Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្ត្រី​ជប៉ុន​សុំ​ផ្តល់​ការគាំទ្រ​អ៊ុ​យក្រែន នៅពេល​ប្រធានាធិបតី​ចិន​គាំទ្រ​រុស្ស៊ី​

Views: 2

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រីហ្វ៊ុយ​មី​អុ គី​ស៊ី​ដា កាលពី​ថ្ងៃ​អង្គារ​ទី​២១​មីនា​បាន​ធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​នៅ​ទីក្រុង​គៀវ ចំ​ពេល​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង កំពុងស្ថិត​នៅ​ក្នុង​​ទីក្រុង​មូ​ស្គូ​ដើម្បី​ជួប​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងបំណង​ជំរុញ​ផែនការ​សន្តិភាព​សំរាប់​អ៊ុយ​ក្រែន​ទោះជា​បណ្តាប្រទេស​លោកខាងលិ​ច​មិន​ជា​សាទរ​ក្តី​។​

​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំមហាអំណាច​អាស៊ី​ទាំង​ពីរ​នៅរដ្ឋធានីចម្ងាយ​ប្រមាណ​៨០០​គីឡូម៉ែត្រ​ពី​គ្នា បាន​រំលេច​អំពី​ប្រទេស​ណា​នៅ​ខាង​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​គៀវ​ក្នុង​សង្គ្រាម​ចំណាស់​១៣​ខែ​មកនេះ​។​លោក​​គី​ស៊ី​ដា ដែល​នឹង​ដឹកនាំ​ជំនួប​កំពូល​G7​នៅ​ខែ​ឧសភា បាន​ក្លាយ​ជា​សមាជិក​ក្រុម​នេះ​ចុងក្រោយ​ដែល​បាន​ទៅធ្វើ​ទស្សនកិច្ច​ទី​ក្រង​គៀវ​និង​ជួប​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បន្ទាប់ពី​លោក​បាន​ទៅ​​មើល​និង​គោរព​ចំពោះ​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅ​បូ​ឆា​(Bucha)​ជា​ទីប្រជុំជន​មួយ​ដែល​បាន​ក្លាយជា​និមិត្តរូប​នៃ​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​កងកម្លាំង​រុស្ស៊ី​លើ​ជន​ស៊ីវិល​។​

នាយករដ្ឋមន្ត្រីហ្វ៊ុយ​មី​អុ គី​ស៊ី​ដាបាន​ទៅ​​មើល​និង​គោរព​ចំពោះ​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅ​ទីប្រជុំជនបូ​ឆា​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក គី​ស៊ី​ដា និង​ប្រធានាធិបតី​អ៊ុ​យក្រែន ហ្សេ​ឡេន​ស្គី ផ្តល់​ការស្វាគមន៍​គ្នា​ក្រោយ​ចុះហត្ថលេខា​លើ​ឯកសារ​រួម​នៅ​ទីក្រុង​គៀវ កាលពី​ថ្ងៃ​២១​មីនា​

​លោក​ស៊ី​និង​ពូ​ទីន មិន​បាន​ប្រកាស​វឌ្ឍន​ភាព​ធំៗ​ណា​ឆ្ពោះទៅ​កាន់​ការអនុវត្ត​ផែនការ​សន្តិភាព​របស់​ចិន​ទេ ​ទោះ​ជាយ៉ាងណា​មេដឹកនាំ​រុស្ស៊ី​បាន​និយាយថា​វា​អាច​ជា​មូលដ្ឋាន​មួយ​សំរាប់​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅពេល​​ណា​ដែល​លោកខាងលិច​ត្រៀម​ខ្លួន​បញ្ចប់​ជម្លោះ​នេះ​។​លោក​បាន​បន្ថែមថា ពួក​សម្ពន្ធមិត្ត​លោកខាងលិច​មិន​ចាប់​អារម្មណ៍​នឹង​ផែនការ​នេះ​ទេ​។​

​ពួក​មន្ត្រី​អាម៉េរិក​បាន​និយាយ​ហើយ​ថា ផែនការ​សន្តិភាព​ណាមួយ​ចេញពី​ជំនួប​ពូ​ទីន-​ស៊ី នឹង​មិន​អាច​ទទួលយក​បាន​ឡើយ ដោយសារ​តែ​ការផ្អាក​ការប្រយុទ្ធ​គ្នា​ណា​មួយ​នឹង​គ្រាន់តែ​ជា​ការទទួលស្គាល់​​ការកាន់កាប់​ទឹកដី​ដែល​រុស្ស៊ី​វាយ​យកនៅអ៊ុយក្រែន និង​ទុក​ពេល​អោយ​រុស្ស៊ី​រៀបចំ​កម្លាំង​ដើម្បី​វាយប្រហារ​ជាថ្មី​តែប៉ុណ្ណោះ​។​

​លោកពូ​ទីន​បាន​និយាយថា​« វា​ហាក់ដូចជា​ពួក​លោក​ខាងលិច​មាន​បំណង​វ៉ៃ​រុស្ស៊ី​រហូត​ដល់​សល់​ជន​អ៊ុយ​ក្រែន​ម្នាក់​ចុងក្រោយ​ហើយ​មើលទៅ​។​ការ​គំរាម​ចុងក្រោយ​បំផុត​គឺ​ថា អង់គ្លេស​មាន​ផែនការ​ផ្តល់​​គ្រាប់កាំភ្លើង​ធំ​រថក្រោះ​ដែល​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូមដល់អ៊ុយក្រែន​។​បើ​វា​កើត​មាន​ពិត រុស្ស៊ី​នឹង​ឆ្លើយតប​អោយ​សមស្រប​។​ពួក​លោក​ខាងលិច​ចាប់ផ្តើម​ប្រើ​សមាសភាព​នុយគ្លេអ៊ែ​រហើយ​»​។​

​សូមបញ្ជាក់​ថា​លោក​ពូ​ទីន តែ​ងបាន​ព្រមាន​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​សព្វាវុធ​ដែល​ខ្លួន​មាន​ទាំងអស់ រួម​ទាំង​សព្វាវុធ​នុយគ្លេអ៊ែរដើម្បី​ការពារ​ខ្លួន តែ​ពេល​ខ្លះ​ក៏​ដក​ខ្លួន​ចេញពី​ការ​គំរាម​ដូច្នេះ​ដែរ​។

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅតែ​អះអាង​ថា​ខ្លួន ជា​អ្នកដឹកនាំ​សម្របសម្រួល​អព្យាក្រិត​មួយ​ក្នុងជម្លោះ​អ៊ុ​យ​ក្រែន និង​ក្រោយ​ជំនួប​ជាមួយ​លោកពូ​ទីន លោក​ស៊ី​បាន​មានប្រសាសន៍ថា​«​យើង​ប្រកាន់ខ្ជាប់​​ជំហរ​មិន​លម្អៀង​និងប្រកប​ដោយ​គោលការណ៍​មួយ​អំពី​វិបត្តិ​អ៊ុ​យក្រែន ដោយ​ផ្អែក​លើ​គោលដៅ​និង​គោលការណ៍​របស់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​ផែនការ​របស់​ចិន​ស្វះស្វែង​លើកទឹកចិត្ត​អោយ​​រក​វិធី​បង្កើត​សន្តិភាព​និង​បន្ត​កិច្ច​ពិភាក្សា​គ្នា​ឡើងវិញ​»​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ រុស្ស៊ី​និង​ចិន​បាន​សង្កត់ធ្ងន់​លើ​តំរូវការ​អោយ​«​គោរព​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ស្របច្បាប់​របស់​គ្រប់​ប្រទេស​»​ដើម្បី​ដោះស្រាយ​ជម្លោះ ដែល​នេះ​ជាការ​បន្ទរ​សម្តី​របស់​រដ្ឋា​​ភិបាល​វិមាន​ក្រឹ​មឡាំង​ដែលបានអះអាងជារឿយៗថា ខ្លួន​បញ្ជូន​ទ័ព​ចូល​អ៊ុយ​ក្រែន​ដើម្បី​រារាំង​កុំអោយ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ណា​តូ​ប្រែក្លាយ​ប្រទេស​ក្បែរ​ខាង​ខ្លួន​ទៅ​ជា​បន្ទាយ​ប្រឆាំង​រុស្ស៊ី​។​

​វា​បាន​បន្ថែមថា​«​រុស្ស៊ី​ស្វាគមន៍​ការត្រៀមខ្លួន​របស់​ចិន​ដើម្បី​ដើរ​តួនាទី​សកម្ម​មួយ​នៅក្នុង​ដំណោះស្រាយ​នយោបាយ​និង​ការទូត​នៃ​វិបត្តិ​អ៊ុ​យក្រែន​»​ហើយ​នឹង​«​គំនិត​ស្ថាបនា​»​ដែល​មាន​នៅក្នុង​ផែន​​ការ​សន្តិភាព​របស់​រដ្ឋាភិបាល​ទីក្រុ​ង​ប៉េកាំង​៕

​ប្រធានាធិបតី​រុស្ស៊ី និង​សម​ភាគី​ចិន ជួបប្រជុំ​នៅ​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​២១​មីនា​

Post navigation