Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានទៅដល់ក្រុងក្វាងចូវកាលពីថ្ងៃចន្ទទី២៧មីនាក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេលបួនឆ្នាំ។
មេដឹកនាំសិង្ហបុរី អមដំណើរដោយភរិយារបស់លោក គឺ លោកជំទាវ ហូ ឈីង (Ho Ching)និងគណៈប្រតិភូមន្ត្រីសិង្ហបុរីប្រមាណ ៥០ នាក់ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិក្វាងចូវបៃយុន (Guangzhou Baiyun) នៅពេលថ្ងៃត្រង់ដោយមន្ត្រីចិន ដែលកាន់ឆត្រក្រោមដំណក់ភ្លៀងរលឹមឥតឈប់។
ក្នុងចំណោមនោះមានអភិបាលរងខេត្តក្វាងទុង លោក ចាង ស៊ីន (Zhang Xin) ឯកអគ្គរដ្ឋទូតចិនប្រចាំសិង្ហបុរីលោក ស៊ុន ហៃយ៉ាន (Sun Haiyan) អគ្គនាយកការិយាល័យកិច្ចការបរទេសក្វាងទុង លោក លីវ ចិនហ្ស៊ី (Liu Chenzi) និងអនុអភិបាលក្រុងក្វាងចូវ លោក តាន់ ពីង (Tan Ping)។
ទីក្រុងក្វាងចូវភាគខាងត្បូងនៃខេត្តក្វាងទុងគឺជាកន្លែងឈប់សំចតដំបូងរបស់លោកលីក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់គាត់ទៅកាន់ប្រទេសចិន។គាត់នឹងត្រូវស្វាគមន៍ជាមួយអាហារថ្ងៃត្រង់ដោយលេខាបក្សខេត្តក្វាងទុង លោក ហ័ង គុនមីង (Huang Kunming) ហើយនឹងជួបជាមួយប្រជាជនសិង្ហបុរីនៅទីក្រុងក្វាងចូវ។
នាយករដ្ឋមន្ត្រីលីក៏នឹងថ្លែងសុន្ទរកថានៅឯវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំរបស់អាស៊ីនៅទីក្រុងហៃណាន (Hainan) មុនពេលទៅដល់ទីក្រុងប៉េកាំងផងដែរ កន្លែងដែលលោកគ្រោងនឹងជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីទើបឡើងថ្មីថ្មោង លោក លី ឈាង ដែលនឹងរៀបចំពិធីស្វាគមន៍ និងពិធីជប់លៀងអាហារថ្ងៃត្រង់សម្រាប់គណៈប្រតិភូសិង្ហបុរី។
លោកលីក៏នឹងជួបជាមួយប្រធានសភាប្រជាជនជាតិលោក ចាវ ឡេជី (Zhao Leji) ប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លោក វ៉ាង ហ៊ូនីង (Wang Huning)និងលេខាបក្សក្រុងប៉េកាំង លោក យីន លី (Yin Li)ផងដែរ។
ដំណើរទស្សនកិច្ចចុងក្រោយរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីទៅកាន់ប្រទេសចិនគឺក្នុងខែមេសា ឆ្នាំ ២០១៩ នៅពេលដែលលោកបានចូលរួមវេទិកាក្រវ៉ាត់និងផ្លូវលើកទីពីរនៅទីក្រុងប៉េកាំង។
លោកត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីការបរទេសលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្ម លោក កាន គីម យ៉ុង (Gan Kim Yong) រដ្ឋមន្ត្រីសុខាភិបាល លោក អ៊ុង យ៉េ គង់ (Ong Ye Kung) ទេសរដ្ឋមន្ត្រីក្រសួងការបរទេសនិងអភិវឌ្ឍន៍ជាតិលោក ស៊ីម អាន (Sim Ann)និងលេខាធិការជាន់ខ្ពស់សភាទទួលបន្ទុកសុខភាពនិងច្បាប់ លោក រ៉ាហាយូ ម៉ាហ្សាម (Rahayu Mahzam)៕

លោកលីទៅដល់ក្វាងចូវនៅថ្ងៃចន្ទនេះ