Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយករដ្ឋមន្ត្រីថៃមកទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជានឹងពង្រឹងបន្ថែម​ទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ

Views: 1

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោក​ សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មកកាន់​កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើក​កម្ពស់​កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរ ស្រប​តាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិង វិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង រួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាននិងអន្តរជាតិ។ នេះបើយោងតាម​សេចក្តី​ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិនៅថ្ងៃទ២៦ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីប្រកាសបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា លោក សេដ្ឋា វីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រថៃ នឹងអញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ 

ក្រសួងការបរទេសបានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណ​ក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីត​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។

ក្រសួងការបរទេសបានបន្តថា នាយករដ្ឋមន្ត្រីទាំងពីរនឹងមាន​ជំនួប​ទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែ​ស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈស្ដីពីបញ្ហាតំបន់ និង​អន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ​ទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ “មជ្ឈមណ្ឌលសំចត​និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្ស​និងក្រុមជនងាយរងគ្រោះដទៃទៀត” ដែលមានទីតាំងស្ថិតនៅ​ក្រុងប៉ោយប៉ែត ដែលជាគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក សេដ្ឋា ថាវីស៊ីន នឹងអញ្ជើញចូលជួបសម្ដែងការគួរសម​ដាច់​ដោយឡែកចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិ​ការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕ srn / N

Post navigation