Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អំពីសកម្មភាពការងារជាច្រើន ដែលមូលនិធិ The Nippon Foundation បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ការប្រយុទ្ធនឹងជំងឺហង់សិន, ការបោះពុម្ពសៀវភៅសិក្សាភាសា អង់គ្លេស សម្រាប់កុមារកម្ពុជា និងការបង្កើតសាលាផលិតអវៈយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ ឆ្នាំ ហើយមកទល់ពេលនេះ សាលានេះក្លាយជា សាលាដែលមានឈ្មោះល្បីល្បាញ ជាលក្ខណៈសាកល និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិក្ខាកាម មកសិក្សាអំពីការផលិតអវៈយវៈសិប្បនិម្មិត នៅកម្ពុជា។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំឭកអំពីតួនាទីដ៏មានសារៈ សំខាន់ របស់កងស្វ័យការពារជប៉ុន នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ក្រោមឆត្រ អង្គការសហប្រជាជាតិ នៅកម្ពុជា កាលពីដើមទសវត្សរ៍ ឆ្នាំ១៩៩០ ក៏ដូចជាអំពី កិច្ចសហប្រតិបត្តិការល្អ ក្នុងការបោសសម្អាតមីន នៅកម្ពុជា ក្នុងរយៈកាលកន្លងមក នេះ។

លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមចំណែក យ៉ាងសកម្មរបស់មូលនិធិ The Nippon Foundation ក្នុងការជួយដល់ ប្រជាជនកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ និងគម្រោងនានាជាច្រើន នៅក្នុងវិស័យអប់រំ និងសុខាភិបាល ដែលនេះគឺជាការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ រវាងប្រជាជន នៃប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជា នឹងចងចាំទុកនូវចំណង មិត្តភាព ដ៏ល្អ និងការជួយគ្នាទៅវិញទៅមកនេះ៕ V / N

Post navigation