Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយក​រដ្ឋមន្ត្រី​ប្រកាសធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»

ខេត្តកំពង់ស្ពឺ ៖ ដើម្បី​ពង្រឹងគុណភាព​សមត្ថភាព​មន្ត្រី​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ធ្វើ​កំណែទម្រង់​ចំពោះ​ការ​ប្រឡង​ចូល​ក្រប​ខណ្ឌ​រដ្ឋ ដោយ​ឈរ​លើ​គោលការណ៍ ចេះ គឺ​ជាប់ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជិត​២​នាក់ នៅ​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា​ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា កាលពី​ម្សិល​សម្ដេច​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ចូល​ក្រប​ខណ្ឌ​រដ្ឋ ដើម្បី​រៀបចំ​យន្តការ​ថ្នាក់​ជាតិ​មួយ​ឲ្យ​មាន​សុគត​ភាព ដោយ​ចាប់ផ្ដើម​ដំបូង​នៃ​គោលនយោបាយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺ កំណែទម្រង់​មុខងារសាធារណៈ និង​មួយទៀត គឺ​កែទម្រង់​ការ​ប្រឡង​រើស​មន្ត្រី​ចូល​ក្រប​ខណ្ឌ​រដ្ឋ ។

សម្ដេច​មហា​បវរ​ធិ​បតី សង្កត់ធ្ងន់​ថា «​ទៅ​មុខ​យើង​នឹង​ប្រឡង​រៀបចំ​យន្តការ​ថ្នាក់​កណ្ដាល ស្រ​ដៀង​ឯកឧត្ដម ហង់ ជួនណា​រ៉ុ​ន ធ្វើ​ប្រឡង​បាក់​ឌុ​ប​ខ្ញុំ​ប្រឡង​ទាហាន​ក៏​ដូច​គ្នា​ធ្វើ​យ៉ាងណា តែ​យើង​សហការ​ជាមួយ​ក្រសួង​ជំនាញ​ព្រោះ​ជំនាញ​នីមួយ​ៗ​មាន​វិញ្ញាសារ​ខុស​ៗ​គ្នា យើង​ពិនិត្យ​ធ្វើ​យ៉ាងណា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាព​ត្រឹមត្រូវ​តម្លាភាព យុត្តិធម៌​ធានា​ថា អ្នកចេះ​ជាប់​នេះ​ហើយ​ជា​គោលការណ៍​របស់​យើង​» ។

សម្ដេច​បន្ថែម​ថា ចំពោះ​ការ​ប្រឡង​ចូល​ក្រប​ខណ្ឌ គឺ​ចេញ​ដេ​ប៉ា​ឲ្យ​ស្មើគ្នា អត់​មាន​ក្រសួង​នេះ​រៀប​ចេះ ក្រសួង​នោះ​រៀប​ចុះ​ទៀត​ទេ គឺ​យន្តការ​តែ​មួយ​សម្រាប់​មន្ត្រី​ក្រប​ខណ្ឌ​ទាំងអស់ គឺ​ត្រូវ​ប្រឡង​យន្តការ​ថ្នាក់​ជាតិ​ឲ្យ​បាន​យុត្តិធម៌ និង​តម្លាភាព ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី​លើក​ឡើង​ថា សម្រាប់​មន្ត្រី​កិច្ចសន្យា គឺ​សម្ដេច​ប្រគល់​សិទ្ធិ​ជូន​ក្រសួង​ស្ថាប័ន​នៅ​បន្ត​ធ្វើ​នីតិវិធី ប៉ុន្តែ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​តម្លាភាព និង​យុត្តិធម៌​ផង​ដែរ ។ សម្ដេច​ថា រឿង​មន្ត្រី​ដែល​មាន​ស្រាប់​ត្រូវ​បែងចែក​ការងារ និង​ឲ្យ​មានការ​សហការ​គ្នា​ដោយ​ត្រូវ​រក្សា​កម្លាំង​ចាស់ និង​ថ្មី​ជា​កម្លាំង​សរុប ។

សម្ដេច​មហា​បវរ​ធិ​បតី ថ្លែង​ថា ជា​កិច្ចការ​ចម្បង​វិធាន​៥​ចំណុច​ដែល​បាន​ដាក់​ចេញ​ដូច​ជា ការ​កែទម្រង់​មុខងារសាធារណៈ​សុខាភិបាល អប់រំ គឺ​បង្កើត​គណៈកម្មការ​ជាតិ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ផ្ទាល់​តែ​ម្ដង ដើម្បី​ធានា​ប្រសិទ្ធភាព ៕