Views: 7
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១មិថុនាថា លោកបានតេស្តិ៍ឃើញវិជ្ជមានជំងឺកូវីដ១៩ជាលើកទីពីរក្នុងរយៈពេលមិនដល់កន្លះខែផង ក្នុងអ្វីដែលអាចជាការលាប់ជំងឺដ៏កម្រមួយ។
លោកលី អាយុ៧១ឆ្នាំ ត្រូវបានពិនិត្យឃើញមានកូវីដ១៩លើកដំបូងកាលពីថ្ងៃ២២ឧសភា ក្រោយធ្វើដំណើរការងារទៅកាន់អាហ្វ្រិកនិងអាស៊ី។លោកបានពិនិត្យលែងឃើញមានជំងឺនេះនៅប្រាំមួយថ្ងៃក្រោយ តែក្នុងការបង្ហោះសារក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍ លោកលោកបានបង្ហាញរូបថតលោកនិងបន្ទះតេស្តិ៍រហ័សបង្ហាញសញ្ញាក្រហមពីរឆ្នូត។

ក្នុងសារបង្ហោះលោកបាននិយាយថា«ខ្ញុំមានអារម្មណ៍ល្អទេ តែខ្ញុំសង្ស័យថាកើតកូវីដ១៩ជាថ្មី។ក្រុមគ្រូពេទ្យរបស់ខ្ញុំនិយាយថា វាជាការលាប់ជំងឺកូវីដ១៩ ដែលកើតមានលើអ្នកជំងឺប្រាំទៅដប់ភាគរយប៉ុណ្ណោះ»។
លោកលីបាននិយាយថា លោកត្រូវបានប្រាប់អោយដាក់ខ្លួននៅដាច់ពីគេ ដោយសារវីរុសនេះនៅចម្លង ទោះជាហានិភ័យទាបជាងបើធៀបនឹងការឆ្លងពីដំបូង។
ក្នុងការពិនិត្យឃើញលើកដំបូង លោកលី បានប្រើថ្នាំប្រឆាំងវីរុសPaxlovidដោយសារវ័យរបស់លោក។ពេលនេះលោកមិនបានបញ្ជាក់ថាប្រើឳសថអ្វីទេ តែថាលោកបានចាក់វ៉ាក់សាំងដូសជំរុញកាលពីខែវិច្ឆិកាឆ្នាំមុន និងបានអំពាវនាវអោយប្រជាជនសិង្ហបុរីបន្តចាក់វ៉ាសាំងដូសជំរុញដើម្បីបន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់៕

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ក្នុងកិច្ចប្រជុំមួយកាលពីឆ្នាំមុន