Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្ត្រី​គុយបា នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ៣ ថ្ងៃ នៅ​ដើម​សប្តាហ៍​ក្រោយ

Views: 8

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថាៈ តប​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​គុយបា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ៤ – ៦ ខែតុលា ឆ្នាំ​២០២២ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​១ ខែតុលា​នេះ បាន​ឲ្យ​ដឹងថាៈ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស នឹង​ចូល​ក្រាបបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ។ លោក ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស ក៏​នឹង​ចូលជួប​សម្តែង​ការគួរសម ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​គុយបា នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ ឯកសារ​មួយចំនួន ដែល​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត ក្នុង​វិស័យ កីឡា អប់រំ និង​វប្បធម៌ ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត ។​

​លោក ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស ក៏​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ នៅ​វិមាន ឯករាជ្យ និង​នៅ​មណ្ឌប ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស នឹង​បញ្ជាក់​ជាថ្មី អំពី​ទំនាក់ទំនង​យូរអង្វែង និង​ប្រកបដោយ​មិត្តភាព​រវាង​កម្ពុជា និង​គុយបា ក៏ដូចជា​នឹង​គូសបញ្ជាក់ ពី​តម្រូវការ​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍ កាន់តែ​ប្រសើរ សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​

​សូម​រម្លឹកថា មក​ពេល​បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​គុយបា គឺជា​ទំនាក់ទំនង ជា​ប្រវត្តិសាស្ត្រ ជា​មិត្តភាព​ដ៏​ជិតស្និទ្ធ ហើយ​ជា​ទំនាក់ទំនង​មួយ ដែលមាន​អាយុកាល ៦២ ឆ្នាំ​មកហើយ​។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្មមន្ត្រីនៃ​កម្ពុជាបាន​អញ្ជើញទស្សនកិច្ច​ជា​ផ្លូវការ លើក​ទី​២ នៅក្នុង​ប្រទេស​គុយបា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច ថ្ងៃ​ដំបូង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រធានសភា និង​ប្រធានាធិបតី​របស់​គុយបា អញ្ជើញ​ដាក់​កម្រងផ្កា និង​គោរព វិញ្ញាណក្ខន្ធ​វីរបុរស​គុយបា លោក Jose Marti នៅ​វិមាន Jose Marti Memorial ព្រមទាំង​អញ្ជើញ​ទស្សនកិច្ច​ស្សន​កិច្ច មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា ដែល​បង្កើតឡើង ដោយ​លោក ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិបតី គុយបា ។ V/N

Post navigation