវ័យ​។​

​ប្រធាន​គណៈកម្មាធិការ លោកស្រី កា​ធី ម៉ាក​ម៉ូ​រី​ស រ៉ូ​ជើ (Cathy McMorris Rodgers)​បាន​និយាយថា “TikTok ជាថ្មី​ម្តងទៀត​បាន​ជ្រើសរើស​ផ្លូវ​សម្រាប់​ការគ្រប់គ្រង​កាន់តែច្រើន​ការ​ឃ្លាំ​​មើល​កាន់តែច្រើន និង​ការ​បោក​បញ្ឆោត​កាន់តែច្រើន​។ វេទិកា​របស់​អ្នក​គួរតែ​ត្រូវបាន​ហាមឃាត់​”​។​

​នៅក្នុង​ការ​ផ្តោះផ្តង​ដ៏​ក្តៅគគុក លោក​ឈូ​ត្រូវបាន​បង្ខំ​ឱ្យ​ទទួលស្គាល់ថា​ទិន្នន័យ​ផ្ទាល់ខ្លួន​មួយចំនួន​របស់​ជនជាតិ​អាម៉េរិក​នៅតែ​ស្ថិតនៅក្រោម​ច្បាប់​របស់​ចិន​ប៉ុន្តែ​បាន​ទទូច​ថា​រឿង​នោះ​នឹង​ត្រូវ​​ផ្លាស់ប្តូរ​ក្នុងពេល​ឆាប់ៗ​។​

​ពួក​តំណាងរាស្ត្រ​អាម៉េរិក​ក៏បាន​តវ៉ា​ជា​មួយ​លោក​ឈូ​ផង​ដែរ​ជាមួយ​នឹង​ការលើកឡើង​អំពី​ឧទាហរណ៍​គួរឱ្យខ្លាច​ដែល​អ្នកប្រើប្រាស់​វ័យក្មេង​ផ្សព្វផ្សាយ​អំពី​ការធ្វើអត្តឃាត ឬ​ការធ្វើ​រឿង​គ្រោះថ្នាក់​ចម្លែកៗ ដែល​បាន​បង្ហាញ​ពី​គ្រោះថ្នាក់ និង​ធ្វើឱ្យ​អាជ្ញាធរ​ទូទាំង​ពិភពលោក​ខឹងសម្បា​។​

​សមាជិកសភា លោក ហ្គូស ប៊ីលី​រ៉ា​គីស (Gus Bilirakis) បាន​និយាយ​ខណៈ​គាត់​ចង្អុល​ទៅកាន់​គ្រួសារ​មួយ​នៅក្នុង​ចំណោម​ទស្សនិកជន​ដែល​កូនប្រុស​របស់​ពួកគាត់​បាន​ស្លាប់​នៅក្នុង​សោកនាដកម្ម​រថភ្លើង​ដែល​គ្រួសារ​ពួកគាត់​និយាយថា​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ TikTok យ៉ាង​ដូច្នេះ​ថា “​បច្ចេកវិជ្ជា​របស់​អ្នក​ពិតជា​នាំទៅរក​សេចក្តីស្លាប់​”៕

​លោក​ឈូ​ប្រឈម​ការសួរដេញដោល​ក្តៅគគុក​ពី​សមាជិក​សភា​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍

Post navigation